ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កំណើតសេដ្ឋកិច្ចរបស់កម្ពុជា កាលពីឆ្នាំទៅបានកើនឡើងដល់ទៅ ៧,៣% ដោយសារការរីកលូតលាស់ខាងវិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ និងសេវាកម្មទេសចរណ៍។ កម្ពុជា រំពឹងថា សេដ្ឋកិច្ចនឹងបន្តកើនឡើង។ រដ្ឋាភិបាលកម្ពុជា ក៏អះអាងផងដែរថា គេកំពុងធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងបានកាត់ដីធ្លីជិត ២លានក្បាលដី ជូនដល់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានអះអាងថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានខិតខំធ្វើឲ្យមានលំនឹងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែបានធ្វើឲ្យមានការរីកចម្រើនខាងសេរីភាពបញ្ចេញមតិ មានស្ថិរភាពនយោបាយ សន្តិសុខសង្គម និងវិស័យការពារជាតិ។
លោកបន្តថា ជាងនេះទៅទៀត កម្ពុជា កំពុងធ្វើកំណែទម្រង់ច្រើនលើប្រព័ន្ធតុលាការ ជាពិសេសដំណើរការក្នុងការបង្កើតតុលាការពាណិជ្ជកម្ម និងតុលាការរដ្ឋបាល ឲ្យបាននៅឆ្នាំ២០១៥ ដើម្បីចូលរួមក្នុងសមាគមអាស៊ាន សហគមន៍តែមួយវាសនាតែមួយ។
លោកឲ្យដឹងថា តាមរយៈការកែលំអប្រព័ន្ធតុលាការនេះដែរ កម្ពុជា នឹងបង្កើតច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា រួមទាំងការធ្វើវិសោធនកម្មលើច្បាប់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។ ប៉ុន្តែ កម្ពុជា នៅមិនទាន់មានគម្រោងបង្កើតច្បាប់ស្ដីពីប្រព័ន្ធតុលាការនោះនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សជំទាស់បានចាត់ទុកការអះអាងរបស់មន្ត្រីរដ្ឋាភិបាលជាការក្លែងបន្លំប៉ុណ្ណោះ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានចាត់ទុកអំណាចនីតិបញ្ញត្តិ និងតុលាការកាលពីឆ្នាំចាស់វិញថា នៅតែជាឧបករណ៍របស់គណបក្សកាន់អំណាចដដែល។
ផ្ទុយទៅវិញ លោក ផៃ ស៊ីផាន បានអះអាងថា សិទ្ធិក្នុងការធ្វើបាតុកម្ម ឬកូដកម្ម ឬសេរីភាពក្នុងការបញ្ចេញមតិវិញ កាន់តែមានលក្ខណៈចាស់ទុំជាងមុន។
ទោះបីជាមានការអះអាងយ៉ាងនេះក៏ដោយ ក្រុមសង្គមស៊ីវិលក្នុងស្រុក ឲ្យដឹងថា ការរំលោភសិទ្ធិមនុស្ស និងការបង្ក្រាបហ្វូងបាតុករកាលពីឆ្នាំ២០១២ មានរូបភាពកាន់តែសាហាវជាងមុន។
អាជ្ញាធរបានបង្កើនការបង្ក្រាប និងចាប់ខ្លួនក្រុមអ្នកតវ៉ាបញ្ហាដីធ្លី និងក្រុមសកម្មជនសិទ្ធិមនុស្សយ៉ាងកក្រើកពេញប្រទេស និងពេញឆាកអន្តរជាតិ។
កាលពីខែឧសភា ឆ្នាំ២០១២ កន្លងទៅ សមត្ថកិច្ចទីក្រុងភ្នំពេញ បានបង្ក្រាបយ៉ាងចាស់ដៃទៅលើអ្នកភូមិបឹងកក់ និងបានចាប់ខ្លួនមនុស្សចំនួន ១៣រូប ព្រមទាំងបង្ករបួសស្នាមធ្ងន់ធ្ងរដល់ស្ត្រីអ្នកតវ៉ាបញ្ហាដីធ្លីជាច្រើនទៀត។
នៅខែកក្កដា ឆ្នាំដដែលនេះដែរ កម្លាំងរបស់រដ្ឋាភិបាលក៏បានចាប់ខ្លួនប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ដោយចោទពីបទបង្កើតតំបន់អបគមន៍ និងការបង្ក្រាបលើក្រុមអ្នកតវ៉ាបញ្ហាដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ ដែលបណ្ដាលឲ្យក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់។
នៅចុងឆ្នាំ២០១២ តុលាការក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនដីធ្លីចំនួនពីររូបទៀត គឺអ្នកស្រី យ៉ោម បុប្ផា តំណាងអ្នកភូមិបឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី តំណាងអ្នកភូមិបុរីកីឡា ពីបទប្រើអំពើហិង្សាទៅលើក្រុមអ្នករត់ម៉ូតូឌុប ដែលគាំទ្ររដ្ឋាភិបាល។ រហូតមកទល់ពេលនេះ អ្នកស្រី យ៉ោម បុប្ផា កំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ ក្រោយពីតុលាការកាត់ឲ្យជាប់ទោសរយៈពេល ៣ឆ្នាំរួចមក។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និយាយថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់ការលើក្រុមសកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្ស កំពុងមានការពេញនិយមខ្លាំងពីសំណាក់រដ្ឋាភិបាល ដើម្បីបញ្ចៀសការប្រើកម្លាំងប្រដាប់អាវុធ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា អំពើពុករលួយក្នុងប្រព័ន្ធតុលាការ កាន់តែមានភាពវ័យឆ្លាតជាងមុន។
បើក្រឡេកទៅមើលខាងវិស័យពាណិជ្ជកម្ម និងវិនិយោគទុនវិញ លោក សុន ឆ័យ ថ្លែងថា រដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម រាប់ម៉ឺនហិកតារ ប៉ះពាល់ដល់កសិកម្ម និងភូមិដ្ឋានរបស់ពលរដ្ឋ។ លោកបន្តថា ក្រុមហ៊ុនទាំងនោះបានបំផ្លាញធនធានធម្មជាតិរបស់ខ្មែរ ដូចជាព្រៃឈើ និងជីករ៉ែក្រោមដីគ្រប់ប្រភេទ យកទៅប្រទេសរបស់គេ។ លោកបន្តថា ក្រុមហ៊ុនរុករករ៉ែរបស់ចិន មួយកំពុងស្រក់ទឹកមាត់ក្នុងការបូមយករ៉ែដែករាប់លានតោននៅខេត្តព្រះវិហារ។
ជុំវិញមោទនភាពរបស់មន្ត្រីរដ្ឋាភិបាលអំពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកសិទ្ធិមនុស្សនេះដែរ ក្រុមមន្ត្រីបក្សប្រឆាំង អះអាងថា តួលេខកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចជាតួលេខបំប៉ោងតាមរយៈការបញ្ចូលតួលេខនៃប្រាក់កម្ចីពីប្រទេសចិន ដាក់បញ្ចូលក្នុងតួលេខសេដ្ឋកិច្ចរបស់ប្រទេស។ មជ្ឈដ្ឋានជាច្រើនបានអះអាងស្រដៀងៗគ្នាថា សេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចទិញទំនិញចូល ដែលនាំឲ្យមានឱនភាពជញ្ជីងពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ពលរដ្ឋខ្មែរជាច្រើន បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ដោយសារពួកគេគ្មានដីបង្កបង្កើនផល។ រីឯតម្លៃជី ស្រូវពូជ កម្លាំងកសិកម្ម និងតម្លៃប្រេងសាំងវិញ មិនសមាមាត្រទៅនឹងតម្លៃទិន្នផលស្រូវដែលលក់ទៅឲ្យឈ្មួញ។
កសិករខ្មែរជាច្រើន កំពុងធ្លាក់ខ្លួនជំពាក់បំណុលធនាគារដកខ្លួនមិនរួចពីការប្រាក់ប្រមាណ ៣៥% ក្នុង១ឆ្នាំៗ ដែលនាំឲ្យមនុស្សជាច្រើន បាត់បង់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគេទៅធនាគារ ដោយសារគ្មានលុយបំណុលទាំងការទាំងដើម។
អ្នកស្រាវជ្រាវ និងជាអ្នកវិភាគសង្គម លោក កែម ឡី យល់ឃើញថា អ្វីដែលពលរដ្ឋខ្មែរនៅតែបន្តរកការងារធ្វើក្នុងប្រទេសថៃ នោះ ដោយសារកម្ពុជា ពុំមានទីផ្សារគ្រប់គ្រាន់ក្នុងការឆ្លើយតបនូវតម្រូវការឲ្យបានជាក់លាក់របស់ពលរដ្ឋ។
ក្រុមសិទ្ធិមនុស្ស និងក្រុមសកម្មជនដីធ្លីបានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នេះ ធ្វើយ៉ាងណានាំចិត្តរដ្ឋាភិបាលកម្ពុជា ឲ្យគិតគូរប្រយោជន៍មហាជនជាធំ បំបាត់អំពើពុករលួយ ដោះលែងអ្នកទោសនយោបាយ ដោះលែងអ្នកស្រី យ៉ោម បុប្ផា ដោះស្រាយបញ្ហាតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល ព្រមទាំងដឹកនាំកម្ពុជាឆ្ពោះទៅរកនីតិរដ្ឋពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
