មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការស្នើសុំរបស់សមាជិកសភា និងសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីសុំឲ្យរដ្ឋាភិបាលអាមេរិក កាត់បន្ថយជំនួយដល់កម្ពុជានោះ ថាជារឿងនយោបាយរបស់អ្នកនយោបាយអាមេរិក មួយចំនួនតូចប៉ុណ្ណោះ ដែលចង់បំបែកបំបាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី៧ កក្កដា ថា អង្គការសិទ្ធិមនុស្សអន្តរជាតិ សមាជិកសភា ព្រឹទ្ធិសភា អាមេរិក បានធ្វើដូច្នេះ ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិ បាលកម្ពុជា ពីព្រោះថា កម្ពុជាបានពង្រឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៣ មកតាមរយៈការបោះឆ្នោតតែបែបប្រជាធិបតេយ្យ។
លោក ផៃ ស៊ីផាន៖ «ដែលផ្ទុយពីភាពជាដៃគូនៃភាពទំនាក់ទំនងគ្នាទៅមកនៅអង្គការសហប្រជាតិក៏ដូចជាការពិសោធន៍កម្ពុជា និងសហរដ្ឋអាមេរិក ហើយចំណុចទី៣ ការបោះឆ្នោតនេះ ជាការប្រទាញប្រទង់រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក អាស្រ័យហេតុដូច្នេះ អ្នកយល់ដូច្នោះជាការប្រមាថនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សមាជិកសភា និងព្រឹទ្ធសភាអាមេរិកជាច្រើននាក់ កំពុងជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយប្រចាំឆ្នាំចំនួនជាង ៧០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តដឹកនាំប្រទេសជិត ៣០ឆ្នាំទៅមុខទៀត នៅក្នុងការបោះឆ្នោតនីតិកាលទី៥នេះ មិនមានយុត្តិធម៌ទេ។
ក្រោយការបោះឆ្នោតឆ្នាំ២០០៨ និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសចិន រដ្ឋាភិបាលកម្ពុជា មិនបានយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងការអំពាវនាវរបស់សហគមន៍អន្តរជាតិ ដែលធានាឲ្យមានការរៀបចំការបោះឆ្នោតជាតិប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ការថ្លែងស្នើសុំរបស់សភា ព្រឹទ្ធសភាសហរដ្ឋអាមរិក នៅពេលនេះ នៅស្របពេលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កំពុងនិរទេសនៅប្រទេសបារាំង បានប្រកាសថា លោកនឹងចូលមកកម្ពុជាវិញ នៅមុនថ្ងៃបោះឆ្នោតខាងមុខ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ផៃ ស៊ីផាន បានពន្យល់ថា ការលើកឡើងរបស់សមាជិកព្រឹទ្ធសភា និងសភាអាមេរិកនេះ ជាការប្រមាថមួយមកលើរដ្ឋាភិបាលកម្ពុជា។ លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលកម្ពុជា បានរក្សាទំនាក់ទំនងអព្យាក្រឹត្យរវាងចិន និងអាមេរិក៖ «អ្វីដែលសំខាន់ជាងគេ គឺតេជោសែន ជាសេចក្ដីត្រូវការនិងការពេញចិត្តរបស់ប្រជាពរដ្ឋខ្មែរ ដូច្នេះបរទេសត្រូវតែគោរព ដូច្នេះអ្វីដែលជាបទពិសោធន៍របស់កម្ពុជា រួចទៅហើយ ការមិនពេញចិត្តរបស់បរទេសទៅលើសម្ដេចព្រះបាទ នរោត្តម សីហនុ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់ ធ្វើឲ្យកម្ពុជា ខាតបង់»។
ប្រធានក្រុមបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានលើកឡើងថា សមាជិកព្រឹទ្ធសភា សភាសហរដ្ឋអាមេរិកធ្វើដូច្នេះ ដោយសារតែរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេស មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសហរដ្ឋអាមេរិក ជាហត្ថលេខី។
លោកបញ្ជាក់ថា បញ្ហាដូចគ្នានេះ សហរដ្ឋអាមេរិកក៏ធ្លាប់បានដាក់សម្ពាធទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ឬភូមា ដែរ ដែលរដ្ឋាភិបាលបានដឹកនាំប្រទេសបែបផ្ដាច់ការ មិនគោរពសិទ្ធិមនុស្សជាដើម៖ «សហរដ្ឋអាមេរិក បានបង្ហាញជំហរនៅពេលនេះ គឺចង់បញ្ជាក់ថា អ្វីដែលជាការតម្រូវតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រូវបានគោរព ហើយកម្ពុជាកំពុងងាកទៅកាន់របបផ្ដាច់ការ កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងផ្ដាច់ការ»។
លោក សុន ឆ័យ បានបង្ហាញរបាយការណ៍ថា គិតចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលបរទេសប្រមាណពី ៧ពាន់លាន ទៅ ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា ថវិកាជាតិដែលប្រមូលបានក្នុងឆ្នាំ២០១២ ជាង ៣ពាន់លានដុល្លារ ក្នុងនោះជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាថវិកាដែលរដ្ឋាភិបាលទទួលជំនួយ និងខ្ចីបុលពីបរទេស ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស។
លោក សុន ឆ័យ អះអាងថា កម្ពុជាបាត់បង់ថវិកាជាតិតាមរយៈការប្រព្រឹតអំពើពុករលួយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបញ្ហានេះធ្វើឲ្យកម្ពុជា អភិវឌ្ឍន៍ប្រទេសពឹងលើសុំជំនួយ និងខ្ចីបុលពីបរទេស។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទួលបន្ទុកទ្វីបអាស៊ី លោក ចន ស៊ីហ្វថន (John Sifton) នឹងផ្ដល់សក្ខីកម្មនៅក្នុងសវនាការសភាអាមេរិក ស្តីអំពី «វិបត្តិនយោបាយនិងសង្គមនៅកម្ពុជា»។ លោកសំដែងនូវជំនឿយ៉ាងមុតមាំថា សហរដ្ឋអាមេរិក នឹងកាត់ជំនួយខ្លះនៅក្រោយការបោះឆ្នោតខាងមុខ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ប្រការដែលប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី មិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតនាំឲ្យមានការសង្ស័យ និងចោទជាសំណួរថា តើការបោះឆ្នោតនេះ មានភាពត្រឹមត្រូវទៅតាមដំណើរការលទ្ធិប្រជាធិបតេយ្យដែរឬទេ?
សមាជិកសភានិងព្រឹទ្ធសភាអាមេរិក កំពុងធ្វើសេចក្ដីព្រាងស្តីពីការកាត់បន្ថយជំនួយដោយផ្ទាល់ដល់រដ្ឋាភិបាលកម្ពុជា ប្រសិនបើក្រសួងការបរទេសអាមេរិក ពុំបានតាមដានត្រួតពិនិត្យអំពីការប្រកួតប្រជែងដោយស្របច្បាប់ក្នុងការបោះឆ្នោតនៅកម្ពុជា នៅចុងខែកក្កដា នេះទេ។
សភាអាមេរិក ក៏បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ផងដែរ ឲ្យជំរុញស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី ជាដើម ដែលបានផ្ដល់ជំនួយដល់កម្ពុជា ជាច្រើនរយលានដុល្លារយកចិត្តទុកដាក់ និងតាមដានបញ្ហាដូចគ្នានេះបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
