គណៈកម្មការជាយដែនថ្នាក់យោធភូមិភាគទី២ របស់ថៃ និងយោធភូមិភាគទី៤ របស់កម្ពុជា ចង់បង្កើតឲ្យមានគណៈកម្មាធិការចម្រុះមួយ ដើម្បីដោះស្រាយឲ្យទាន់ពេលវេលាចំពោះបញ្ហាបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្រៅពីចំណុចច្រកព្រំដែននៃប្រទេសទាំងពីរ។
ការចង់បង្កើតគណៈកម្មាធិការចម្រុះនេះ ត្រូវបានគេដាក់បញ្ចូលទៅក្នុងឯកសារព្រាង នៃកិច្ចប្រជុំរបស់មន្ត្រីយោធាយោធភូមិភាគទី២ របស់ថៃ និងមន្ត្រីយោធាយោធភូមិភាគទី៤ របស់កម្ពុជា ដែលកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប។
មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា លោកឧត្តមសេនីយ៍ ជា ម៉ន និងមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានដឹកនាំមន្ត្រីជំនាញ និងអភិបាលខេត្តដែលជាប់ព្រំដែនគ្នាជាច្រើន ជួបប្រជុំនៅខេត្តសៀមរាប នៅរសៀលថ្ងៃអង្គារ ទី៣១ ខែឧសភា។
កិច្ចប្រជុំនោះ គឺក្នុងគោលបំណងបង្កើតចំណងនៃកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ដើម្បីឲ្យខេត្តខ្មែរ និងថៃ ដែលជាប់ព្រំដែនគ្នា មានសន្តិសុខល្អ ព្រមទាំងស្ថិរភាពនៅតាមបណ្ដោយព្រំដែនកាន់តែរឹងមាំ ហើយនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាង។
ពេញមួយព្រឹកថ្ងៃអង្គារ ក្រុមលេខារបស់យោធភូមិភាគទី២ របស់ថៃ និងយោធភូមិភាគទី៤ របស់កម្ពុជា ដែលមានមន្ត្រីជំនាញជាច្រើនផ្នែកចូលរួមផង បានជួបប្រជុំគ្នារយៈពេលជាច្រើនម៉ោង។
ប្រធានក្រុមលេខា និងជាមេបញ្ជាការរងនៃយោធភូមិភាគទី២ របស់ថៃ គឺលោកឧត្តមសេនីយ៍ត្រី ថារ៉ាកន ថាំមៈវីនថន (Tharakorn Thamak Vinthorn)។ លោកថ្លែងនៅក្នុងកិច្ចជួបប្រជុំក្រុមលេខាកាលពីព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភា ថា កិច្ចប្រជុំនៃគណៈកម្មការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា ពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ជាមួយគ្នា ដើម្បីបង្កើតឲ្យមានសន្តិសុខនៅតាមបរិវេណព្រំដែន៖ « កិច្ចប្រជុំរួមក្រុមលេខាពេលនេះ ខ្ញុំមានសេចក្តីសង្ឃឹមថា នឹងមានការព្រមព្រៀងគ្នាយ៉ាងប្រសើរ ចំពោះប្រតិបត្តិការនៃភាគីទាំងពីរ ដែលតែងសហការគ្នារហូតមក ព្រមទាំងរួមគ្នារិះរកវិធានការដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីដាក់សំណើទៅជូនគណៈកម្មការព្រំដែននៃប្រទេសទាំងពីរផង »។
មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា លោកឧត្តមសេនីយ៍ ជា ម៉ន គ្រាន់តែអានកំណត់ហេតុនៃកិច្ចប្រជុំប៉ុណ្ណោះ មិនបានអធិប្បាយឲ្យស៊ីជម្រៅនូវខ្លឹមសារនៃកិច្ចប្រជុំនោះទេ។ ទោះយ៉ាងណា ឯកសារព្រាងខ្លះដែលវិទ្យុអាស៊ីសេរី ទទួលបាន ឲ្យដឹងថា ភាគីកម្ពុជា នឹងជជែកអំពីការបង្កលក្ខណៈឲ្យងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ-ថៃ ដែលនៅខេត្តជាប់ព្រំដែនគ្នាក្នុងការឆ្លងដែន ដើម្បីប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ។ ភាគីកម្ពុជា-ថៃ គាំទ្រដល់ការឆ្លងដែនស្របច្បាប់ ដោយធានាឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានជីវភាពប្រសើរ ព្រមទាំងភាពសុខដុមរមនា។ ក្រៅពីនេះ ថ្នាក់យោធភូមិភាគទី២ របស់ថៃ និងយោធភូមិភាគទី៤ របស់ខ្មែរ ក៏បានគិតគូរទៅដល់គោលការណ៍នៃការបើកច្រកព្រំដែន ដើម្បីលើកកម្ពស់ដល់ច្រកឆ្លងដែនអនុគ្រោះសម្រាប់វិស័យពាណិជ្ជកម្ម ការលក់ដូររបស់ប្រជាពលរដ្ឋខ្លះៗ ដោយចង់ឲ្យក្លាយទៅជាច្រកអន្តរជាតិសម្រាប់អនាគតដែរ។
យោធភូមិភាគទី២ របស់ថៃ មានខេត្តមួយចំនួនជាប់ព្រំដែនគ្នាជាមួយខ្មែរ ដូចជាខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ ខេត្តស៊ីសាកេត និងខេត្តអ៊ូប៊ុនរ៉ាត់ថានី ជាដើម។ ចំណែកឯយោធភូមិភាគទី៤ របស់កម្ពុជា គឺមានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
