អាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនជំទប់ទី២ មកគណបក្សប្រឆាំងនៅខេត្តតាកែវ រឿងប្រមូលស្នាមមេដៃពលរដ្ឋថ្វាយព្រះមហាក្សត្រ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
ប្រធានគណៈកម្មការប្រតិបត្តិ គណបក្សសង្គ្រោះជាតិខេត្តតាកែវ លោក ម៉ៅ សុផល ឲ្យវិទ្យុអាស៊ីសេរី ដឹងថា នៅល្ងាចថ្ងៃទី២៦ ឧសភានេះ ស្នងការខេត្តតាកែវបានដោះលែងជំទប់ទី២របស់គណបក្សសិទ្ធិមនុស្ស លោក ខែង សំអាត ហើយ បន្ទាប់ពីសាកសួរ និងធ្វើកិច្ចសន្យា។ យ៉ាងណាក៏ដោយ លោក ម៉ៅ សុផល ចាត់ទុកការឃាត់ខ្លួននេះ ជាការគំរាមគំហែងមន្ត្រីគណបក្សរបស់លោកឲ្យភ័យខ្លាច ក្នុងសកម្មភាពនយោបាយនៅទូទាំងខេត្តតាកែវទាំងមូល៖ « ខ្ញុំយល់ថា អំពីបញ្ហានេះ បញ្ហាផ្ដិតមេដៃជូនព្រះមហាក្សត្រ គឺអត់ខុសទេ ពីព្រោះការផ្ដិតមេដៃនេះ យើងផ្ដិតមេដៃដែលប្រជាពលរដ្ឋមិនសប្បាយចិត្តអីមួយ ការផ្ដិតមេដៃជូនព្រះមហាក្សត្រ ឬក៏ជូនរដ្ឋសភា ឬក៏ជូនដល់ រដ្ឋាភិបាល ជាសិទ្ធិប្រជាពលរដ្ឋ ។ ចឹងអាបញ្ហាផ្ដិតមេដៃនេះ គឺអត់មានខុសច្បាប់ទេ » ។
កាលពីថ្ងៃទី២៥ ឧសភា លោក ខែង សំអាត ត្រូវបានប៉ូលិសឃុំហៅមកណែនាំដើម្បីឲ្យបញ្ឈប់យកស្នាមមេដៃពលរដ្ឋ ក្រោយដែលលោកបានចុះតាមភូមិប្រមូលស្នាមមេដៃ ដើម្បីថ្វាយទៅព្រះមហាក្សត្រ ក្នុងគោលបំណងទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
ករណីស្រដៀងគ្នានេះ កាលពីថ្ងៃទី២៥ ឧសភា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មកពីគណបក្សសិទ្ធិមនុស្សមួយរូប គឺលោក ដួង ថុល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ទាក់ទងនឹងការប្រមូលស្នាមមេដៃនេះ។ ប៉ុន្តែលោក ដួង ថុល ត្រូវបានដោះលែងវិញ ក្រោយសាកសួររួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
