អាជ្ញាធរ​កម្ពុជា​វៀតណាម​កំពុង​ស្រាវជ្រាវ​ពី​ករណី​បាត់​បង្គោល​តម្រុយ​ព្រំដែន​លេខ​៩៨/១

ដោយ ទេព សុរ៉ាវី
2014.10.23
បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ៦២០ ចំណុច​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម លេខ​៩៨/១ ដែល​បាត់​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៤។
Photo courtesy of police.gov.kh

អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម លេខ​៩៨/១ បាន​បាត់​ដោយ​មិន​ដឹង​មូលហេតុ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា។ ខាង​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​បាត់​បង្គោល​តម្រុយ​នេះ​នៅ​ឡើយ​ទេ តែ​បាន​អះអាង​ថា មន្ត្រី​ជំនាញ​នឹង​ចុះ​ទៅ​ស្រាវជ្រាវ​ពី​ករណី​នេះ។

នគរបាល​ព្រំដែន​កម្ពុជា និង​តម្រួត​ព្រំដែន​វៀតណាម កំពុង​ស៊ើប​អង្កេត​ករណី​បាត់​បង្គោល​តម្រុយ​ព្រំដែន​លេខ​៩៨/១ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ដើរ​ល្បាត​ព្រំដែន ហើយ​មិន​បាន​ឃើញ​បង្គោល​តម្រុយ​នោះ កាល​ពី​ថ្ងៃ​ទី​២១ តុលា កន្លង​ទៅ។

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ តុលា ថា បង្គោល​តម្រុយ​ព្រំដែន​លេខ​៩៨/១ ស្ថិត​នៅ​ចន្លោះ​បង្គោល​ឡាក់​លេខ​៩៨ និង​៩៩ បាន​បាត់​ចេញ​ពី​កន្លែង​ដៅ​ទុក។ បង្គោល​តម្រុយ​ព្រំដែន​ដែល​បាត់​នោះ គឺ​ស្ថិត​នៅ​ភូមិ​ស្រែតានង ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាប់​នឹង​ខេត្ត​តៃនិញ ប្រទេស​វៀតណាម។

លោក​បញ្ជាក់​ថា បង្គោល​តម្រុយ​ព្រំដែន​ដែល​បាត់​នោះ ជា​បង្គោល​តូច​ដែល​មាន​ទំហំ​ផ្ចិត​ប្រមាណ ១០​សង់ទីម៉ែត្រ កម្ពស់​ប្រហែល ១​ម៉ែត្រ និង​ដាំ​ចុះ​ទៅ​ក្រោម​ដី​ប្រវែង ៦ ទៅ ៧​តឹក។ លោក​ពន្យល់​ថា ការ​បាត់​បង្គោល​តម្រុយ​នេះ មិន​ប៉ះពាល់​ដល់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ហើយ​លោក​បាន​រាយការណ៍​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ​រួច​ហើយ ដើម្បី​ឲ្យ​ចុះ​មក​ត្រួត​ពិនិត្យ និង​ដាំ​បង្គោល​នេះ​ឡើង​វិញ។

លោក ម៉ៅ ពៅ៖ «គឺ​ថា​វា​ដី​ធូរ​ដី​ល្បាប់​នៅ​តំបន់​នោះ យើង​សន្និដ្ឋាន​ខ្លាច​ក្រែង​មាន​បង​ប្អូន​យើង អ្នក​គង្វាល​គោ​ក្របី​នៅ​តំបន់​នោះ គាត់​ខ្វះ​ខាត​នូវ​តម្រូវ​ការ​ផល​ប្រយោជន៍​របស់​គាត់ ក៏​ដក​មិន​ដឹង? ឬ​ក៏​យ៉ាង​ណា​នោះ ឥឡូវ​នេះ​សមត្ថកិច្ច​របស់​យើង​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​ស្វែងរក ប៉ុន្តែ​តួយ៉ាង​ណា យើង​បាន​ដៅ​ស្រាប់​ហើយ គឺ​និយាម​ការ​នោះ​មាន​ត្រឹមត្រូវ។ ដូច្នេះ ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ជួប​គ្នា ដើម្បី​ដាក់​ទៅ​វិញ វា​មិន​មាន​អី​ប៉ះពាល់​ទៅ​នឹង​បង្គោល​ឡាក់​ធំ​ទេ»

ទាក់ទង​នឹង​ការ​បាត់​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ តែ​លោក​គិត​ថា អាច​មាន​មូលហេតុ​ពីរ​យ៉ាង ដែល​ធ្វើ​ឲ្យ​បង្គោល​តម្រុយ​នោះ​បាត់ គឺ​អាច​បាត់​ដោយសារ​កត្តា​ធម្មជាតិ និង​អាច​បាត់​ដោយសារ​កត្តា​មនុស្ស​ជា​អ្នក​ប្រព្រឹត្ត។

តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា បង្គោល​តម្រុយ​ព្រំដែន​លេខ​៩៨/១ គឺ​ស្ថិត​នៅ​ក្នុង​ចម្ការ​អំពៅ​របស់​ជនជាតិ​វៀតណាម ម្នាក់ ឈ្មោះ ជុង វ៉ាន់ចុង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ត្រង់​ចំណុច​បង្គោល​និយាម​ការ​ខាង​កម្ពុជា ឬ​ខ្នាត​វាស់វែង​ទីតាំង​បោះ​បង្គោល​ឡាក់ U.T.M (E631966-N1296868) ដែល​ឈម​នឹង​ប្រទេស​វៀតណាម ត្រង់​និយាម​ការ VN2000 (97182-31544)។ តាម​និយាម​ការ​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ អះអាង​ថា ទាំង​ភាគី​កម្ពុជា និង​វៀតណាម អាច​វាស់ និង​ដាក់​បង្គោល​តម្រុយ​នោះ​សាជាថ្មី ដោយ​មិន​ប៉ះពាល់​ដល់​បង្គោល​ឡាក់​ធំៗ​នៅ​តាម​ព្រំដែន។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន សម្ដែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ករណី​នេះ និង​សង្ស័យ​ថា អាច​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​បាត់​បង្គោល​តម្រុយ​ព្រំដែន​លើក​នេះ៖ «យើង​គិត​ថា វា​នឹង​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​បាត់​បង្គោល​នេះ ឬ​មួយ​ការ​បំបាត់​នូវ​ភស្តុតាង ដើម្បី​បោះ​បង្គោល​ឡើង​វិញ និង​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា យើង​បន្ត​ទៀត»

កម្ពុជា និង​វៀតណាម មាន​ខ្សែ​បន្ទាត់​ព្រំដែន​រួម​គ្នា​ប្រវែង​ជាង ១.២០០​គីឡូម៉ែត្រ។ បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម ចាប់​ផ្ដើម​បោះ​ជា​ផ្លូវ​ការ​ក្រោយ​ពេល​សន្ធិសញ្ញា​បំពេញ​បន្ថែម ដែល​ធ្វើ​ឡើង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម កាល​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​បាន​បោះ​បង្គោល​ធំៗ​ប្រមាណ​ជា ៣០០​បង្គោល។ ចំណែក​បង្គោល​តូចៗ ឬ​បង្គោល​ខណ្ឌ​សីមា មាន​ជាច្រើន​ពាន់​បង្គោល ប៉ុន្តែ​អាច​មាន​ការ​ប្រែប្រួល​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។