កម្ពុជា-ថៃ​ប្ដេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ការទូត​ឲ្យ​កាន់​តែ​រឹងមាំ​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​ទាំង​ពីរ

កម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ ធ្នូ បាន​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្ដីពី​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ភាគី​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹងមាំ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ថៃ និង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​២ កម្ពុជា-ថៃ នា​ទីក្រុង​បាងកក ថ្ងៃ​ទី​១៨-១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ ក្នុង​ឱកាស​នោះ​ដែរ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-cha) ក៏​បាន​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ដែរ។

ក្នុង​សេចក្តី​ប្រកាស​រួម​ដដែល​នោះ បាន​ឲ្យ​ដឹង​ថា នៅ​ចុង​បញ្ចប់​នៃ​ទស្សនកិច្ច និង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ កម្ពុជា-ថៃ មាន​ឯកសារ​ចំនួន​៥ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​គ្នា ក្នុង​នោះ​រួម​មាន សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ កម្ពុជា-ថៃ លើក​ទី​២ ដែល​នឹង​ជួយ​តម្រង់​ទិស​សម្រាប់​ទំនាក់ទំនង​ទ្វេ​ភាគី និង​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​អភិវឌ្ឍ​អគារ​ត្រួត​ពិនិត្យ​នៅ​ច្រក​ព្រំដែន​ស្ទឹង​បត់ (កម្ពុជា)-ណងអៀន (ថៃ) អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ។

ទាក់ទង​បញ្ហា​សន្តិសុខ​វិញ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ពន្លឿន​ការ​ចាប់​ផ្ដើម​ការ​ធ្វើ​ល្បាត ដោយ​សហការ​គ្នា​នៅ​តាម​បណ្តោយ​តំបន់​ព្រំដែន ដើម្បី​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

ជាមួយ​គ្នា​នោះ​ដែរ ភាគី​ទាំង​ពីរ​បាន​ឯកភាព​កែលំអ​សេវាកម្ម​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ថ្នល់ សមុទ្រ និង​រថភ្លើង។ សេវាកម្ម​រថភ្លើង​រវាង​ទីក្រុង​បាងកក និង​រាជធានី​ភ្នំពេញ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ដំណាច់​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

ចំណែក​វិស័យ​កសិកម្ម​វិញ ភាគី​ទាំង​ពីរ​បាន​ឯកភាព​កោះ​ប្រជុំ​ក្រុម​ការងារ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ដើម្បី​ពិភាក្សា​ពី​វិធានការ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​នេះ​ឲ្យ​បាន​ឆាប់។ ភាគី​ថៃ នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​គម្រោង​សម្រាប់​រយៈពេល​បី​ឆ្នាំ។

ដោយឡែក​ខាង​វិស័យ​ទេសចរណ៍ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ជំរុញ​យុទ្ធនាការ "គោលដៅ​តែ​មួយ" ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ដូចជា​ទីតាំង​បេតិកភណ្ឌ​ពិភពលោក និង​តំបន់​ប្រវត្តិសាស្ត្រ ក៏ដូចជា​ការ​លើក​កម្ពស់​ទេសចរណ៍​តាម​រយៈ​ការ​ត​ភ្ជាប់​ផ្លូវ​សមុទ្រ ជាពិសេស​រវាង​កម្ពុជា-ថៃ-វៀតណាម។

ជំនួប​រវាង លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់អូចា នៅ​ក្រុង​បាងកក នេះ គឺ​ធ្វើ​ឡើង​នៅ​ស្រប​ពេល​ថៃ នៅ​តែ​បន្ត​សកម្មភាព​រុល​ចូល​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ផ្ទុយ​នឹង​សាល​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដូចជា​ករណី​ចូល​កាត់​សោ​ទ្វារ​របង​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម ពុំ​បាន​លើក​ចំ​បញ្ហា​នេះ​មក​ពិភាក្សា ឬ​បង្ហាញ​នូវ​ដំណោះស្រាយ​យ៉ាង​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។