ទាក់ទងនឹងការបញ្ចៀសភាពតានតឹងរវាងយោធានៅតាមព្រំដែនទៀតសោត គឺមេបញ្ជាការយោធាខ្មែរ-ថៃ នៅតំបន់ជួរមុខជាច្រើនកន្លែង បានជួបប្រជុំគ្នាដើម្បីរក្សាលំនឹងស្ថានភាពយោធារវាងភាគីទាំងពីរ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ របស់កម្ពុជា ដែលប្រចាំការពារព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ និងមេបញ្ជាការកងពលតូចលេខ៦ នៃកម្លាំងស៊ូរ៉ាក់ណារី របស់ថៃ បានជួបប្រជុំគ្នានៅតំបន់ព្រំដែនជួរមុខនៃប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា។
ការជួបប្រជុំនេះ ក្នុងគោលបំណងរក្សាស្ថិរភាព និងស្ថានការន៍យោធានៅតាមបន្ទាត់ព្រំដែនឱ្យកាន់តែល្អជាងមុន ក្រោយពីមួយថ្ងៃ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានសម្រេចជាឯកច្ឆន្ទថា កម្ពុជាមានអធិបតេយ្យភាពពេញលេញលើដីតំបន់ជុំវិញប្រាសាទព្រះវិហារទាំងមូល។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ របស់កម្ពុជា គឺលោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោកបានមានប្រសាសន៍នៅក្នុងជំនួបជាមួយមេបញ្ជាការយោធាថៃនោះថា ថ្ងៃនេះ មេបញ្ជាការយោធា នៅតាមព្រំដែនខ្មែរ-ថៃ ជុំវិញប្រាសាទព្រះវិហារជាច្រើនកន្លែង ចាប់ពីច្រកជាំតែ ច្រកតាថាវ វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ ចាក់ច្រែង និងតាសឹម ជាដើម បានជួបប្រជុំគ្នាដើម្បីធានាឱ្យបាននូវការមិនប្រឈមមុខដាក់គ្នាដោយអាវុធ។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានឱ្យកងទ័ពនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ ទាំងអស់ គឺត្រូវរក្សាលំនឹងផ្នែកយោធា ស្ថានការណ៍ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ឯរឿងតុលាការអន្តរជាតិ ទុកឱ្យរដ្ឋាភិបាលទាំងពីរពិភាក្សាគ្នាតទៅទៀត។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក៖ «សម្ដេចតេជោ ហ៊ុន សែន លោកបានចេញបញ្ជាមកយូរហើយ ហើយម្សិលមិញលោកបានថ្លែងការណ៍ អ៊ីចឹងយើងបានយកបទបញ្ជានេះផ្សព្វផ្សាយដល់នាយពលទាហានទាំងអស់ជ្រួតជ្រាប អំពីបញ្ហាខិតខំអត់ធ្មត់ឱ្យដល់កម្រិត បញ្ចៀសការផ្ទុះអាវុធនៅតាមព្រំដែនឱ្យបាន ហើយសហការជាមួយកងទ័ពថៃ ឱ្យបានល្អជាងមុនទៅទៀត។ មួយទៀត យើងបានឯកភាព គឺឱ្យក្រុមនិងក្រុមទល់មុខគ្នាហ្នឹង ជួបគ្នារាល់ថ្ងៃ។ អានោះហើយជារឿងល្អ»។
ចំណែកភាគីថៃវិញ បានសន្យាថា នឹងខិតខំសហការផ្នែកយោធាជាមួយកម្ពុជា ដើម្បីបញ្ចៀសចេញពីការប្រឈមមុខដាក់គ្នានៅតាមព្រំដែននោះដែរ។
មេបញ្ជាការកងពលលេខ៦ ស៊ូរ៉ាក់ណារី របស់ថៃ លោកឧត្ដមសេនីយ៍ត្រី ថៈរ៉ាកន ថាំម៉ាកវិនថូន (ThakRakorn thammakvinthon) បានមានប្រសាសន៍ថា ប្រទេសថៃ បានទទួលយកការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលសម្រេចជាឯកច្ឆន្ទថា កម្ពុជាមានអធិបតេយ្យភាពពេញលេញលើតំបន់ជុំវិញប្រាសាទព្រះវិហារទាំងមូលនោះហើយ។ កងទ័ពថៃ ត្រូវការពេលវេលាមួយចំនួនដើម្បីដកចេញពីតំបន់ជម្លោះព្រំដែនទៅតាមយន្តការរបស់តុលាការ។
លោកឧត្ដមសេនីយ៍ត្រី ថៈរ៉ាកន ថាំម៉ាកវិនថូន៖ «ប្រទេសទាំងពីរនឹងមានគណៈកម្មការក្នុងការអនុវត្តទៅតាម យន្តការរបស់តុលាការអន្តរជាតិ ហើយនៅពេលណាមួយកងទ័ពថៃ នឹងដកចេញពីតំបន់ជម្លោះព្រំដែន ដើម្បីឱ្យតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់និងសន្តិភាព»។
ការថ្លែងរបស់មេបញ្ជាការយោធាថៃនេះ គឺដូចគ្នាទៅនឹងទាហានថៃ មួយចំនួនដែលមិនចង់មានការប្រយុទ្ធគ្នានៅតាមព្រំដែនទៀតទេ។
ទាហានថៃ ឈុតខ្មៅម្នាក់ ក្នុងចំណោម ៥នាក់ ដែលកំពុងប្រចាំការនៅតំបន់ព្រំដែន ៥ បូក ៥ ជាមួយកម្ពុជា បានបញ្ជាក់ថា រូបគាត់ចង់ឃើញសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ គាត់មានការសប្បាយចិត្តចំពោះតុលាការយុត្តិធម៌អន្តរជាតិដែលបានសម្រេចក្តីរឿងជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារនោះ។
មានបណ្ដាញព័ត៌មានមួយចំនួននៅក្នុងប្រទេសថៃ បានផ្សព្វផ្សាយកាលពីពេលថ្មីៗថា កម្ពុជាបានបញ្ជូនកងទ័ពបន្ថែមទៅជិតព្រំដែននៃប្រាសាទព្រះវិហារ ក៏ប៉ុន្តែមេបញ្ជាការយោធាខ្មែរបានបដិសេធថា កម្ពុជាពុំបានបញ្ជូនកងទ័ពទេ ហើយការផ្សព្វផ្សាយព័ត៌មានបែបនោះគឺជារឿងភ័ន្តច្រឡំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
