សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានចេញសេចក្ដីប្រកាសព័ត៌មានព្រមៗគ្នា សុំឲ្យបក្សនយោបាយខ្មែរទាំងពីរ គឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ អង្គុយជជែកគ្នាឡើងវិញ ពិនិត្យសើរើ និងដោះស្រាយឡើងវិញអំពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត ដែលបក្សសង្គ្រោះជាតិ បានតវ៉ាយ៉ាងដាច់អហង្ការ ហើយត្រូវបានបក្សប្រជាជនកម្ពុជា ទាត់ចោល។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយថ្ងៃទី២៣ កញ្ញា ប្រកាសថា កម្ពុជា បានបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៥ ស្របច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រះមហាក្សត្រចូលរួមជាព្រះរាជាធិបតីភាព។ កម្ពុជា មិនត្រូវការច្បាប់ប្រទេសដទៃទៀតមកអនុវត្តទេ។ ក្រៅពីនេះ កម្ពុជា ពុំចាំបាច់ត្រូវការយល់ព្រមអ្វីទាំងអស់ពីអ្នកការទូតបរទេសណាមួយ ចំពោះលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងដំណើរការនៃកិច្ចប្រជុំសភាជាតិទេ។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សរសេរថា ប្រទេសកម្ពុជា គឺជាប្រជាជាតិមួយដែលមានវ័យចំណាស់ មានអារ្យធម៌យូរលុងរាប់ពាន់ឆ្នាំមកហើយ ហើយកម្ពុជា មិនអាចទទួលនូវអាកប្បកិរិយាអួតអាងរបស់ឯកអគ្គរដ្ឋទូតមកពីប្រទេសណាឡើយ។ សេចក្ដីថ្លែងការណ៍នេះ ហាក់ស្តីបន្ទោសឲ្យមន្ត្រីការទូតបរទេសណាមួយ តែមិនបានសំដៅចំឈ្មោះទេ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ នៅថ្ងៃទី២៤ កញ្ញា នេះ ដោយគ្រាន់តែបញ្ជាក់ថា ក្នុងសេចក្ដីថ្លែងការណ៍នោះមានន័យគ្រប់គ្រាន់ដែលសាធារណជនអាចយល់បានហើយ។
ទោះយ៉ាងណា គេនៅចាំបានថា កាលពីថ្ងៃទី២៣ កញ្ញា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) បានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីលោកបានចូលរួមបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី២៣ កញ្ញា ដោយលោកសរសេរថា លោកបានចូលរួមពិធីបើកសម័យប្រជុំសភាថ្មីមែន តែមិនមានន័យថា លោកគាំទ្រសភាថ្មីនេះទេ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវសុំឲ្យពិនិត្យភាពមិនប្រក្រតីនៃលទ្ធផលឆ្នោតឡើងវិញ។
ស្របពេលដែលកម្ពុជា បើកសម័យប្រជុំរដ្ឋសភាថ្មី ហើយបង្កើតរដ្ឋាភិបាលថ្មីដែលមានសុទ្ធតែតំណាងរាស្ត្រគណបក្សប្រជាជន នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានចេញសេចក្ដីថ្លែងការណ៍មួយទៀត សុំឲ្យបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ រួមគ្នាពិនិត្យសើរើភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឡើងវិញ ដោយសរសេរថា "យើងសុំជំរុញឲ្យបក្សទាំងអស់ឆក់យកឱកាសនេះអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ហើយលើកឡើងនូវដំណើរការបោះឆ្នោតដែលទន់ខ្សោយ ដើម្បីអនុវត្តការកែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងច្បាប់ និងបង្កើនការគោរពសិទ្ធិមនុស្ស"។ ក៏ប៉ុន្តែ ត្រូវបានភាគីកម្ពុជា បដិសេធ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា សរសេរថា រឿងនេះហួសពេលហើយ ព្រោះបញ្ហាមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតនេះ ត្រូវបានដោះស្រាយតាមច្បាប់នៃប្រទេសកម្ពុជា សព្វគ្រប់អស់ហើយ។
ចំណែកមន្ត្រីអ្នកនាំពាក្យបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ទទូចថា ការពិនិត្យដោះស្រាយលទ្ធផលបោះឆ្នោតដែលមិនប្រក្រតីនេះនៅមិនទាន់ហួសពេលទេ។ តែបើសិនបញ្ហានេះមិនត្រូវបានដោះស្រាយវិញនោះ ប្រទេសមហាអំណាច នឹងដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា គឺជាអ្នករងគ្រោះ។
ទាក់ទងនឹងការព្រមានមន្ត្រីការទូតបរទេសកំពុងបំពេញបេសកកម្មនៅកម្ពុជា កុំឲ្យជ្រៀតជ្រែកនយោបាយស្រុកខ្មែរនោះ សេចក្ដីថ្លែងការណ៍នៃអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានរំលឹកដល់មន្ត្រីការទូតទាំងអស់ ត្រូវគោរពអនុសញ្ញាទីក្រុងវីយ៉ែន (Vienna Convention) ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនង និងអភ័យឯកសិទ្ធិបុព្វសិទ្ធិនៃតួនាទីមន្ត្រីការទូតបរទេស ដែលបំពេញបេសកកម្មនៅប្រទេសជាសាមី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
