ស្ថានភាព​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ទី១៣

គិត​ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី១៣ កក្កដា គេ​សង្កេត​ឃើញ​គ្រប់​គណបក្ស​នយោបាយ​បាន​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​តាម​គោលដៅ​រៀងៗ​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង។ ទន្ទឹម​នឹង​នេះ​ដែរ ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង ដូច​ជា គណបក្ស​មួយ​ចោទ​គណបក្ស​មួយ​ទៀត​តាម​រំខាន សមាជិក​គណបក្ស​មួយ​រង​ការ​ចោទ​ថា​បង្ខិត​បង្ខំ​សមាជិក​គណបក្ស​មួយ​ផ្សេង​ទៀត​ជា​ដើម។

0:00 / 0:00

0:00 / 0:00

0:00 / 0:00

បក្ស​សង្គ្រោះ​ជាតិ​ចោទ​ក្បួន​ឃោសនា​បក្ស​ប្រជាជន​ស្រុក​ពញាឮ​តាម​រំខាន

ដោយ ដែន អយុធ្យា

ខេត្ត​កណ្ដាល៖ គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​នាំ​ក្បួន​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​តាម​រំខាន​ក្បួន​ឃោសនា​របស់​ខ្លួន នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល គ្មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ជួយ​ទប់ស្កាត់​ទេ។

បញ្ហា​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ស្ថានការណ៍​សង្គម​ឯករាជ្យ បាន​ចាត់​ទុក​សកម្មភាព​រំខាន​របស់​បក្ស​កាន់​អំណាច បាន​អនុវត្ត​ផ្ទុយ​នីតិវិធី​បោះឆ្នោត និង​ជា​ទង្វើ​គំរាម​កំហែង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា ដូច​ត​ទៅ៖

គ.ខ.ប ខេត្ត​បាត់ដំបង ទទួល​បាន​បណ្ដឹង​២២

ដោយ សួន សុផលមុន្នី

ខេត្ត​បាត់ដំបង៖ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​២៧ ខែ​មិថុនា រហូត​មក​ត្រឹម​ថ្ងៃ​ទី១៣ កក្កដា នេះ គេ​ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន​២២ ដែល​គណបក្ស​នយោបាយ​ចំនួន​ពីរ​បាន​ប្ដឹង​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដែល​កើត​មាន​ឡើង​ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សួន សុផលមុន្នី ដូច​ត​ទៅ៖

បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​បង្ខិត​បង្ខំ​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចុះ​ចូល

ដោយ សួន សុផលមុន្នី

ខេត្ត​ប៉ៃលិន៖ បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​លំដាប់​លេខ​រៀង​ទី២ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ប៉ៃលិន រង​ការ​បង្ខិត​បង្ខំ​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ពុំ​ដូច្នេះ​ទេ បេក្ខជន​គណបក្ស​ប្រឆាំង​រូប​នេះ​នឹង​ត្រូវ​បញ្ចប់​អាជីព​មុខ​របរ​លក់​ថ្នាំពេទ្យ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ប៉ៃលិន លោកស្រី វ៉េន ដារ៉ា បញ្ជាក់​កាល​ពី​ថ្ងៃ​ទី១៣ កក្កដា ថា ក្រុម​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដែល​សុទ្ធសឹងតែ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចុះ​ទៅ​ឆែកឆេរ​លំនៅឋាន​របស់​លោក ស៊ូ ឌីណា ជា​បេក្ខជន​ឈរ​ឈ្មោះ​លំដាប់​លេខ​រៀង​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ប៉ៃលិន៖ «គេ​សួរ​ថា បើ​ចង់​លក់​ថ្នាំ​វិញ សុខ​ចិត្ត​បញ្ចប់​អាជីព ឬ​មួយ​ក៏​សុខ​ចិត្ត​ចូល​ជាមួយ​គេ។ គាត់​លក់​ថ្នាំ​ពេទ្យ ហើយ​គេ​ថា ថ្នាំ​នោះ​ខុស​ច្បាប់ គេ​ថា​គ្មាន​អាជ្ញាធរ​ប័ណ្ណ​ច្បាស់​លាស់ គេ​ចោទ​អ៊ីចឹង...»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​សេចក្ដី​បញ្ជាក់​បន្ថែម​ពី​លោក ស៊ូ ឌីណា ជុំវិញ​បញ្ហា​នេះ​បាន​ទេ។ ប៉ុន្តែ លោកស្រី វ៉េន ដារ៉ា អះអាង​ថា លោក ស៊ូ ឌីណា បាន​បង់​លុយ​ផាក​ពិន័យ​អស់​ចំនួន ១​លាន​រៀល ទៅ​ឲ្យ​មន្ទីរ​សុខាភិបាល និង​បាន​បិទ​ទ្វារ​ផ្ទះ​របស់​ខ្លួន​ឈប់​លក់​ថ្នាំ​ពេទ្យ​ត​ទៅ​មុខ​ទៀត ប៉ុន្តែ លោក ស៊ូ ឌីណា បាន​បដិសេធ​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​បង្ខិត​បង្ខំ​នោះ​ឡើយ។

គ.ខ.ប ខេត្ត​ស្វាយរៀង ទទួល​បាន​បណ្ដឹង​១១

ដោយ ហ៊ុំ ចំរើន

ខេត្ត​ស្វាយរៀង៖ ដំណើរ​ការ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​ក្នុង​ខេត្ត​ស្វាយរៀង គិត​ចាប់​ពី​ថ្ងៃ​ទី២៧ មិថុនា ដល់​ថ្ងៃ​ទី១៣ កក្កដា ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ តែ​មាន​ពាក្យ​បណ្ដឹង​ចំនួន​១១។ ដោយ​ឡែក​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត (គ.ខ.ប) យល់​ឃើញ​ថា ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ។

តើ​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ​នានា​វិញ យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​បញ្ហា​នេះ?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហ៊ុំ ចំរើន ដូច​ត​ទៅ៖

ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ មាន​គណបក្ស​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ប្រជែង។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​កំណត់​ថា សកម្មភាព​ឃោសនា​ដោយ​ឧបករណ៍​បំពង​សំឡេង ត្រូវ​ហាម​ឃាត់​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ដល់​ម៉ោង ២​រសៀល។ ហើយ​ថា គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ ត្រូវ​ឈប់​សម្រាក​នៅ​ចន្លោះ​ពី​ម៉ោង ១០​យប់ ដល់​ម៉ោង ៦​ព្រឹក។ ការ​ឃោសនា​ត្រូវ​ចប់ ២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។