លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ក្រសួងការបរទេស អនុញ្ញាតឲ្យសាសនិកឥស្លាមជាបុរសពាក់កន្តឹប និងស្ត្រីទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។
សេចក្ដីសម្រេចនេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែកក្កដា។
ការសម្រេចរបស់លោក ហ៊ុន សែន នេះ បន្ទាប់ពីលោកបានទៅចូលរួមពិធីស្រាយបួស ក្នុងពិធីបុណ្យរ៉ាម៉ាដន ជនជាតិចាម នៅព្រះវិហារឥស្លាមក្នុងតំបន់បឹងកក់ និងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ទាក់ទងនឹងករណីនេះដែរ កាលពីថ្ងៃទី៥ កក្កដា លោក សម រង្ស៊ី ក៏បានថ្លែងសារនយោបាយទៅកាន់សាសនិកឥស្លាម នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថា បើគណបក្សលោកឈ្នះឆ្នោត គណបក្សនឹងអនុញ្ញាតឲ្យក្មេងស្រី ឬស្ត្រីជនជាតិចាមពាក់ក្រណាត់គ្របក្បាល ឬហីចាប ថតរូបសម្រាប់យកទៅប្រើប្រាស់ក្នុងឯកសារផ្លូវការ។
ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញ រដ្ឋាភិបាលបានឆ្លងលើសេចក្ដីព្រាងច្បាប់ ស្ដីពីគណនេយ្យ និងសវនកម្ម។ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងអាងទន្លេ។ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
