លោក ជា មុនី ស្នើ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បាន​ឆាប់

ដោយ វ៉ែន សុមេធ
2017.12.15
ជា មុនី អតីត​ប្រធាន​សហជីព ៨៥៥ លោក ជា មុនី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

លោក ជា មុនី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីឈ្មោះ ស្នើ​ទៅ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែ​លឿន​កាន់​តែ​ល្អ។ ការ​លើក​ឡើង​របស់​លោក ជា មុនី ដូច្នេះ ខណៈ​សភា​អឺរ៉ុប ព្រមាន​ទៅ​ដល់​លោក ហ៊ុន សែន ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជា​មិន​ខាន។

​លោក ជា មុនី  ដែល​ត្រូវជា​ប្អូនប្រុស​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤  យល់​ថា បើ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អ្នក​រង​គ្រោះ​គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដូច្នេះ គឺ​លោក ហ៊ុន សែន ងាក​មក​រក​ផ្លូវ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា អ្វី​ដែល​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​មក​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​គ្នា​ដូច្នេះ ព្រោះ​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង  និង​កំពុង​រំលោភ​សិទ្ធិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «»។

​ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា៖ «អាមេរិក បូក អឺរ៉ុប ផ្អាក ឬ​បញ្ឈប់​ផ្ដល់​កូតា​អនុគ្រោះ​ពន្ធ នាំ​ចូល​ទំនិញ គឺ​មិន​មែន​ជា​រឿង​តូចតាច​ឡើយ សូម​មេត្តា​គិត​អោយ​ច្បាស់លាស់ និង​ពិចារណា​ឡើង​វិញ​ពី​ជំហរ​នយោបាយ​របស់​ខ្លួន។ ទោះ​ជា​មហា​យក្ស​ចិន ដែល​ជា​ដៃគូ​ប្រជែង​របស់​អាមេរិក ក៏​មិន​ហ៊ាន​ធ្វើ​បែប​នេះ​ផង ហេតុ​អ្វី​យើង​ជា​ប្រទេស​តូចតាច ក្រីក្រ ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ? លោក​មិន​ខ្វល់ តែ​ពលរដ្ឋ​រាប់​លាន​ក្នុង​ប្រទេស​លោក​ខ្វល់»

​កម្មករ​កាត់ដេរ​ម្នាក់ លោក ញឹប សាវុធ ថា​លោក​ព្រួយ​បារម្ភ​ណាស់​នៅ​ពេល​បាន​ដឹង​ថា សហគមន៍​អឺរ៉ុប​ព្រមាន​បែប​នេះ។ លោក​ស្នើ​ទៅ​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ងាក​មក​ចូល​តុ​ចរចា​ឡើង​វិញ​ដើម្បី​បញ្ចប់​បញ្ហា​ទាំង​នេះ៖ «»។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អោយ​ដឹង​ថា  ខ្លួន​មាន​សមាជិក​ដែល​ជា​រោងចក្រ​កាត់​ដេរ​ចំនួន ៦០០ ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ដល់​កម្មករ​ជាង ៧០​ម៉ឺន​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ស្ត្រី និង​ប្រជាពលរដ្ឋ​ប្រមាណ ២​លាន​នាក់ ព្រមទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។

​ការ​អស់​ភាព​អត់ធ្មត់​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សហគមន៍​អឺរ៉ុប ដែល​ជា​ម្ចាស់​ជំនួយ និង​ជាទី​ផ្សារ​នាំ​ចេញ​សំលៀកបំពាក់​ដ៏​ធំ​របស់​កម្ពុជា ទើប​តែ​បាន​កាត់​ផ្ដាច់​ជំនួយ​ទាំង​អស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ចុង​ក្រោយ​នេះ សភា​អឺរ៉ុប សម្រេច​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំង​អស់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​នេះ​ដែរ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។

យ៉ាង​ណា​ក៏​ដោយ​ចុះ ទន្ទឹម​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​ផ្លែផ្កា​​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម របស់​លោក​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ជា​រឿង​ហួសចិត្ត។ លោក​ថា ដោយសារ​តែ​ផល​ប្រយោជន៍​នៃ​ការ​ប្រកួតប្រជែង​មនោគមន៍​វិជ្ជា គេ​សុខចិត្ត​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដែល​មិន​បាន​បំពេញ​បំណង​របស់​ពួកគេ។

​ប៉ុន្តែ​លោក  ជា មុនី ថា នៅ​ពេល​គ្មាន​អ្នក​បញ្ជា​ទិញ​កម្មករ​រាប់​សិប​ម៉ឺន​នាក់​នឹង​ចេញ​មក​ឈរ​ទាមទារ​តវ៉ា​នៅ​មុខ​រោងចក្រ ដែល​ឈាន​ដល់​ការ​បិទ​ផ្លូវ។ លោក​ថា  ពេល​នោះ​ហើយ​ទើប​លោក ហ៊ុន សែន ដឹង​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​មក​លើ​គណបក្ស​ប្រឆាំង គឺ​ជា​ការ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ និង​រដ្ឋាភិបាល​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។