អំពើ​ហិង្សា​លើ​ក្បួន​ឃោសនា​បក្ស​សង្គ្រោះ​ជាតិ​និង​បញ្ហា​ផ្នែក​ច្បាប់

កាល​ពី​ម៉ោង​ជិត ៨​យប់​ថ្ងៃ​ទី​៥ កក្កដា មាន​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​ចំពោះ​ក្បួន​ឃោសនា​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ។

0:00 / 0:00

យុវជន​បក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ បាន​អះអាង​ថា មាន​ការ​ចាប់​ខ្លួន​យុវជន​របស់​ខ្លួន​ចំនួន ៣​នាក់ ហើយ​ទាមទារ​ឱ្យ​មាន​អន្តរាគមន៍​ដោះលែង​អ្នក​ទាំង​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​យុវជន​មួយ​ចំនួន​រង​របួស ដែល​នេះ​ជា​ករណី​ហិង្សា​ខ្លាំង​​ជាង​គេ គិត​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា នេះ ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ រួម​ជាមួយ​ស្នង​ការ​នគរបាល លោក ជួន សុវណ្ណ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព នៅ​គេហដ្ឋាន​ដែល​មាន​​អំពើ​ហិង្សា និង​ការ​ផ្ទុះ​អាវុធ​កាល​ពី​យប់​ថ្ងៃ​ទី​៥។ ក្រោម​​ការ​ត្រួត​ពិនិត្យ​របស់​​សមត្ថកិច្ច និង​ការ​អង្កេត​ដោយ​ផ្ទាល់​ពី​សង្គម​ស៊ីវិល​រក​ឃើញ​ថា មិន​មាន​ការ​ចាប់​សកម្មជន​ជា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

តាម​ការ​កត់​សម្គាល់​របស់​​​បុគ្គលិក​ផ្នែក​សម្រប​សម្រួល​​សន្តិសុខ​​គណបក្ស​សង្គ្រោះ​ជាតិ លោក​ អ៊ិន សំអុល បាន​បញ្ជាក់​ថា រូប​លោក​បាន​ឃើញ​ក្នុង​រូបភាព​កាមេរ៉ា មាន​បុរស​ម្នាក់​ចេញ​ពី​ក្នុង​ផ្ទះ​ទៅ​ប្រតាយ​ប្រតប់​ជាមួយ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខាង​ក្រៅ​របង​ផ្ទះ​ ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​ជា​សមាជិក​ក្នុង​ផ្ទះ​ ចេញ​ទៅ​ក្រៅ​ទាញ​បុរស​ជា​សមាជិក​គ្រួសារ​ផ្ទះ​ខាង​លើ​ចូល​មក​ក្នុង​ផ្ទះ​វិញ។

សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច​ដក​ហូត​ក្បាល​ម៉ាស៊ីន​កាមេរ៉ា​មួយ​គ្រឿង​ដែល​មាន​រូប​អំពើ​ហិង្សា​​នោះ បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទុក​ជា​ភស្តុតាង បន្ទាប់​ពី​ពិនិត្យ​​កាមេរ៉ា នោះ​រួច។

អតីត​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក​ ហូរ វ៉ាន់ ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ​ បាន​មាន​ប្រសាសន៍​​ថា លោក​មិន​ឃើញ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ត្រូវ​បាន​​គេ​ចាប់​បញ្ចូល​ក្នុង​ផ្ទះ​នោះ​ទេ តាម​កាមេរ៉ា សុវត្ថិភាព៖ «តាម​យើង​ឆែកឆេរ​ក្នុង​ផ្ទះ​ និង​តាម​យើង​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​បញ្ចាំង​ឱ្យ​មើល​អម្បាញ់មិញ យើង​រក​ពុំ​ឃើញ​ថា មាន​ការ​ចាប់​យុវជន​ចូល​ក្នុង​ផ្ទះ​លេខ ៩ នោះ​ទេ។ ដូច្នេះ​ជា​រូបភាព​ដែល​យើង​បាន​ទទួល​ និង​អ្វី​ដែល​លោក​បាន​ធ្វើ​ពេល​នេះ​ គឺ​យើង​ពុំ​អាច​មាន​ភស្តុតាង​ណា​មួយ ឬ​រក​ឃើញ​​រូបភាព​ណា​មួយ​ដែល​ថា មាន​យុវជន​យើង​ត្រូវ​ចាប់​បញ្ចូល​ក្នុង​ផ្ទះ​កើត​ហេតុ​នេះ​ឡើយ»

កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កក្កដា មាន​ហេតុការណ៍​ហិង្សា​មួយ​កើត​ឡើង​ចំពោះ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​បណ្ដាល​ឱ្យ​យុវជន​គណបក្ស ៣​នាក់​រង​របួស។ ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៩ ផ្លូវ ១៣៥ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន។

ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ យុវជន​ជា​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ចំណុច​កើតហេតុ ហើយ​ពួក​គេ​បាន​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​យុវជន​ចំនួន ៣​នាក់ ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​ម្ចាស់​ផ្ទះ​ចាប់​បញ្ចូល​ទៅ​ក្នុង។

យុវជន​​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​រង​របួស​បាន​​អះ​អាង​ថា មាន​មនុស្ស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​​គ្រឿង​មក​ដល់​ក្បួន​ដែល​កំ​ពុង​តែ​ដង្ហែ។ ពួក​គេ​ទាំង​ពីរ​បាន​ប្រមាថ​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​អ្នក​គាំទ្រ​បាន​នាំ​គ្នា​ស្រែក​ដាក់​ពួក​គេ​វិញ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ពួកគេ​បាន​យក​ដុំ​ថ្ម អំបែងកែវ និង​ចាន​ គប់​មក​​លើ​ក្បួន​ដង្ហែ បន្ទាប់​មក​មាន​ឮ​ការ​បាញ់​ជា​ច្រើន​គ្រាប់​ពី​ក្នុង​ផ្ទះ​មក។

យុវជន​បក្ស​សង្គ្រោះ​ជាតិ៖ «ពួក​ខ្ញុំ​ហ្នឹង ខ្ញុំ​ធ្វើ​ក្បួន​ហែ​ចូល​ពី​ផ្លូវ ២៧១ មក​ ពួកវា​មាន​គ្នា​ពីរ​នាក់​ ជិះ​ម៉ូតូ​ស្កូភី ០១៣ (Scoopy 013) ហើយ​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​ស្លាក​លេខ​វា​ច្បាស់​ដែរ។ វា​ជិះ​ក្នុង​ក្បួន​យើង​ហ្នឹង វា​ស្រែក​ថា លេខ ៤ លេខ ៤ ហើយ​វា​ក៏​បាន​ជេរ​ប្រមាថ​លើ​ពួក​​យើង ហើយ​យើង​ក៏​បាន​ហ៊ោ​កំដរ​វា។ ពេល​មក​ដល់​មុខ​ផ្ទះ​វា វា​ក៏​បាន​ចូល​ទៅ​ផ្ទះ។ ពេល​ដែល​ក្បួន​យើង​ហែ​មិន​ទាន់​ផុត​​ផ្ទះ​វា វា​ក៏​បាន​បើក​ទ្វារ​ចោល​ជា​ចាន ឬ​មួយ​អំបែងកែវ ឬ​មួយ​ជា​ដប ចោល​មក​លើ​ពួក​យើង​តែម្ដង»

ភ្លាមៗ​ក្រោយ​​ផ្ទុះ​ហេតុការណ៍ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ប្រើ​ហិង្សា​មក​លើ​ក្បួន​ដង្ហែ​​របស់​ខ្លួន ហើយ​អំពាវនាវ​ឱ្យ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ឱ្យ​បាន​ម៉ត់ចត់ និង​ច្បាស់​លាស់ រក​ឱ្យ​ឃើញ​ជន​បង្ក​ហេតុ​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ មាន​មនុស្ស​ចំនួន ៤​នាក់ ដែល​គេ​សង្ស័យ​ថា ជា​ជន​បង្ក​ហេតុ​ និង​អ្នក​ពាក់​ព័ន្ធ ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង​យប់។ មិន​យូរ​ប៉ុន្មាន​ អ្នក​ទាំង ៤​នាក់​នោះ ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រក​ឃើញ​ថា ពួក​គេ​មិន​​មាន​ការ​ពាក់ព័ន្ធ។ ប៉ុន្តែ​​​បុរស​មួយ​រូប​ដែល​មាន​មុខ​នាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ ​ក្នុង​ចំណោម​អ្នក​ទាំង ៤​នាក់​នោះ នឹង​ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ។

លោក ខេង ទីតូ៖ «ធម្មតា​សមត្ថកិច្ច​តែ​កាល​ណា​មាន​រឿង​អី​កើត​ឡើង​ គេ​ត្រូវ​តែ​ប្រមូល​យក​មក​ទាំង​អស់​ហើយ ដើម្បី​យក​មក​ធ្វើ​ការ​សាកសួរ។ ក្រោយ​ពី​សាកសួរ​រួច​​ទៅ​ ឃើញ​ថា អត់​មាន​ពាក់ព័ន្ធ អ៊ីចឹង​ព្រះរាជអាជ្ញា​គាត់​ក៏​បាន​បញ្ជា​ឱ្យ​ដោះ​លែង​ទៅ​វិញ​ទៅ។ មនុស្ស​ពីរ​នាក់​ហ្នឹង ក្មេងៗ​ពីរ​នាក់​ហ្នឹង។ ហើយ​នៅ​សល់​ពីរ​នាក់​ទៀត​ហ្នឹង ក៏​អត់​មាន​ការ​ពាក់ព័ន្ធ​អី​ដែរ គ្រាន់​តែ​ថា នៅ​សល់​តែ​​ម្នាក់​ហ្នឹង ដែល​ជា​ម្ចាស់​អាវុធ គឺ​គាត់​នឹង​ត្រៀម​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​តែប៉ុណ្ណឹង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ​លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​ថា ខុមហ្វ្រែល បាន​ឱ្យ​ដឹង​ថា ករណី​នេះ​ចែក​ជា​ពីរ គឺ​បទល្មើស​បោះ​ឆ្នោត និង​បទល្មើស​ព្រហ្មទណ្ឌ។ ទាក់​ទង​នឹង​បទ​ល្មើស​បោះ​ឆ្នោត លោក គល់ បញ្ញា​ បាន​ឱ្យ​ដឹង​ថា គ.ជ.ប អាច​ដាក់​ពិន័យ​ដក​សិទ្ធិ​ឈរ​ឈ្មោះ ឬ​ដក​សិទ្ធិ​បោះ​ឆ្នោត។ ចំណែក​បទល្មើស​ព្រហ្មទណ្ឌ​វិញ តុលាការ​អាច​ដាក់​ទោសទណ្ឌ​ជន​ល្មើស​តាម​ផ្លូវ​ច្បាប់។

លោក​ គល់ បញ្ញា៖ «បទល្មើស​ក្នុង​ការ​បោះ​ឆ្នោត ខាង គ.ជ.ប នឹង​ដាក់​ពិន័យ ឬ​ក៏​រហូត​ដល់​ដក​សិទ្ធិ​ឈរ​ឈ្មោះ ​ដក​សិទ្ធិ​​​​បោះ​​ឆ្នោត។ ឯ​ចំណែក​ទៅ​ខាង​តុលាការ បញ្ហា​ហ្នឹង​ វា​ទាក់​ទង​នឹង​រឿង​​​ព្រហ្មទណ្ឌ។ បើ​សិន​ជា​មាន​ការ​គប់​ដុំ​ថ្ម​ទៅ​ មាន​របួស​ស្នាម​ធ្ងន់ធ្ងរ ឬ​ទៅ​​បាញ់​បោះ​​ខុស​ច្បាប់​ អ៊ីចឹង​ត្រូវ​តែ​មាន​ទោស​ខាង​ព្រហ្មទណ្ឌ»

ចំណែក​លោក​មេធាវី សុក សំអឿន វិញ បាន​ឱ្យ​ដឹង​ថា ជា​ដំបូង​គេ​ត្រូវ​ពិនិត្យ​មើល​គោលបំណង​នៃ​ការ​បាញ់។ លោក​បន្ត​ថា បើ​ការ​បាញ់​ជា​ចេតនា សំដៅ​ការ​ឃោសនា​គណបក្ស​នយោបាយ​ វា​​ខុស​នឹង​ច្បាប់​បោះ​ឆ្នោត​ផង និង​ច្បាប់​ព្រហ្មទណ្ឌ​ផង៖ «បាញ់​សម្លុត​ពេល​ឃើញ​គេ​ហែ បាញ់​ហែ ឬ​ក៏​បាញ់​​ក្នុង​គោលបំណង​អ៊ីចឹង​ទៅ​ណា។ បើសិនជា​​បាញ់​ក្នុង​គោលបំណង ប៉ះពាល់​​ដល់​យុទ្ធនាការ​ឃោសនា​គេ អា​ហ្នឹង​វា​ត្រូវ​ខុស​ហើយ ទី​មួយ​ ខុស​ច្បាប់​ប្រើ​ប្រាស់​អាវុធ ទី​ពីរ​ វា​អាច​ខុស​ច្បាប់​បោះ​ឆ្នោត។ ច្បាប់​បោះ​ឆ្នោត​វា​គ្រាន់​តែ​​ពិន័យ​ទេ»

ច្បាប់​បោះ​ឆ្នោត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា ១២៤ ថ្មី ចែង​ពី​ទោសបញ្ញត្តិ​ថា ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត លុប​បេក្ខភាព​របស់​សាមី​ខ្លួន ឬ​លុប​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឬ​​នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន ទៅ ២៥​លាន​រៀល​ ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​​ញុះញង់​អ្នក​គាំទ្រ ឬ​អ្នក​បោះ​ឆ្នោត​ឱ្យ​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន អំពើ​គំរាម​កំហែង​ អំពើ​ហិង្សា​ទៅ​លើ​បេក្ខជន​ ឬ​ទៅ​លើ​គណបក្ស​នយោបាយ​ដទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។