មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញរបាយការណ៍ស៊ើបអង្កេតអំពីការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ដោយរកឃើញថា ជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ជាដើមហេតុធ្វើឲ្យមានជម្លោះហិង្សានៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ហើយថា ជនអន្តោប្រវេសន៍វៀតណាម ដែលមករស់នៅកម្ពុជា ដោយមិនស្របច្បាប់ទាំងនោះ មានឯកសារដើម្បីទៅបោះឆ្នោត នៅខណៈដែលពលរដ្ឋខ្មែរមួយចំនួនទៀតគ្មានឯកសារបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ការប្រកាសរបាយការណ៍ស៊ើបអង្កេតនេះ នៅខណៈដែលគណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នា ដើម្បីកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតអំពីការបោះឆ្នោត បានរកឃើញថា ជនអន្តោប្រវេសន៍វៀតណាម មានអត្តសញ្ញាណប័ណ្ណមិនស្របនឹងច្បាប់សញ្ជាតិ បែរជាមានសិទ្ធិបោះឆ្នោត ផ្ទុយពីជនជាតិខ្មែរមួយចំនួន បែរជាបាត់បង់សិទ្ធិបោះឆ្នោត ដោយសារអាជ្ញាធរមិនចុះឈ្មោះជូន និងគ្មានឯកសារគ្រប់គ្រាន់ទៅវិញ។
ការបង្ហាញរបាយការណ៍នេះ នៅក្នុងសន្និសីទលើកទី៣ ស្ដីពីការរកឃើញ និងអនុសាសន៍ពីវេទិកាសហគមន៍ និងព័ត៌មានស៊ើបអង្កេតលើដំណើរការការបោះឆ្នោតនៅកម្ពុជា ដែលគេធ្វើឡើងនៅថ្ងៃទី២៨ កុម្ភៈ នេះ។
ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ស៊ី.ស៊ី.អាយ.អិម (CCIM) លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ស៊ី.ស៊ី.អាយ.អិម បានធ្វើវេទិកាសហគមន៍ និងបានធ្វើព័ត៌មានស៊ើបអង្កេតនៅចំនួន ៦ខេត្តរាជធានី គឺបានរកឃើញភាពមិនប្រក្រតីជាច្រើននៃការបោះឆ្នោត អាណត្តិទី៥ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ កន្លងមក។
លោកបញ្ជាក់ថា ភាពមិនប្រក្រតីទាំងនោះមានដូចជា ការបាត់ឈ្មោះអ្នកបោះឆ្នោត ជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់មានសិទ្ធិបោះឆ្នោត ប្រជាពលរដ្ឋខ្មែរក្នុងតំបន់បណ្ដេញចេញគ្មានសិទ្ធិបោះឆ្នោត ការដឹកជញ្ជូនប្រជាពលរដ្ឋទៅបោះឆ្នោតរបស់គណបក្សនយោបាយ ភាពមិនប្រក្រតីនៃការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណ និងផ្សេងៗទៀត៖ «សំឡេងរបស់ប្រជាពលរដ្ឋយើងពាំនាំសំឡេងប្រជាពលរដ្ឋ បើសិនជា គ.ជ.ប មិនមែនកែទម្រង់ការបោះឆ្នោតនេះទេ អាហ្នឹងជាផលលំបាករបស់ពួកគាត់វិញ»។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី បានលើករបាយការណ៍ថា នៅក្នុងខេត្តកំពង់ចាម មានជនអន្តោប្រវេសន៍វៀតណាម ចំនួន ២០០គ្រួសារ បានទៅបោះឆ្នោត ក្នុងនោះមាន ៤ ឬ ៥គ្រួសារប៉ុណ្ណោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ នៅក្នុងរបាយការណ៍ដដែលនេះ បានសម្ភាសជាមួយប្រធានសមាគមវៀតណាម ប្រចាំនៅខេត្តកំពង់ចាម លោក យឿង តាំ អះអាងថា ឲ្យតែវៀតណាម រៀបការជាមួយខ្មែរ គឺបានទៅបោះឆ្នោតទាំងអស់។ ជនជាតិវៀតណាម ស្ទើរតែទាំងអស់មានសៀវភៅ ក២ សម្រាប់ស្នាក់នៅ។
ដោយឡែកចំពោះប្រជាពលរដ្ឋត្រូវបានបណ្ដេញចេញនៅបុរីកីឡា នៅសង្កាត់វាលវង់ រាជធានីភ្នំពេញ ដែលត្រូវបានបញ្ជូនទៅនៅភ្នំបាត និងទួលសំបូរ ប្រមាណ ២០នាក់ បាត់សិទ្ធិបោះឆ្នោត និងអ្នកមិនព្រមចាកចេញប្រមាណ ២០នាក់ទៀត ក៏បាត់សិទ្ធិបោះឆ្នោតដែរ។
លោក ង្វៀង វាំងមាង កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាននិយាយថា លោកបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ក្រោយពេលលោកបានរៀបការជាមួយនារីខ្មែរ កាលពីឆ្នាំ២០០២ ហើយលោកបានប្ដូរឈ្មោះពី ង្វៀង វាំងមាង មកជាឈ្មោះខ្មែរ សុខ មាន វិញ។ នៅក្នុងអត្តសញ្ញាណប័ណ្ណ លោក ង្វៀង វាំងមាង ឬ សុខ មាន នេះ ដាក់ថា លោកមានទីកន្លែងកំណើតនៅវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្ននៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។
នាយការិយាល័យស្ថិតិអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហម រដ្ឋា អះអាងថា លោកមិនបានដឹងថា លោក ង្វៀង វាំងមាង ទទួលបានអត្តសញ្ញាណប័ណ្ណតាមរបៀបណាទេ ប៉ុន្តែលោកទទួលស្គាល់ថា រាល់ការចុះអនុវត្តផ្ទាល់តាមមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោម ពិតជាមានការខ្វះចន្លោះ។
នៅក្នុងច្បាប់សញ្ជាតិចែងថា ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ ត្រូវមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រ តាមការស្នើសុំរបស់រដ្ឋាភិបាល និងត្រូវទៅស្បថនៅចំពោះមុខតុលាការកំពូល បន្ទាប់ពីបានធ្វើសញ្ជាតូបនីយកម្ម។ល។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា បញ្ហានេះត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថាតើជនជាតិវៀតណាម មែនឬមិនមែន ទទួលបានអត្តសញ្ញាណប័ណ្ណមិនស្របតាមច្បាប់សញ្ជាតិនោះ៖ «យើងនាំគ្នាពិនិត្យ ឬស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថាតើគេទទួលបានអត្តសញ្ញាណប័ណ្ណនោះជាវៀតណាម មែនឬមិនមែន? ជួនកាលគ្នាកើតនៅស្រុកខ្មែរ តាំងពីតូចមកទៅ»។
លោក ប៉ា ងួនទៀង បានអះអាងថា លោកនឹងបញ្ជូនរបាយការណ៍ដែលរកឃើញពីភាពមិនប្រក្រតីពីការបោះឆ្នោតនេះ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពេលខាងមុខ។ ការគ្រោងបញ្ជូនរបាយការណ៍ស្ដីពីភាពមិនប្រក្រតីពីការបោះឆ្នោតទៅ គ.ជ.ប នេះ នៅខណៈដែលគណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នាកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
