សកម្មភាពឈូសឆាយអភិវឌ្ឍផ្លូវតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរី នៅតែបន្តធ្វើ បើទោះបីជាភាគីវៀតណាម មិនទាន់ឯកភាពឲ្យឈូសឆាយយ៉ាងណាក្តី។ អាជ្ញាធរខេត្តមណ្ឌលគិរី ឲ្យដឹងនៅថ្ងៃទី១ ខែមីនា ថា ការឈូសឆាយផ្លូវតាមខ្សែក្រវាត់ព្រំដែនជួបបញ្ហាខ្លះនៅតំបន់ឋិតក្នុងការប្រទាញប្រទង់គ្នា មិនទាន់ឯកភាពបោះបង្គោលព្រំដែននៅឡើយ ដូច្នេះអាជ្ញាធរខេត្តកំពុងសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីឈូសឆាយផ្លូវឲ្យបានសម្រេចតាមការកំណត់។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការឈូសឆាយផ្លូវតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ឲ្យបានរួចរាល់សម្រាប់រយៈពេល ១០០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ ដោយឡែកនៅខេត្តមណ្ឌលគិរី អាជ្ញាធរមិនមានមន្ត្រីពាក់ព័ន្ធបញ្ជាក់តួលេខច្បាស់លាស់ពីលទ្ធផលនៃការឈូសឆាយផ្លូវនេះនៅឡើយ រហូតមកទល់នឹងថ្ងៃទី១ ខែមីនា។
នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ហៀក សុផាន បញ្ជាក់ថា ជាគោលការណ៍ កងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ គ្រោងឈូសឆាយបីមុខសញ្ញា ពោលគឺឈូសឆាយពីតំបន់ព្រំដែនស្រុកកែវសីមា មកទល់នឹងស្រុកអូររាំង ពីស្រុកអូររាំង មកទល់នឹងស្រុកពេជ្រាដា និងពីស្រុកពេជ្រាដា មកទល់នឹងស្រុកកោះញែក មានប្រវែងជាង ២៨៦គីឡូម៉ែត្រ។ លោកបន្តថា មានចំណុចមួយចំនួន ជាពិសេសតំបន់ខ្សែក្រវាត់មិនទាន់ឯកភាពគ្នាវាស់វែង គឺភាគីវៀតណាម មិនទាន់ឯកភាពឲ្យឈូស៖ « មិនឃើញបាតុភាពស្អីគ្រាន់តែចំណុចខ្លះយើងចាប់ផ្ដើមទៅ ខាងគាត់ឲ្យផ្អាកសិន។ អ៊ីចឹងយើងឈូសកន្លែងណាឈូសបាន យើងធ្វើអាហ្នឹង។ កន្លែងណាសម្របសម្រួលយើងសម្របសម្រួល »។
សេចក្តីរាយការណ៍របស់អាជ្ញាធរស្រុកអូររាំង និងស្រុកកែវសីមា ឲ្យដឹងថា បច្ចុប្បន្នការឈូសឆាយនៅតាមខ្សែក្រវាត់ព្រំដែនពីបង្គោលលេខ៥០ ដល់បង្គោលលេខ៥៥ បានចម្ងាយជាង ៣០គីឡូម៉ែត្រ។ ដោយឡែកការឈូសឆាយតាមខ្សែក្រវាត់ព្រំដែនស្រុកកែវសីមា បានរួចរាល់ហើយ ក៏ប៉ុន្តែអាជ្ញាធរស្រុកមិនបញ្ជាក់ពីប្រវែងផ្លូវដែលបានឈូសឆាយនោះទេ។
មន្ត្រីស្រុកអូររាំង សុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ចាប់ពីបង្គោលលេខ៥៥ ជាតំបន់ប្រទាញប្រទង់គ្នា។ ហេតុនេះ ក្រុមឈូសឆាយបានបង្វែរទិសដៅទៅឈូសពីបង្គោលព្រំដែនលេខ៥០ ស្រុកពេជ្រាដា ទៅបង្គោលព្រំដែនលេខ៤១ ក្នុងស្រុកកោះញែក ជាប់នឹងខេត្តរតនគិរី។ លោកបន្តថា ក្រុមអាជ្ញាធរខេត្តកំពុងសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីរកលទ្ធភាពឈូសឆាយផ្លូវតាមខ្សែក្រវាត់ព្រំដែនឲ្យរួចរាល់តាមដែលអាចធ្វើបាន៖ « ដល់ច្រកទ្វារបណ្តោយព្រំដែនហ្នឹង ព្រំប្រទល់ផែនទីវាគូរចេញចូលៗតាមបណ្តោយអូរ វាចង់ឲ្យយើងឈូសខាងនេះអូរទាំងអស់ »។
តំបន់ព្រំដែនខេត្តមណ្ឌលគិរី ជាពិសេសតំបន់ច្រកទ្វារអន្តរជាតិដាក់ដាំ ក្នុងស្រុកអូររាំង គឺជាតំបន់មានជម្លោះ ភាគីកម្ពុជា-វៀតណាម មិនទាន់ឯកភាពគ្នាបោះបង្គោលនៅឡើយ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ គណៈកម្មការជាតិកិច្ចការព្រំដែនទាំងពីរ បានឯកភាពគ្នាធ្វើលិខិតរួមគ្នាមួយ ដើម្បីឲ្យរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខាសុំឲ្យរដ្ឋាភិបាលប្រទេសបារាំង ផ្តល់អ្នកជំនាញពង្រីកផែនទីថ្មី និងវាស់វែងតំបន់មានជម្លោះនោះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
