ក្រសួង​ការ​បរទេស​កម្ពុជា​ដាក់​កំណត់​ទូត​ទៅ​ថៃ​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

0:00 / 0:00

ក្រសួងការបរទេស​កម្ពុជា ដាក់​កំណត់​ទូត​ទៅ​រាជរដ្ឋាភិបាល​ថៃ តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ទាហាន​ថៃ ​ដោយ​គ្រាន់តែ​សង្ស័យ​ថា​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ ទៅ​លួច​ម៉ូតូ​មួយ​គ្រឿង។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ហៅ​មធ្យោបាយ​កំណត់​ទូត​របស់​រដ្ឋាភិបាល ​ថា​ជា​មធ្យោបាយ​ដែល​ពុំ​មាន​ប្រសិទ្ធភាព។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​ រាយការណ៍​ពី​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដោយ​ទាហាន​ថៃ នៅ​តាម​ព្រំដែន ទៅ​សហគមន៍​អន្តរជាតិ រួម​មាន​អង្គការ​សហប្រជាជាតិ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ហៅ​កាត់​ថា​អាស៊ាន (ASEAN) ​ជា​ដើម។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា ប្រទេស​ថៃ ​ហាក់​មិន​អើ​ពើ​ចំពោះ​ការ​តវ៉ា​របស់​កម្ពុជា​ ទេ។ លោក​ថា ​កម្ពុជា ​គួរ​រិះរក​មធ្យោបាយ​ផ្សេង​ទៀត ជាពិសេស​ គឺ​គួរ​សម្លឹង​មើល​ស្ថាប័ន​អន្តរជាតិ​ចំនួន ដែល​បំពេញ​ការងារ​ធានា​សិទ្ធិ​មនុស្ស។ លើស​ពី​នេះ​ លោក​ថា រដ្ឋាភិបាល​គួរ​បើក​ទូលាយ​អោយ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ស៊ើប​អង្កេត និង​ដាក់​របាយការណ៍៖ «ខ្ញុំ​ជឿ​ថា ដោយ​សារ​យើង​ ជា​រដ្ឋ​ភាគី ​មួយ និង​ជា​រដ្ឋសមាជិក​នៃ​អង្គការ​សហប្រជាជាតិ​យើង​គួរតែឈប់ប្រើ​យន្ត​ការអស់​នេះ​ទៅ គឺ​ យន្តការ​ទ្វេភាគី ​ហ្នឹង​យើង​មិន​ដែល​ស្មើមុខ​មាត់ជា​មួយ​ថៃ​ជា​មួយ​នឹង​វៀតណាម​ទេ តាម​ខ្ញុំ​មើល»។

មិន​ខុស​គ្នា​នេះ​ដែរ មន្ត្រី​អង្គការ​សិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ក៏​អាច​បញ្ជូន​បញ្ហា​នេះ​ទៅ​សមាគម​អាស៊ាន​ដែរ៖ «ដើម្បី​ជំរុញ​អោយ​ប្រទេស​ថៃ​ហ្នឹង​ គោរព​ទៅ​តាម ​ធម្មនុញ្ញ​សិទ្ធិ​មនុស្សអាស៊ាន កុំ​អោយ​មាន ​ការកាប់​សម្លាប់​មក​លើ​ពលរដ្ឋ​ខ្មែរបន្ត​ទៅ​ទៀត»។

ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ​គឺ​បន្ទាប់​ពី​ក្រសួងការបរទេស​កម្ពុជា ដាក់​កំណត់​ទូត​ថ្មី​មួយ​ទៅ​រាជរដ្ឋាភិបាល​ថៃ។ កំណត់​ទូត​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២៤ ខែ​តុលា ដាក់​ទៅ​ស្ថាន​ទូត​ថៃ ​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​ថៃ និង​បាន​ចាត់​ទុក​ទង្វើ​នោះ ថា​បាន​រំលោភ​លើ​គោលការណ៍​មនុស្សធម៌​ជា​មូលដ្ឋាន រំលោភ​បំពាន​ស្មារតី​ភាព​អ្នក​ជិត​ខាង​ល្អ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស លោក កុយ គួង មាន​ប្រសាសន៍​ថា កម្ពុជា​ ទាមទារ​អោយ​អាជ្ញាធរ​ថៃ ​ជៀសវាង​ប្រើ​វិធានការ​ហិង្សា ការ​បាញ់​សម្លាប់ ប៉ុន្តែ​ត្រូវ​ប្រើប្រាស់​វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តិ​ល្មើស៖ «សុំ​បើ​មាន​ការ​ខុស​ឆ្គង​នៅ​លើ​ទឹក​ដី​ហ្នឹង សុំ​អោយ​ចាប់​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ទៅ យើង​មិន​មាន​ថា​អ្វី​ទេ ព្រោះ​ប្រទេស​រៀងៗ​ខ្លួនសុទ្ធ​តែ​មាន​ច្បាប់​ ដូចគ្នា»។

ការ​ដាក់​កំណត់​ទូត​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា​ នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ទាហាន​ថៃ ​ខេត្ត​សុរិន្ទដែល​ជាប់​ព្រំ​ប្រទល់​គ្នា​តំបន់​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​ពេល​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ថៃ និង​សង្ស័យ​ថា​លួច​ម៉ូតូ​ម៉ាកស្គូពី​ពណ៌​ស (Honda Scoopy) មួយ​គ្រឿង។ ក្នុង​កំណត់​ទូត​របស់​ក្រសួង​ការបរទេស​ បញ្ជាក់​ថា យុវជន​រងគ្រោះ​ឈ្មោះ សឿន វ៉ន ភេទ​ប្រុស អាយុ​​ ២១​ឆ្នាំ ប៉ុន្តែ​សាច់ញាតិ​បញ្ជាក់​ថា យុវជន​រូប​នោះ​ឈ្មោះ ហេង ម៉េងអ៊ី។

ទាក់​ទិន​នឹង​ករណី​នេះ​ របាយការណ៍​របស់​អង្គការ​អាដហុក​រក​ឃើញ​ថា មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ​២៥​នាក់​ហើយ​ដែល​ត្រូវ​បាញ់​សម្លាប់​ដោយ​ទាហាន​ថៃ ​ការពារ​ព្រំដែន ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ ​គឺ​បាន​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។