អ្នក​វិភាគ៖ ថៃ​នឹង​មិន​បង្ក​សង្គ្រាម​ទេ​ទោះ​បី​តុលាការ​អន្តរជាតិ​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ បាន​អះអាង​ថា ការ​ជួប​ជជែក​គ្នា​ជា​ច្រើន​លើក​ច្រើន​សា គឺ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​​ប្ដេជ្ញា​ចិត្ត​ថា នឹង​គោរព​តាម​ឆន្ទៈ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ (ICJ) បើ​ទោះ​បី​ជា​ការ​បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ មាន​អំណោយ​ផល​ឱ្យ​ប្រទេស​ណា​មួយ​ក៏ដោយ។

0:00 / 0:00

ក៏ប៉ុន្តែ នៅ​មុន​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​នេះ គឺ​ភាគី​ថៃ បាន​បញ្ជូន​ទាហាន​ជាច្រើន​ចូល​មក​តំបន់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ប្រយុទ្ធ​គ្នា។

តើ​ទាហាន​ខ្មែរ-ថៃ អាច​ប្រយុទ្ធ​គ្នា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ឬ​ទេ ប្រសិន​បើ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​ឱ្យ​ថៃ ចាញ់​ខ្មែរ ដូច​កាល​ពី​ឆ្នាំ​១៩៦២ នោះ?

អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​វិភាគ​បញ្ហា​សង្គម បាន​សន្និដ្ឋាន​ថា ប្រទេស​ថៃ នឹង​មិន​ហ៊ាន​ប្រើ​កម្លាំង​យោធា​បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កម្ពុជា ទេ បើ​ទោះ​បី​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ប្រកាស​ឱ្យ​កម្ពុជា ឈ្នះ​ក្ដី​អំពី​រឿង​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ជា​ថ្មី​ម្ដង​ទៀត​ក៏ដោយ។

ក្រុម​អ្នក​ជំនាញ​ធ្វើ​ការ​សន្និដ្ឋាន​ដូច​នេះ គឺ​បាន​ទាញ​យក​មូលហេតុ ព្រម​ទាំង​ផ្លូវ​ច្បាប់ និង​ផ្លូវ​នយោបាយ​ជាច្រើន​មក​បង្ហាញ​ផង។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា គឺ​លោក​បណ្ឌិត សុខ ទូច។ លោក​បាន​យល់​ឃើញ​ថា ប្រមុខ​រដ្ឋ​របស់​ប្រទេស​ថៃ ក៏​ជា​អ្នក​ចុះ​ហត្ថលេខា​មួយ​រូប​នៅ​ក្នុង​យុត្តាធិការ​ច្បាប់​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដែរ។ ដូច្នេះ ប្រទេស​ថៃ បាន​យល់​ច្បាស់​ណាស់​អំពី​អំណាច​ឯករាជ្យ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ។ លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា ថៃ នឹង​មិន​ហ៊ាន​បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ទេ បើ​ទោះ​បី​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ហើយ​ថៃ បាន​បញ្ជូន​ទាហាន​ចូល​ទៅ​តំបន់​ជម្លោះ​កាន់​តែ​ច្រើន​ឡើងៗ​ក៏ដោយ ក៏​មាន​ន័យ​ថា ការ​បញ្ជូន​កងទ័ព​របស់​ថៃ គ្រាន់​តែ​ជា​ការ​បន្លាច​ស្ថាប័ន​អន្តរជាតិ​ប៉ុណ្ណោះ។

លោក​បណ្ឌិត សុខ ទូច៖ «ថៃ ចង់​បង្ហាញ​ទៅ​តុលាការ​ក្រុង​ឡាអេ សុំ​ឱ្យ​ពន្យារ​ពេល ឬ​ក៏​ចេញ​ចម្លើយ​បែប​ណា ពីព្រោះ​ឥឡូវ​នេះ ថៃ កំពុង​តែ​ត្រៀម​ខ្លួន​ប្រយុទ្ធ ដើម្បី​កុំ​ឱ្យ​លឿន​ពេក​ក្នុង​ការ​ចេញ​ចម្លើយ​សាលក្រម​ហ្នឹង។ ចំណុច​ទី​២ ថៃ ចង់​បង្ហាញ​ឱ្យ​ភាគី​ខ្មែរ​ហ្នឹង សម្រប​សម្រួល​កុំ​ប្រើប្រាស់​តុលាការ​ក្រុង​ឡាអេ។ ទាំងអស់​ហ្នឹង គឺ​សុទ្ធតែ​យុទ្ធសាស្ត្រ​របស់​ថៃ។ តែ​បើ​តាម​ការ​ពិត កម្ពុជា មាន​អំណាច​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់ ក៏​ដូច​ជា​ការ​ប្រើ​កម្លាំង​ណា​មួយ ដើម្បី​រក្សា​វប្បធម៌​បុរាណ​មួយ​នេះ ដែល​ជា​កេរ​ដំណែល​របស់​កម្ពុជា ហ្នឹង»

ចំណែក​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត គឺ​លោក​បណ្ឌិត កែម ឡី បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។ លោក កែម ឡី បាន​យល់​ឃើញ​ថា ប្រទេស​ថៃ មិន​អាច​បើក​ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ជាមួយ​កម្ពុជា ទេ ប្រសិន​បើ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ខាង​មុខ សម្រេច​ឱ្យ​ប្រទេស​ថៃ ចាញ់​ក្តី​ម្ដង​ទៀត​ក៏ដោយ។

លោក កែម ឡី បាន​បញ្ជាក់​ថា ម្ដង​ហើយ​ម្ដង​ទៀត ប្រទេស​ថៃ តែង​តែ​ប្រើ​យុទ្ធសាស្ត្រ​ជា​កម្លាំង​យោធា​មក​ប្រឈម​មុខ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​នោះ គឺ​គ្រាន់​តែ​គំរាម​កំហែង​ឱ្យ​តុលាការ​អន្តរជាតិ​ស្ទាក់ស្ទើរ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នោះ​ប៉ុណ្ណោះ៖ «ព្រោះ​អី​តុលាការ​ហ្នឹង ឬ​ក៏​អង្គការ​សហប្រជាជាតិ ចង់​រក​សន្តិភាព​ជូន​ពិភពលោក ដែរ​ស្រាប់​តែ​សង្គ្រាម​កើត​ឡើង​ដោយសារ​តែ​សាលក្រម ក៏​វា​មាន​ការ​លំបាក​អ៊ីចឹង។ អ៊ីចឹង ថៃ គ្រាន់​តែ​ប្រើ​យុទ្ធសាស្ត្រ​គំរាម​កំហែង​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា មិន​អាច​ធ្វើ​ទៅ​រួច ដោយសារ​តែ​តុលាការ​វា​មាន​ចម្រុះ​ពណ៌ ហើយ​ឯករាជ្យ ហើយ​គេ​ធ្វើ​ការងារ​តាម​លក្ខណៈ​យុត្តិធម៌ មិន​ធ្វើ​ការងារ​តាម​នយោបាយ ឬ​ក៏​តាម​លក្ខណៈ​ស្ថានភាព​ប្រទេស​ទេ​អី​អ៊ីចឹង ហើយ​ខ្ញុំ​គិត​ថា កម្ពុជា មាន​សង្ឃឹម​ច្រើន»

ការ​អះអាង​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​វិភាគ​បញ្ហា​របស់​សង្គម​នេះ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា និង​ថៃ មិន​ទាន់​មាន​ការ​ជឿជាក់​ទាំង​ស្រុង​នៅ​ឡើយ​ថា តើ​ភាគី​ទាំង​ពីរ​អាច​នឹង​បញ្ចៀស​ការ​បង្ហូរ​ឈាម​គ្នា​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា នៅ​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​បកស្រាយ​សាលក្រម​ដោយ​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​ភាគី​ម្ខាង ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាគី​ម្ខាង​ទៀត​នោះ?

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក សុខ អាន បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​ថា តាម​រយៈ​ការ​ជួប​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​រវាង លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​អ្នកស្រី យីង​ឡាក់ ស៊ីណា​វ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ គឺ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា ទោះ​បី​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បកស្រាយ​សាលក្រម​មាន​អំណោយ​ផល​ដល់​ប្រទេស​កម្ពុជា ឬ​មាន​អំណោយ​ផល​ដល់​ប្រទេស​ថៃ យ៉ាង​ណា​ក៏ដោយ គឺ​ភាគី​ទាំង​២​ត្រូវ​តែ​គោរព​តាម និង​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ព្រម​ទាំង​ទំនាក់​ទំនង​ល្អ​រវាង​ប្រជាពលរដ្ឋ និង​ប្រទេស​ទាំង​ពីរ​ឡើយ។

លោក សុខ អាន បាន​បញ្ជក់​ថា បំណង​ប្រាថ្នា​របស់​រដ្ឋាភិបាល​ទាំង​ពីរ គឺ​ចង់​បញ្ចៀស​ចេញ​នូវ​កម្ទេច​ភ្លើង​មួយ​ដែល​អាច​ឆាប​ឆេះ​បង្ក​ឲ្យ​ទៅ​ជា​សង្គ្រាម។

នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ កាល​ពី​អំឡុង​ខែ​មេសា កន្លង​ទៅ​ថា លោក​បាន​ធ្វើ​ការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​អ្នកស្រី យីង​ឡាក់ ដោយ​ប្ដេជ្ញា​ចិត្ត​ជាមួយ​គ្នា​រួច​ហើយ គឺ​មិន​ថា​សាលក្រម​របស់​តុលាការ​អន្តរជាតិ ចេញ​មក​បែប​ណា​ទេ គឺ​ត្រូវ​តែ​កុំ​ឱ្យ​មាន​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ​ចេញ​ពី​ចំណុច​តូច​មួយ​ទៅ​ទូទាំង​ព្រំដែន និង​ចេញ​ពី​ចំណុច​តូច​មួយ ទៅ​ជា​ទូទាំង​វិស័យ​បាន៖ «បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​កំពុង​តតាំង​គ្នា​នៅ​ឯ​តុលាការ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា កម្ពុជា និង​ថៃ ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម ហើយ​ត្រូវ​តែ​វាយ​គ្នា​នោះ​ទេ»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​ជិត​ប្រាសាទ​ព្រះវិហារ ពេល​ខាង​មុខ​នេះ គឺ​ខុស​ប្លែក​កាល​ពី​ឆ្នាំ​១៩៦២។ អ្វី​ដែល​ខុស​ប្លែក​នោះ គឺ​បន្ទាប់​ពី​តុលាការ​អន្តរជាតិ បកស្រាយ​សាលក្រម​រួច​ហើយ នឹង​មាន​ការ​អនុវត្ត​សាល​ដីកា ដោយ​បោះ​បង្គោល​កំណត់​ព្រំដែន​នៅ​តំបន់​ជម្លោះ​នោះ៖ «ការ​សម្រេច​ក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ មិន​មែន​គ្រាន់​តែ​សាល​ដីកា​នោះ​ទេ គឺ​ថែម​ទាំង​មាន​ការ​អនុវត្ត​សាល​ដីកា​នេះ​ឯង។ ចំណុច​ទី​២ ទាំង​យន្តការ​យើង​មាន​ស្រាប់ គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ចុះ​ពិនិត្យ និង​បោះ​បង្គោល ដែល​យើង​បាន​ចរចា​គ្នា​រួច​ស្រេច គឺ​យើង​អនុវត្ត​ទៅ​តាម​ផែន​ទី​ឆ្នាំ​១៩០៨ ដែល​ចេញ​ពី​សន្ធិសញ្ញា និង​អនុសញ្ញា ឆ្នាំ​១៩០៤-១៩០៧ ហើយ​យើង​មាន​យន្តការ​បន្ថែម​មួយ​ទៀត គឺ​កិច្ច​ការងារ​របស់​ព្រំដែន ជជែក​គ្នា​ដើម្បី​រក្សា​សុវត្ថិភាព​នៅ​តាម​ព្រំដែន​នេះ​ឯង»

ទាំង​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​វិភាគ​បញ្ហា​សង្គម បាន​យល់​ឃើញ​ស្រប​គ្នា​ថា ប្រសិន​បើ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​នៅ​ពេល​ខាង​មុខ​ឱ្យ​កម្ពុជា បាន​ផល​ប្រយោជន៍ ក្នុង​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ជា​ថ្មី​ម្ដង​ទៀត​នោះ គឺ​ប្រទេស​ថៃ ត្រូវ​គោរព​ដោយ​មិន​អាច​បដិសេធ​បាន​ទេ ក្នុង​នាម​ប្រទេស​មួយ​ដែល​រស់​នៅ​ក្នុង​សង្គម​នៃ​អង្គការ​សហប្រជាជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។