ក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី៩ រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម រយៈពេល ៣ថ្ងៃនៅឯខេត្តសៀមរាប។ កិច្ចប្រជុំស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនោះ ប្រទេសទាំងបីនឹងជជែកអំពីផែនការមេសំខាន់ៗ ដូចជាពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមមុខនានាក្នុងការអនុវត្តឯកសារសំខាន់ៗទាំងឡាយដែលពាក់ព័ន្ធ។
ឧត្តមមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម កំពុងជួបប្រជុំគ្នារយៈពេល ២ថ្ងៃមកហើយ ដើម្បីរៀបចំឯកសារនានាពាក់ព័ន្ធនឹងផែនការមេ ដើម្បីឈានទៅរកការអភិវឌ្ឍរួមគ្នានៅតំបន់ត្រីកោណ។
ឯកសារទាំងឡាយដែលបានរៀបចំជាសេចក្តីព្រាងនេះ នឹងត្រូវដាក់ជូនទៅថ្នាក់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីចុះហត្ថលេខា និងសេចក្តីថ្លែងការណ៍រួមជាមួយគ្នានៅពេលខាងមុខ។
អ្នកនាំពាក្យខុទ្ទកាល័យនៃក្រសួងពាណិជ្ជកម្ម គឺកញ្ញា សឹង សុផារី។ កញ្ញាមានប្រសាសន៍នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ថា ចាប់តាំងពីថ្ងៃទី២១ ខែវិច្ឆិកា រហូតមកដល់ពេលនេះ គឺក្រុមឧត្តមមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម បានជួបជជែកគ្នាលើបញ្ហាជាច្រើន ដូចជាបញ្ហាអភិវឌ្ឍតំបន់ត្រីកោណរួមគ្នា ជជែកលើវិស័យសេដ្ឋកិច្ច និងចរាចរណ៍ទំនិញ ពាណិជ្ជកម្មនៅក្នុងតំបន់ ជាដើម៖ « យើងមានផែនការមេសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ហ្នឹង។ និយាយពីសេដ្ឋកិច្ចសង្គម មានន័យថាផ្សារភ្ជាប់មនុស្ស សេដ្ឋកិច្ចនៃការគ្រប់គ្រងតំបន់ហ្នឹង គឺត្រូវដើរទន្ទឹមគ្នា »។
អ្នកនាំពាក្យខុទ្ទកាល័យក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ឲ្យដឹងថា ចំពោះផែនការអភិវឌ្ឍន៍តំបន់ត្រីកោណនោះ គេរំពឹងថាប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តចំនួន៤ ដូចជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ រួមជាមួយប្រជាពលរដ្ឋឡាវ ក្នុងខេត្តចំនួន៤ ដូចជា អាតាពឺ (Attapeu) សេកុង (Sekong) ចម្ប៉ាសាក់ (Champasak) និងសាឡាវ៉ាន (Salavan) ព្រមទាំងខេត្តរបស់វៀតណាម ចំនួន ៥ទៀតមានខេត្តកនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាកឡាក់ (Dak Lak) ដាណុង (Dak Nong) និងខេត្តប៊ិញភឿក ជាដើម នឹងបានទទួលផលប្រយោជន៍ពីតំបន់អភិវឌ្ឍន៍ត្រីកោណនោះ។
ការអភិវឌ្ឍតំបន់ត្រីកោណរួមគ្នានោះ ប្រសិនបើដំណើរការនៅពេលខាងមុខ គឺអាចនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ឡាវ និងវៀតណាម រស់នៅខេត្តជាប់ព្រំដែនគ្នាចំនួន១៣ អាចទទួលផលប្រយោជន៍ពីវិស័យអេកូទេសចរណ៍ ព្រមទាំងអាចរកកម្រៃបានពីការងារនៅក្នុងតំបន់នោះ ហើយប្រជាពលរដ្ឋនៃប្រទេសទាំងបីក៏អាចមានឱកាសបង្កើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការលក់ដូរទំនិញ និងពាណិជ្ជកម្មតូចតាចដែរ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលកម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith)និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc)មានគម្រោងនឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃឯកសារទាំងឡាយស្ដីពីតំបន់អភិវឌ្ឍន៍ត្រីកោណនោះ ព្រមទាំងធ្វើសន្និសីទសារព័ត៌មានផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
