តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានផ្ញើលិខិតមួយច្បាប់ទៅលោក ហេង សំរិន តាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ស្នើឱ្យព្រមាន និងស្តីបន្ទោសលោក ឈាង វុន ចំពោះករណីដែលបានបណ្ដេញរូបលោកមិនឱ្យផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងបរិវេណរដ្ឋសភា។
លិខិតផ្លូវការរបស់លោក អ៊ុំ សំអាន នៅថ្ងៃទី៨ ខែកក្កដា ទាមទារឱ្យលោក ឈាង វុន សុំទោសរូបលោកជាសាធារណៈ និងអ្នកសារព័ត៌មានដែលត្រូវបានលោក ឈាង វុន បណ្ដេញចេញមិនអនុញ្ញាតឲ្យផ្ដល់បទសម្ភាសន៍ពីបញ្ហាព្រំដែនកាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។
លោក អ៊ុំ សំអាន បានរិះគន់លោក ឈាង វុន ពីករណីយកបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្លូវការរបស់រដ្ឋសភា មកធ្វើការវាយប្រហារលើរូបលោក និងស្នើសុំឱ្យរដ្ឋសភារៀបចំបន្ទប់ណាមួយក្នុងបរិវេណរដ្ឋសភា ដើម្បីឱ្យអ្នកតំណាងរាស្ត្រ និងអ្នកកាសែតអាចសម្ដែងមតិជាសាធារណៈ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានប្រកាន់ជំហរថា លោកនឹងមិនសុំទោសលោក អ៊ុំ សំអាន ជាដាច់ខាត៖ «ឱ្យខ្ញុំសុំទោសរឿងអី បើខ្ញុំអត់មានខុសអីផងហ្នឹង។ គាត់ទេដែលជាអ្នកត្រូវសុំទោសខ្ញុំវិញ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
