រដ្ឋាភិបាលបានសម្រេចជាផ្លូវការផ្អាកបេសកកម្មស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុទាហានអាមេរិកាំងបាត់ខ្លួននៅកម្ពុជា។ ក្នុងលិខិតជូនដំណឹងមួយច្បាប់ចុះថ្ងៃទី២៦ខែកញ្ញានេះ និង ចុះហត្ថលេខាដោយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប្រធានគណៈកម្មការស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកាំងបាត់ខ្លួនផ្ញើជូនអភិបាលរាជធានី ខេត្ត-ក្រុងនៅទូទាំងប្រទេស។
លោក ប៉ុល សារឿន បញ្ជាក់ថាបេសកកម្មស្រាវជ្រាវនិងរុករកអដ្ឋិធាតុជនជាតិអាមេរិកាំងបាត់ខ្លួននៅកម្ពុជានេះត្រូវបានផ្អាកចាប់ពីថ្ងៃជូនដំណឹងជាផ្លូវការ ពីថ្ងៃទី២៦ ខែកញ្ញានេះ តទៅ។
លិខិតដដែលនេះពុំបានពន្យល់បញ្ជាក់ពីមូលហេតុលម្អិតណាមួយអំពីការផ្អាកនេះឡើយដោយគ្រាន់តែលើកឡើងថាការផ្អាកនេះធ្វើឡើងតាមបញ្ជាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថា នឹងបន្តមានសុពលភាពរហូតទាល់តែមានបទបញ្ជាថ្មី។
យ៉ាងណាក៏ដោយ បើទោះជាមានបញ្ជារបស់លោក ហ៊ុន សែន តាំងពីថ្ងៃទី១៥ខែកញ្ញាមកម្ល៉េះគិតមកត្រឹមពេលនេះក្រសួងការបរទេសកម្ពុជានៅមិនទាន់ធ្វើកំណត់ទូតណាមួយជូនដំណឹងជាផ្លូវការទៅរដ្ឋាភិបាលអាមេរិកអំពីការផ្អាកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកាំងបាត់ខ្លួនកាលពីសម័យសង្គ្រាមក្នុងទសវត្សរ៍ទី៧០នេះ នៅឡើយទេ។
បញ្ជីផ្លូវការរបស់រដ្ឋាភិបាលអាមេរិកឲ្យដឹងថា បច្ចុប្បន្ន នៅមានអដ្ឋិធាតុទាហានអាមេរិកាំងចំនួន៤៨នាក់ទៀតដែលមិនទាន់ត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយ។
ការសម្រេចរបស់លោក ហ៊ុន សែន ឲ្យផ្អាកនេះគឺជាការឆ្លើយតបចុងក្រោយជាថ្នូរនឹងរដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរដល់មន្ត្រីការទូតកម្ពុជានិងក្រុមគ្រួសាររបស់ពួកគេ។ ក្រសួងការបរទេសអាមេរិកបានសម្រេចដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរនេះដោយសារតែកម្ពុជារឹងទទឹងមិនព្រមទទួលយកការបញ្ជូនជនជាតិខ្មែរមានពិរុទ្ធហើយដែលត្រូវបានស្តារនីតិសម្បទាឡើងវិញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។ កន្លងមក លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងដាច់ណាត់ថាការផ្អាកកិច្ចសហប្រតិបត្តិការក្នុងស្រាវជ្រាវនិងរុករកអដ្ឋិធាតុជនជាតិអាមេរិកាំងបាត់ខ្លួននេះនឹងមិនត្រូវលុបចោលឡើយដរាបណារដ្ឋាភិបាលអាមេរិកមិនដកទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរដល់មន្ត្រីការទូតកម្ពុជាចេញវិញនោះទេ៖ «យើងក៏សូមប្រកាសថា យើងមិនលុបចោលទេ តែសុំផ្អាកជាបណ្ដោះអាសន្ន។ បើអាមេរិកមិនផ្ដល់ឲ្យយើងត្រឡប់មកវិញ យើងក៏មិនបន្តសហការជាមួយ អាមេរិកលើបញ្ហានេះ ហើយសុំឪពុកម្ដាយ និងក្រុមគ្រួសារនៃទាហានអាមេរិកបាត់ខ្លួន កុំបន្ទោសរដ្ឋាភិបាលកម្ពុជា ។ បើចង់បន្ទោស បន្ទោសស្ថានទូតអាមេរិកនៅកម្ពុជា និងបន្ទោស រដ្ឋបាលអាមេរិកទៅ ! អ្នកឯងចេះធ្វើមកលើខ្ញុំ ខ្ញុំក៏ចេះធ្វើមកលើអ្នកឯងវិញដែរ។ នេះជាការឆ្លើយតបមួយទៅមួយមកតែប៉ុណ្ណឹងទេ»។
ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកមួយរយៈចុងក្រោយនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយមិនធ្លាប់មានពីមុនមកពោលគឺចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាសម្រេចបណ្ដេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលគាំទ្រដោយអាមេរិកមិនឲ្យប្រតិបត្តិការនៅកម្ពុជាព្រមទាំងមានករណីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។ លោក ហ៊ុន សែន បានបង្កើនវោហារសាស្ត្រសង្គ្រាមពាក្យសម្ដីប្រឆាំងនឹងអាមេរិកដោយចោទថាភាគីអាមេរិកជាអ្នកនៅពីក្រោយការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកក្រោមរូបភាពការធ្វើបដិវត្តពណ៌និងជ្រកក្រោមស្លាកលើកកម្ពស់វិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តាមរយៈលោកឯកអគ្គរដ្ឋទូត វីល្លៀម ហៃដ្ត (William Heidt) ធ្លាប់បានច្រានចោលនូវរាល់ការចោទប្រកាន់នានា របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយចាត់ទុកថា ជាការចោទប្រកាន់មិនត្រឹមត្រូវ គ្មានមូលដ្ឋាន និងគ្មានភស្តុតាងច្បាស់លាស់។ លើសពីនេះ លោកឯកអគ្គរដ្ឋទូត វីល្លៀម ហៃដ្ត ក៏បានឆ្លៀតក្រើនរំឭករដ្ឋាភិបាលកម្ពុជាដែរ អំពីសារសំខាន់នៃទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប សម្រាប់ទំនិញនាំចេញរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
