កម្ពុជាបានសន្យាថា នឹងមិនផ្ដល់ជម្រកឲ្យក្រុមអាវក្រហមថៃ ស្នាក់នៅដើម្បីធ្វើនយោបាយប្រឆាំងនឹងរដ្ឋាភិបាលយោធាថៃបច្ចុប្បន្នទេ ខណៈដែលភាគីកម្ពុជា បរាជ័យក្នុងការលើកឡើងអំពីដំណោះស្រាយជម្លោះប្រាសាទព្រះវិហារជាមួយភាគីថៃ។
កាសែតបាងកក ប៉ុស្តិ៍ (Bang Kok Post) ផ្សាយថ្ងៃទី៣០ កក្កដា ថា ក្នុងជំនួបរវាងមេដឹកនាំយោធាខ្មែរ និងថៃ នៅទីក្រុងបាងកក រយៈពេលពីរថ្ងៃកន្លងទៅនេះ ភាគីកម្ពុជា ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានបដិសេធនូវមន្ទិលទាំងឡាយរបស់ភាគីថៃ ដែលសង្ស័យថា សកម្មជនអាវក្រហមថៃ បានគេចខ្លួនមកជ្រកកោណនៅកម្ពុជា ហើយធ្វើនយោបាយប្រឆាំងរដ្ឋាភិបាលយោធាថៃសព្វថ្ងៃ។
ចំណែកភាគីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលកាសែតនេះហៅថា ជាមេដឹកនាំរដ្ឋប្រហារថៃនោះ អះអាងថា ថៃមានផែនការអភិវឌ្ឍន៍តំបន់ព្រំដែននៃប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
ក្នុងជំនួបនោះដែរ ភាគីកម្ពុជា បានប្រកាសថា ព្រះមហាក្សត្រខ្មែរ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា គាំទ្រសកម្មភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ ឬរដ្ឋាភិបាលថៃបច្ចុប្បន្ន ក្នុងការដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ ដែលកំពុងប្រឈមនាបច្ចុប្បន្ននេះ។
តំណាងរដ្ឋាភិបាលកម្ពុជាបាន ធ្វើទស្សនកិច្ចនៅថៃរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ២៩ កក្កដា ក្នុងបំណងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធាថៃ និងលើកឡើងអំពីបញ្ហាជម្លោះប្រាសាទព្រះវិហារ ដ៏រ៉ាំរ៉ៃជាមួយថៃផង។ ក៏ប៉ុន្តែភាគីថៃឆ្លើយថា ពេលនេះមិនមែនជាពេលវេលាជជែកគ្នារឿងជម្លោះប្រាសាទព្រះវិហារទេ។
កម្ពុជានិងថៃមានជម្លោះនៅតំបន់ក្បែរប្រាសាទព្រះវិហារជាមួយគ្នាតាំងពីឆ្នាំ២០០៨ មក ដោយថៃអះអាងថា តំបន់ក្បែរប្រាសាទជាទឹកដីថៃ ហើយបានបញ្ជូនទ័ពមកកាន់កាប់តំបន់នោះ។ កម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឲ្យបកស្រាយសាលដីកាកាលពីឆ្នាំ១៩៦២ ឡើងវិញ។ ដូចសាលដីកាឆ្នាំ១៩៦២ ដែរ តុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសថា ប្រាសាទព្រះវិហាររួមទាំងតំបន់ជុំវិញព្រះវិហារស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ហើយបង្គាប់ឲ្យភាគីទាំងពីរដកទ័ពចេញពីតំបន់ជម្លោះនោះ។ ក៏ប៉ុន្តែមកទល់ពេលនេះ ភាគីថៃនៅមិនព្រមដកទ័ពតាមការបង្គាប់របស់សាលដីកានោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
