មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រេសិត​អ.ស.ប

មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ថា ឆ្ងាយ​ហួស​ការ​ពិត ទាក់ទង​នឹង​ការ​បោះឆ្នោត​ខាង​មុខ។

0:00 / 0:00

ប្រតិកម្ម​របស់​លោក ខៀវ កាញារីទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល គឺ​ធ្វើ​ឡើង​តាម​សារ​អេឡិចត្រូនិក ឬ អ៊ីម៉ែល (Email) នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ដក​ស្រង់​របាយការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទាក់ទង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ខាង​មុខ។

របាយការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គឺ​លោក សុរិយា ស៊ូប៊ែឌី ដែល​ថា ការ​គ្រប់គ្រង​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា មាន​គុណវិបត្តិ​ ឬ​បញ្ហា និង​ចាំបាច់​ត្រូវ​កែ​ទម្រង់ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត និង​ក្នុង​ការ​បំពេញ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

របាយការណ៍​សិទ្ធិមនុស្ស​របស់​លោក សុរិយា ស៊ូប៊ែឌី ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២ បន្ត​ថា ប្រសិនបើ​ដំណើរ​ការ​បោះឆ្នោត​មិន​អាច​ជឿ​បាន ហើយ​មិន​អាច​​ផ្ដល់​ទំនុក​ចិត្ត​របស់​អ្នក​បោះឆ្នោត​បាន​ទេ​នោះ មូលដ្ឋាន​គ្រឹះ​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ស្ថាបត្យកម្ម​រដ្ឋធម្មនុញ្ញ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នឹង​រង្គោះរង្គើ ហើយ​ប្រទេស​អាច​នឹង​រត់​ទៅ​រក​ហានិភ័យ​នៃ​អំពើ​ឃោរឃៅ​វិញ។

លោក ខៀវ កាញារីទ្ធ ឆ្លើយ​តប​របាយ​ការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា មាន​ហេតុផល​ឆ្ងាយ​ហួស​ការ​ពិត​ទាក់ទង​នឹង​ការ​បោះឆ្នោត​ខាង​មុខ។

ដូច​គ្នា​នឹង​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺ​លោក សម រង្ស៊ី បាន​ចេញ​សារ​លិខិត​ជា​ភាសា​អង់គ្លេស​មួយ​ច្បាប់ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ដោយ​ដាក់​ចំណង​ជើង​ដែល​អាច​បកប្រែ​ក្រៅ​ផ្លូវ​ការ​ថា "គ្មាន​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ គឺ​គ្មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ ដែល​កើត​ដោយ​ការ​បោះឆ្នោត​មិន​ស្រប​ច្បាប់"

លោក សម រង្ស៊ី សរសេរ​បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​ថា គ.ជ.ប គឺ​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​ផ្ដាច់​ការ ដែល​កាន់​អំណាច​ប្រឆាំង​បទដ្ឋាន​អន្តរ​ជាតិ​រយៈ​ពេល ៣៤​ឆ្នាំ។

លិខិត​លោក សម រង្ស៊ី បន្ត​ថា វិធី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​បក្ស​ប្រជាជន​បាន​ប្រើប្រាស់ គឺ​រាប់​ទាំង​ការ​បន្លំ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​ធ្វើ​ឱ្យ​បក្ស​ប្រជាជន​ឈ្នះ​មុន​ពេល​ពេល​បោះ​ឆ្នោត ហើយ​ឈ្មោះ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​លុប ឬ​ធ្វើ​មិន​ឱ្យ​មាន​សុពល​ភាព។

លោក សម រង្ស៊ី លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ថា រឹត​តែ​យ៉ាប់​យឺន​ចំពោះ​អ្នក​នយោបាយ​ប្រឆាំង អ្នក​រិះគន់ ហើយ​អ្នក​តវ៉ា​ត្រូវ​ចាប់​ខ្លួន​ផ្ដន្ទាទោស​បញ្ជូន​ទៅ​ដាក់​គុក។

លោក សម រង្ស៊ី កំពុង​នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស ដោយសារ​តែ​តុលាការ​កាត់​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈ​ពេល ១២​ឆ្នាំ ពី​បទ​បរិហារកេរ្តិ៍ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដោយសារ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង។ ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក សម រង្ស៊ី ត្រូវ​បាន គ.ជ.ប លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត។

នៅ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី សរសេរ​ថា ក្នុង​នាម​លោក​ជា​មេ​បក្ស​ប្រឆាំង លោក​យល់​ឃើញ​ថា លោក​ជា​ជន​រងគ្រោះ​នៃ​ម៉ាស៊ីន​តុលាការ​របស់​បក្ស​ប្រជាជន។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ក្នុង​ពេល​ថ្មីៗ របស់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ៃឃើល ផូសនើរ (Michael Posner) ក៏​បាន​លើក​យក​បញ្ហា​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែរ។

លោក​ឧបការី ម៉ៃឃើល ផូសនើរ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​លើ​សំណើ​របស់​បក្ស​នយោបាយ និង​អង្គការ​នានា លើ​ការ​កែ​ទម្រង់​បោះឆ្នោត​នេះ៖ «រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ជំហាន​ជាក់​ស្ដែង​ក្នុង​ការ​ធានា​ឱ្យ​មាន​ភាព​ស្មើ​គ្នា ដើម្បី​ឱ្យ​គ្រប់​អ្នក​ចូលរួម​នយោបាយ​ទាំង​អស់ ដែល​តំណាង​ឱ្យ​ទស្សនៈ​នានា​ជា​ច្រើន អាច​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ដោយ​រួម​ទាំង​លោក សម រង្ស៊ី ផង​ដែរ។ ភាព​អាច​ឱ្យ​គេ​ទុក​ចិត្ត​បាន​នៃ​ការ​បោះឆ្នោត​ទាំង​នេះ អាស្រ័យ​លើ​ថា តើ​គណបក្ស​នយោបាយ​ប្រឆាំង ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​រួម​ពេញលេញ និង​ដោយ​យុត្តិធម៌​ដែរ​ឬ​ទេ?»

លោក​ឧបការី ម៉ៃឃើល ផូសនើរ សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ​ដោយ​សន្តិវិធី និង​ផុលផុស អំពី​បញ្ហា​នានា តាម​ទូរទស្សន៍ វិទ្យុ និង​អ៊ីនធឺណិត ជា​ពិសេស​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ការ​ការ​បោះឆ្នោត​សភា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ លោក​បន្ត​ថា ការ​បោះឆ្នោត​ខាង​មុខ​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​សាកល្បង​មួយ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។