កម្ពុជា សម្រេចចិត្តទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា ហើយ។ នេះជាការបញ្ជាក់ជាថ្មីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបជាមួយឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៧ ខែសីហា នាទីស្ដីការក្រសួងការបរទេសកម្ពុជា។
ក្នុងជំនួបទ្វេភាគីរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា ជាមួយឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ស្កុត ម៉ាកសែល (Scot Marciel) បានពិភាក្សាលើកិច្ចការបរទេសមួយចំនួន ក្នុងនោះក៏បានផ្ដោតសំខាន់លើបញ្ហាកម្ពុជា គ្រោងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី នៅពេលខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូរិទ្ធិ បានបញ្ជាក់ជំហររបស់កម្ពុជា ថា កម្ពុជា នឹងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ពិតមែន តែទទួលយកតាមគោលការណ៍មនុស្សធម៌ប៉ុណ្ណោះ។ លោក អ៊ុច បូរិទ្ធិ មានប្រសាសន៍បន្តថា កម្ពុជា និងអូស្ត្រាលី បានជជែកគ្នាពីយន្តការផ្សេងៗមុននឹងទទួលយកជនភៀសខ្លួនពីអូស្ត្រាលី ប៉ុន្តែពេលវេលា និងទីកន្លែងទទួលជនភៀសខ្លួន ដែលភៀសខ្លួនពីប្រទេសកំណើតរបស់ខ្លួនទៅអូស្ត្រាលី ហើយអូស្ត្រាលី គ្រោងបញ្ជូនបន្តមកកម្ពុជា នោះ មិនទាន់ត្រូវបានមន្ត្រីកម្ពុជា ប្រាប់ឲ្យដឹងទេ។
លោក អ៊ុច បូរិទ្ធិ ពន្យល់ថា កម្ពុជា និងអូស្ត្រាលី នៅពិភាក្សាលម្អិតជាមុនសិន៖ «គាត់ថាសម្រេចហើយនៅ? គ្រាន់ថាឥឡូវនេះយើងសម្រេចក្នុងដំណាក់កាលចរចា មុននឹងឯកភាពគ្នាយើងនឹងផ្លាស់ប្ដូរនូវសំណូមពរចុះឡើងមុននឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ហើយខ្ញុំបញ្ជាក់ថា អ្វីដែលកម្ពុជា បានសម្រេចគឺលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ ហើយសម្រេចលើកិច្ចព្រមព្រៀងស្ម័គ្រចិត្តប៉ុណ្ណោះ»។
ចំណែកមន្ត្រីការទូតអាមេរិក លោក ស្កុត ម៉ាកសែល វិញ មិននិយាយជាមួយអ្នកកាសែតឡើយ។
លោក អ៊ុច បូរិទ្ធិ លើកឡើងថា ភាគីអាមេរិក គ្រាន់តែសួរប៉ុណ្ណោះ ហើយមិនបញ្ចេញទស្សនៈបែបណាជុំវិញបញ្ហានេះទេ។
ក្រៅពីជជែកពីរឿងបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកកម្ពុជា ភាគីអាមេរិក ក៏ស្នើឲ្យកម្ពុជា ឯកភាពតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែររី (John Kerry) ក្នុងកិច្ចប្រជុំមន្ត្រីការបរទេសអាស៊ាន នៅប្រទេសភូមា។ លោក ចន ឃែររី ចង់ឲ្យភាគីជម្លោះនៅសមុទ្រចិនខាងត្បូង ចុះសន្ធិសញ្ញាថ្មីមួយ ស្ដីពីការធ្វើសកម្មភាពដោយសេរីនៅទីនោះ។
ភាគីកម្ពុជា មិនទាន់សម្រេចថាយល់ព្រមតាមសំណើរបស់អាមេរិក ឬអត់នោះទេ។ អាមេរិក ក៏ជជែកពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ នៅប្រទេសឡាវ និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីក្នុងប្រទេសកម្ពុជា ដែរ។ លោក ស្កុត ម៉ាកសែល ចង់ឲ្យកម្ពុជា សាងសង់ទំនប់វារីអគ្គិសនីដោយគិតឲ្យបានគ្រប់ជ្រុងជ្រោយ និងសិក្សាឲ្យបានល្អិតល្អន់ លើហេតុប៉ះពាល់នៃបរិស្ថាន។ ការជជែកនេះ ធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាល មានគម្រោងបំផ្លាញធនធានធម្មជាតិ ដើម្បីសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេសេសានក្រោមពីរ និងនៅស្ទឹងអារ៉ែង។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងពីរកន្លែងនេះ ត្រូវបានសង្គមស៊ីវិលរិះគន់យ៉ាងខ្លាំងថា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ ហើយថា បើទុកធនធានធម្មជាតិនៅតំបន់នេះ នោះកម្ពុជា នឹងមានប្រយោជន៍សេដ្ឋកិច្ចច្រើនជាងសាងសង់ទំនប់វារីអគ្គិសនីទៅទៀត។
ត្រឡប់មកមើលសំណុំរឿងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលី មកកម្ពុជា វិញ សង្គមស៊ីវិលនៅកម្ពុជា បានទទូចឲ្យរដ្ឋាភិបាលផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ក្រោយពីគម្រោងការនេះ។ ហើយអ្នកខ្លះ ថែមទាំងទទូចកុំឲ្យរដ្ឋាភិបាលទទួលជនភៀសខ្លួនពីអូស្ត្រាលី មកកម្ពុជា ទៀតផង។

មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី នេះ ជាបន្ទុកមួយធ្ងន់ធ្ងរទៀតសម្រាប់រដ្ឋាភិបាលកម្ពុជា ស្របពេលដែលកម្ពុជា កំពុងញាំញីដោយវិបត្តិដីធ្លី និងការរំលោភសិទ្ធិមនុស្ស។ លោកបន្តថា កម្ពុជា គួរគិតគូរដោះស្រាយបញ្ហាផ្ទៃក្នុងឲ្យបានប្រសើរជាមុនសិន មុននឹងសម្រេចចិត្តថា នឹងជួយបរទេស៖ «យើងគិតថា បើពលរដ្ឋខ្លួនឯងកំពុងមានបញ្ហាដីធ្លីបើគេមកត្រូវប្រគល់ដីធ្លីឲ្យគេច្រើនទៅទៀត រៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើនទៀត ហើយថែមទាំងធានានូវសិទ្ធិរស់នៅ និងសិទ្ធិទទួលបានការងារធ្វើទៅទៀត»។
ប្រទេសអូស្ត្រាលី បានដាក់សំណើតាំងពីដើមឆ្នាំ ដើម្បីសុំឲ្យកម្ពុជា ទទួលជនភៀសខ្លួនដែលសុំសិទ្ធិជ្រកកោននៅអូស្ត្រាលី ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវពីផលប៉ះពាល់ និងលទ្ធភាពក្នុងការព្រមព្រៀងគ្នាលើបញ្ហានេះ។
កាសែតអូស្ត្រាលី ក៏ធ្លាប់បានផ្សាយថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ អាចនឹងត្រូវចុះសន្ធិសញ្ញាស្ងាត់ៗទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
