ប្រទេសជិតខាងដែលជាប្រទេសមហាមិត្តរបស់កម្ពុជា កំពុងមានជម្លោះ គឺ ចិន និងវៀតណាម។ រីឯប៉ែកខាងលិចវិញ ប្រទេសថៃ កំពុងតែមានបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរដែរ។ អ្នកវិភាគនយោបាយបានលើកឡើងថា នេះជាឱកាសរបស់កម្ពុជា ត្រូវពន្លឿនការផ្សះផ្សាជាតិ ដើម្បីទាញយកផលចំណេញពីប្រទេសជិតខាងទាំងនេះ ដែលកំពុងតែមានបញ្ហាធ្ងន់ធ្ងរនោះ។
តើកម្ពុជា នឹងអាចចំណេញអ្វីខ្លះពីប្រទេសជិតខាងដែលមានជម្លោះនេះ?
ប្រទេសកម្ពុជា ជាប្រទេសដែលមានសក្ដានុពលជាងគេក្នុងការទាញយកផលចំណេញពីប្រទេសជិតខាងរបស់ខ្លួន នៅខណៈដែលប្រទេសទាំងនោះកំពុងជាប់ដៃក្នុងការដោះស្រាយបញ្ហារៀងៗខ្លួន។
អ្នកវិភាគនយោបាយលើកឡើងថា ពេលនេះជាឱកាសសមស្របមួយដែលអ្នកនយោបាយខ្មែរត្រូវតែរកភាពចុះសម្រុងគ្នា ដើម្បីឈានទៅដល់ឯកភាពជាតិតែមួយ និងរៀបចំយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេស នៅគ្រាដែលប្រទេសជិតខាងស្ថិតក្នុងភាពវឹកវរផ្នែកនយោបាយនេះ។ ម្យ៉ាងទៀត កម្ពុជាមិនត្រូវអូសបន្លាយពេលជម្លោះនយោបាយក្រោយបោះឆ្នោតដ៏រ៉ាំរ៉ៃនេះទេ បើពុំនោះទេ កម្ពុជាពិបាកនឹងស្តារវិស័យសេដ្ឋកិច្ចណាស់។
ការលើកឡើងរបស់អ្នកវិភាគនយោបាយនេះ នៅខណៈដែលគណបក្សនយោបាយទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានបញ្ជូនតំណាងរបស់ខ្លួនម្ខាងម្នាក់ឲ្យជួបគ្នាកាលពីសប្ដាហ៍មុន ដើម្បីកំណត់របៀបវារៈសម្រាប់ចរចាផ្នែកបច្ចេកទេសបន្តទៀត។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា អ្នកនយោបាយកម្ពុជា ល្មមដល់ពេលអត់ឱនឲ្យគ្នាខ្លះ និងឱនក្បាលរកគ្នា ដើម្បីឈានទៅរកការឯកភាពជាតិតែមួយ និងប្រកាន់ជំហរឲ្យបានច្បាស់លាស់ក្នុងការកសាងមាគ៌ាកម្ពុជា ឆ្ពោះទៅរកភាពជឿនលឿនដូចប្រទេសដទៃទៀតក្នុងតំបន់។
«សំឡេង»
លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ពីអតីតកាលដែលកម្ពុជា បែកបាក់គ្នា ប្រកាន់ជំហរមិនអព្យាក្រឹត្យ និងមិនរឹងមាំនោះ ទីបំផុតធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខលំបាកដោយសារតែរដ្ឋាភិបាលកម្ពុជា មិនមានជំហរច្បាស់លាស់ដូចជានៅសម័យសង្គ្រាមវៀតណាម ជាដើម។
«សំឡេង»
ការចរចាបញ្ចប់ជម្លោះនយោបាយនៅក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ នេះ តំណាងគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថា មិនមានឆន្ទៈក្នុងការចរចាពិតប្រាកដ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃទី២២ ឧសភា ថា បើសិនជាគណបក្សសង្គ្រោះជាតិ មានឆន្ទៈក្នុងការចរចានោះ គឺការចរចានៅពេលខាងមុខ អាចឈានដល់ជំនួបថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ ហើយនឹងអាចបញ្ចប់ជម្លោះនយោបាយបានឆាប់ក៏ថាបាន។
«សំឡេង»
ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគនយោបាយលើកឡើងថា នេះជាពេលវេលាមួយល្មមដល់អ្នកនយោបាយបញ្ឈប់ការលាបពណ៌ដាក់គ្នា ហើយត្រូវតម្កល់បញ្ហាជាតិជាធំ ដូចអ្វីដែលគណបក្សជាប់ឆ្នោតទាំងពីរបានសន្យានៅមុនពេលបោះឆ្នោត ហើយអះអាងថា យកបញ្ហាជាតិជាធំ និងគិតគូរពីផលប្រយោជន៍រាស្ត្រក្រោយពេលជាប់ឆ្នោតនោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានទទូចឲ្យគណបក្សទាំងពីរបន្ទន់ឥរិយាបថរៀងៗខ្លួនក្នុងការចរចា បើពុំនោះទេ ទោះបីជាគណបក្សទាំងពីរធ្វើការចរចាយ៉ាងណា ក៏នឹងមិនងាយត្រូវរ៉ូវគ្នាដែរ ហើយនៅពេលនោះ ឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សនយោបាយទាំងពីរគិតពីរឿងអំណាចរបស់ខ្លួនធំជាងបញ្ហាជាតិ។
«សំឡេង»
ម្យ៉ាងវិញទៀត អ្នកវិភាគពន្យល់ថា ជម្លោះនយោបាយ ចិន និង វៀតណាម ដែលជាប្រទេសមហាមិត្តរបស់កម្ពុជា មានជម្លោះនឹងគ្នា។ ស្របគ្នានេះស្រាប់តែប្រទេសថៃ បានធ្វើរដ្ឋប្រហារយោធាទម្លាក់នាយករដ្ឋមន្ត្រីថែមទៀត វាមិនមែនជារឿងចៃដន្យនោះឡើយ។ ជម្លោះប្រទេសជិតខាងរបស់កម្ពុជា ទាំងនេះ នឹងធ្វើឲ្យជះឥទ្ធិពលដល់កម្ពុជា ពិសេសវិស័យសេដ្ឋកិច្ច ដូចជាពលករខ្មែររាប់សែននាក់កំពុងធ្វើការនៅប្រទេសថៃ អ្នកវិនិយោគវិស័យធនាគារជាដើម។ តែទោះបីជាយ៉ាងនេះក្ដី ប្រសិនបើអ្នកនយោបាយខ្មែរមានការបង្រួបបង្រួមជាតិ និងធ្វើកំណែទម្រង់ការដឹកនាំប្រទេសពិតប្រាកដនោះ កម្ពុជានឹងទាញយកផលចំណេញជាច្រើនពីជម្លោះនយោបាយនៃប្រទេសជិតខាងនេះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ប្រសិនបើកម្ពុជា កែទម្រង់របៀបដឹកនាំបានតាមរយៈការបង្រួមជាតិ អ្នកវិនិយោគទុនប្រទេសជិតខាង មានវៀតណាម និង ថៃនោះ នឹងងាកមកកម្ពុជា ព្រោះកម្ពុជា ជាទីតាំងមួយដ៏សំខាន់ដែលអ្នកវិនិយោគកំពុងសម្លឹងមើលនៅក្នុងកាលៈទេសៈនេះ បើសិនជាកម្ពុជា បំបាត់នូវការិយាធិបតេយ្យ។
«សំឡេង»
លើសពីនេះទៀត បញ្ហាជម្លោះនយោបាយនៅកម្ពុជា អ្នកវិភាគសំអាងថា ប្រសិនជាអ្នកនយោបាយមានឆន្ទៈបញ្ចប់ជម្លោះមែននោះ រដ្ឋាភិបាលជប៉ុន បានត្រៀមខ្លួនក្នុងការជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ពីព្រោះថា ដើមចមបង្កើតឲ្យមានជម្លោះនយោបាយក្រោយការបោះឆ្នោត ដោយសារតែ គ.ជ.ប មិនឯករាជ្យ។
ទន្ទឹមនឹងនេះ បើសិនជាគណបក្សនយោបាយមិនបញ្ចប់ជម្លោះនយោបាយទេ គណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរដ្ឋាភិបាលឯកបក្សនោះ រដ្ឋាភិបាលមិនត្រឹមត្រូវតែបាត់បង់ឱកាស និងសក្ដានុពលទាញយកអ្នកវិនិយោគពីប្រទេសជិតខាងប៉ុណ្ណោះទេ ដៃគូអភិវឌ្ឍន៍ក៏នឹងមិនផ្ដល់ជំនួយដល់កម្ពុជាដែរ នៅខណៈស្ថានភាពនយោបាយជាប់គាំងនេះ។
អ្នកវិភាគសង្កត់ធ្ងន់ថា បញ្ហាសំខាន់ដែលគណបក្សទាំងពីរត្រូវយកចិត្តទុកដាក់នៅក្នុងការចរចានោះ គឺទី១ ការកែទម្រង់ គ.ជ.ប ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងពិតប្រាកដមួយ នៅខណៈដែលប្រទេសជប៉ុន បានចូលខ្លួនមកសន្យាថា នឹងជួយធ្វើកំណែទម្រង់នោះ។ ទី២ គណបក្សទាំងពីរត្រូវធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាប្រព័ន្ធមួយដែលប្រជាពលរដ្ឋមានជំនឿទុកចិត្តបាន និងទី២ គណបក្សទាំងពីរ ត្រូវធ្វើកំណែទម្រង់ស្ថាប័នសភាជាស្ថាប័នឯករាជ្យ មិននៅក្រោមគណបក្សនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
