“កម្ពុជា-​វៀតណាម​នឹង​បន្ត​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ចប់​ក្នុង​ពេល​ខាង​មុខ"

ដោយ រដ្ឋា វិសាល
2015.12.26
ហ៊ុន សែន ង្វៀង តាន់យុង ព្រំដែន ៨៥៥ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

ប្រមុខ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា លោក ហ៊ុន សែន និង​ប្រមុខ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) ជំរុញ​ឲ្យ​បន្ត​បោះ​បង្គោល​ព្រំដែន​គោក​​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ពេល​ខាង​មុខ ដើម្បី​បន្ត​បោះ​បង្គោល​ព្រំដែន​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ទៀត។

ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ​ប្រវែង ៤៥០​ម៉ែត្រ ចន្លោះ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី រហូត​ទៅ​ទល់​នឹង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ឡេថាញ់ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ។

នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង ថ្លែង​បញ្ជាក់​ថា ជា​លើក​ទី​បី​ហើយ​ដែល​លោក​បាន​ចូលរួម​សម្ពោធ​បង្គោល​ព្រំដែន​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា។ ប្រការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ម៉ឺងម៉ាត់ ការ​ប្ដេជ្ញា​ចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​អនុវត្ត​កិច្ចសន្យា ក៏​ដួច​កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​ស្ដីពី​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ។

លើស​ពី​នេះ​ទៀត លោក​សំណូមពរ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចូល​រួម​ជាមួយ​សម​ភាគី​វៀតណាម ដាក់​ចេញ​ជា​អនុសាសន៍​ថ្មី​បន្ថែម​ទៀត​ដើម្បី​ណែនាំ​គណៈកម្មការ​ខណ្ឌសីមា​បោះ​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ ហើយ​បន្ត​គ្រប់គ្រង​សភាពការណ៍​ទូទៅ​តាម​បណ្ដោយ​ព្រំដែន​ដើម្បី​កសាង​ខ្សែ​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត៖ «យើង​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវ​ខិតខំ​បំពេញ​ដើម្បី​បញ្ចប់​ភារកិច្ច​ដ៏​មាន​សារសំខាន់​នេះ។ សូម​ឲ្យ​ដំណើរការ​ខណ្ឌសីមា​បោះ​បង្គោល​ព្រំដែន​នៅ​ពេល​នេះ​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»

ព្រំដែន​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០​គីឡូម៉ែត្រ។ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨៣​ភាគរយ ពោល​គឺ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន ៣១១​បង្គោល ដោយ​ឡែក​ព្រំដែន​ទឹក​មាន​ប្រវែង​ជាង ២.៥០០​គីឡូម៉ែត្រ មិន​ទាន់​វាស់វែង​​នៅ​ឡើយ។

ទាក់ទិន​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ដែរ លោក ហ៊ុន សែន ថ្លែង​ជា​សារ​តប​វិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​កសាង​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​ត្រឹមត្រូវ​ច្បាស់លាស់​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​ទទួល​ស្គាល់​ជា​អន្តរជាតិ​ស្ដីពី​ការ​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​មិន​កែប្រែ​ដែល​អាណានិគម​និយម​បារាំង បន្សល់​ទុក។ លោក​នាយករដ្ឋមន្ត្រី​ផ្ដាំ​ផ្ញើ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ដែល​ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ផ្ដល់​កិច្ច​សហការ​គ្នា​ល្អ ចូល​រួម​ការពារ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការងារ​ខ្សែបន្ទាត់ និង​បោះ​បង្គោល​ព្រំដែន។ ដោយ​ឡែក​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​សូម​ចូល​រួម​ថែរក្សា​បង្គោល​ព្រំដែន​ឲ្យ​បាន​គង់វង្ស ​ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​បាន​កំណត់​ត្រឹមត្រូវ​ឲ្យ​ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍។

លោក ហ៊ុន សែន៖ «គឺ​ជា​ប្រការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ឈរ​លើ​មូលដ្ឋាន​សមិទ្ធផល​សម្រេច​បាន​មក​នេះ កំណត់​ឲ្យ​បាន​ច្បាស់ និង​ប្រកប​ដោយ​ភាព​ប្រាកដ​និយម​នូវ​ទិសដៅ​សហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ដើម្បី​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ពុះពារ​រាល់​ឧបសគ្គ និង​ការ​លំបាក​តូច​ធំ ហើយ​ចាប់​​យក​ឱកាស​ដែល​កើត​មាន​ចំពោះ​មុខ​មក​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព»

យ៉ាងណា​ក៏ដោយ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កណ្ដាល លោក ​សុន ឆ័យ កត់សំគាល់​ថា រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​ចប់​រួចរាល់​នៅ​ឆ្នាំ​២០១២ ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ភាគី​វៀតណាម អូស​បន្លាយ​បញ្ហា​ព្រំដែន​បន្ត​ទៀត​ជា​ពិសេស​ចំណុច​ប្រទាញប្រទង់​នៅ​តំបន់​ដាក់ដាំ ដាក់ហ៊ូត ខេត្ត​មណ្ឌលគិរី ជាប់​នឹង​ខេត្ត​ដាក់ឡាក់ ទំហំ​ជាង ៥០​គីឡូម៉ែត្រ។

លោក​គ្មាន​ជំនឿ​ទេ​ថា​ បញ្ហា​បោះ​បង្គោល​ព្រំដែន​នឹង​អាច​បញ្ចប់​បាន​ប្រសិន​គ្មាន​ជំនួយ​បច្ចេកទេស​ពី​អន្តរជាតិ​នោះ​ទេ៖ «ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​ថា ចាំបាច់​ត្រូវ​មាន​ការ​រៀបចំ​ជំនាញ​បោះ​បង្គោល​ឲ្យ​មាន​តម្លាភាព មិន​អាច​បង្ខំ​បាន​​ទេ។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​តាមដាន​ចូលរួម​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ជឿ​ថា អាច​ទៅ​បោះ​ទាន់​ឆាប់​​បាន​ទេ»

​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៣១ រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៣៩ ​ឋិត​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា មិន​ទាន់​ឯកភាព​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ឡើយ។ កន្លង​ទៅ​នេះ ភាគី​វៀតណាម បាន​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​ជីក​ស្រះ​ចំនួន ៨​នៅ​តំបន់​ហាមឃាត់​នេះ ហើយ​រហូត​ពេល​នេះ ភាគី​វៀតណាម មិន​ទាន់​បាន​លុប​ស្រះ​តាម​កិច្ច​ព្រមព្រៀង​លុប​ស្រះ​ដែល​ភាគី​វៀតណាម បាន​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។