មន្ត្រីរដ្ឋាភិបាលទាំងពីរសន្យានឹងគោរពសាលដីកាតុលាការ ហើយសង្ឃឹមថា សាលដីកានេះនឹងជំរុញឲ្យមានសន្តិភាព និងកិច្ចសហការរវាងប្រទេសទាំងពីរទៅថ្ងៃអនាគត។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេស មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា សង្ឃឹមថាតុលាការនឹងផ្ដល់យុត្តិធម៌ដល់កម្ពុជា ហើយរដ្ឋាភិបាលក៏ត្រៀមនឹងចរចានឹងរដ្ឋាភិបាលថៃ ដើម្បីអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លោកបន្តថា ចំណុចសំខាន់ក្រោយការប្រកាសសាលដីកាតុលាការ គឺការសហការដោយមិត្តភាព៖ «សេចក្ដីសម្រេចរបស់តុលាការទីក្រុងឡាអេ ជាសេចក្ដីសម្រេចចុងក្រោយ។ ដូច្នេះទាំងអស់គ្នានឹងត្រៀមអនុវត្ត។ កម្ពុជានឹងត្រៀមចរចានឹងភាគីថៃ ដើម្បីសាលដីកាក្នុងស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ»។
តុលាការយុត្តិធម៌អន្តរជាតិ បានបើកសវនាការស្ដាប់ការបកស្រាយដោយផ្ទាល់មាត់ពីភាគីកម្ពុជានិងថៃ កាលពីខែមេសា ឆ្នាំ២០១៣ ក្រោយពេលកម្ពុជា បានប្ដឹងតុលាការឲ្យបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ។ កងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធបណ្ដាលឲ្យកងទ័ពរៀងខ្លួនស្លាប់ និងរងរបួសក្រោយពេលទាហានថៃ បានចូលឈ្លានពានដីក្បែរតំបន់ប្រាសាទព្រះវិហារ។
ចំណែកមន្ត្រីការទូតជាន់ខ្ពស់ថៃ ក៏បានបង្ហើបជាមុនថា ភាគីថៃនឹងស្នើភាគីកម្ពុជា ឲ្យបង្កើតយន្តការពិសេសមួយដើម្បីដោះស្រាយបញ្ហា ក្រោយពេលតុលាការប្រកាសសាលដីកា។ ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសហុល្លង់ លោក វីរៈឆាយ ផ្លាសៃ (Veerachai Plasai) ត្រូវបានកាសែតថៃ ឌឹ ណេហ្សិន (The Nation) ដកស្រង់សម្ដីថា ភាគីកម្ពុជានិងថៃ បានឯកភាពគ្នាថា ទោះបីសាលដីកាតុលាការចេញមកបែបណាក៏ដោយ ក៏ភាគីទាំងពីរនឹងបន្តសហការគ្នា។ លោកបន្តថា សាលក្រមតុលាការអាចកាត់ឲ្យភាគីថៃ ឬកម្ពុជា ឈ្នះ ឬបដិសេធមិនឲ្យមានភាគីណាឈ្នះ ឬក៏តុលាការសម្រេចថា តុលាការនេះគ្មានយុត្តាធិការលើបណ្ដឹងកម្ពុជា។
អ្នកវិភាគឯករាជ្យបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា តុលាការអាចនឹងកាត់ឲ្យកម្ពុជា មានប្រៀបជាងភាគីថៃ។ លោកបន្តថា សាលដីកានឹងអាចបញ្ចប់ជម្លោះព្រំដែនកម្ពុជានិងថៃ ហើយប្រទេសទាំងពីរអាចងាកមករកកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមតំបន់ព្រំដែន។
ជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារ កើតឡើងកាលពីខែកក្កដា ឆ្នាំ២០០៨ ក្រោយពេលទាហានថៃ ចំនួន ៥០នាក់ បានចូលឈ្លានពានទឹកដីខ្មែរក្នុងវត្តកែវសិក្ខាគិរីស្វារៈ ដែលមានទីតាំងនៅក្បែរប្រាសាទព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
