កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា បើកវគ្គហ្វឹកហ្វឺនលំហាត់សមយុទ្ធយោធារួមគ្នា ស្តីអំពីការត្រៀមខ្លួនជាស្រេចលើផ្ទៃសមុទ្រ និងការបណ្តុះបណ្តាលមានឈ្មោះថា ការ៉ាត់ (Carat) ប្រចាំឆ្នាំ២០១៤ នាខេត្តព្រះសីហនុ។
មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជា ចាត់ទុកសមយុទ្ធនេះ ថាជាការពង្រីកកិច្ចសហប្រតិបត្តិការជាសកល និងទ្វេភាគីប្រកបដោយនិរន្តភាព រវាងកងទ័ពជើងទឹកកម្ពុជា និងសហរដ្ឋអាមេរិក។
មេបញ្ជាការកងនាវាទី៧ សហរដ្ឋអាមេរិក លោក រ៉ូបឺត ថូម៉ាស (Robert L.Thomas) មានប្រសាសន៍ នៅក្នុងពិធីបើកវគ្គលំហាត់ហ្វឹកហ្វឺនការ៉ាត នាទីបញ្ជាការមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែតុលា ថា សមយុទ្ធយោធាប្រចាំឆ្នាំ២០១៤ មានឈ្មោះ ការ៉ាត់ រវាងកងទ័ពជើងទឹកទាំងពីរប្រទេស គឺមានទាំងការអនុវត្តការបើកបរនាវា ការមុជទឹក អនុវត្តការបង្ក្រាបបទល្មើសលើផ្ទៃទឹក និងការរុករកជួយសង្គ្រោះផ្សេងៗ នៅលើលំហសមុទ្រជាដើម។
លោក រ៉ូបឺត មានជំនឿថា តាមរយៈការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិកពេលនេះ នឹងនាំឲ្យកងទ័ពកម្ពុជា មានបទពិសោធន៍កាន់តែរឹងមាំក្នុងសកម្មភាពល្បាតតាមដែនសមុទ្រកម្ពុជា នៅថ្ងៃអនាគត ជាពិសេស សមយុទ្ធនេះក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងភេវរកម្មនៅលើសកលលោក។
ទាក់ទិនបញ្ហានេះ លោកនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រនៃប្រទេសកម្ពុជា បានឲ្យដឹងថា លំហាត់សមយុទ្ធការ៉ាត ប្រចាំឆ្នាំ២០១៤ នេះ ខាងភាគីកម្ពុជា ចូលរួម មានសមាសភាពមកពីកងទ័ពជើងទឹក កម្លាំងកងរាជអាវុធហត្ថ និងកងទ័ពអាកាសជាដើមសរុបមានចំនួនប្រមាណ ៦០០នាក់។
លោកបន្តថា លំហាត់សមយុទ្ធនេះ បានផ្តោតទៅលើច្រើនវិញ្ញាសា មានដូចជា ការហ្វឹកហ្វឺនបើកបរនាវាប្រដេញ ការស្វែងយល់ពីការអនុវត្តច្បាប់សមុទ្រ និងការឆែកឆេរនៅលើនាវានៅលើលំហសមុទ្រជាដើម។
លោក ទៀ វិញ ចាត់ទុកវគ្គសមយុទ្ធរវាងកងទ័ពជើងទឹកអាមេរិក និងកម្លាំងចម្រុះកម្ពុជា ពេលនេះ ថាជាការបង្ហាញពីកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ ជាពិសេសនឹងអាចជួយបង្កើននូវប្រសិទ្ធភាព ឬជំនាញដល់កងទ័ពជើងទឹកកម្ពុជា និងកម្លាំងចម្រុះពាក់ព័ន្ធដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ឬការអនុវត្តច្បាប់នៅលើផ្ទៃសមុទ្រកាន់តែប្រសើរនៅថ្ងៃអនាគត៖ «យើងត្រូវធ្វើជាមួយសហរដ្ឋអាមេរិក ដែលជាផែនការការពារនៅលើដែនសមុទ្រ នៅលើលំហសមុទ្រ ឬដែនសមុទ្រ និងជាការការពារភេរវកម្មគ្រប់ទាំងអស់នៅលើដែនសមុទ្រ»។
សម្រាប់លោកស្រី ចូលី ជុង (Julie Chung) ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺននោះ បានឲ្យដឹងតាមរយៈអ្នកបកប្រែភាសាដោយចាត់ទុកសមយុទ្ធនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស្និទ្ធស្នាល។
លោកស្រីបន្តថា ក្រៅអំពីការធ្វើសមយុទ្ធលើផ្ទៃសមុទ្រនេះ កងទ័ពជើងទឹកអាមេរិកក៏នឹងចុះជួយផ្នែកសុខភាពដល់កុមារ និងបញ្ហាផ្សេងៗនៅតាមសហគមន៍មួយចំនួនថែមទៀត៖ «ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមបើកជាផ្លូវការនូវលំហាត់សមយុទ្ធយោធាការ៉ាត់ ហើយនេះគឺជាការបង្ហាញទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ប៉ុន្តែក្រៅអំពីលំហាត់ការ៉ាត់ ហ្នឹង គឺយើងមានកម្មវិធីជាច្រើនទៀតទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងកម្មវិធីសហប្រតិបត្តិការលើអាហារូបត្ថម្ភលើកុមារ និងបញ្ហាផ្សេងៗទៀត ដើម្បីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា»។
លំហាត់សមយុទ្ធយោធារវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ស្តីអំពីការត្រៀមខ្លួនជាស្រេចលើផ្ទៃសមុទ្រ និងការបណ្តុះបណ្តាល ឬមានឈ្មោះថា ការ៉ាត់ បានចាប់ផ្តើមកាលពីឆ្នាំ២០១០។ លោកនាយឧត្ដមនាវី ទៀ វិញ បញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការរយៈពេល ៥ឆ្នាំកន្លងមកនេះ កងទ័ពប្រទេសទាំង២ បានធ្វើលំហាត់សមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបានចំនួន ៣លើករួចមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។