សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ឆ្នាំង ចោទមេឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ មកពីគណបក្សប្រជាជនកម្ពុជា ថាមានចេតនាបំភិតបំភ័យ និងគំរាមកំហែងមិនឲ្យអង្គបោះឆ្នោតគណបក្សរបស់ខ្លួន ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌខេត្តក្រុងអាណត្តិទី២។
ការចោទប្រកាន់នេះ បន្ទាប់ពីមេឃុំកោះហៅប្រជាពលរដ្ឋ ២នាក់ ឲ្យត្រៀមខ្លួនធ្វើជាជំទប់ឃុំជំនួសមន្ត្រីគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលកំពុងបំពេញការងារបច្ចុប្បន្ន ប្រសិនបើនៅក្រោយការបោះឆ្នោត គេរកឃើញថា អ្នកទាំងនោះទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
ប្រជាពលរដ្ឋ និងជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំខ្នារឆ្មារ របស់គណបក្សប្រឆាំងចំនួន ២រូប គឺលោក ធូ សារិន និងលោក សៅ សយ ឲ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ថា មេឃុំខ្នារឆ្មារ លោក ទា កុំ ប្រាប់ឲ្យខ្លួនធ្វើប្រវត្តិរូប ដើម្បីត្រៀមចូលកាន់តំណែងនៅក្រោយការបោះឆ្នោតនេះ។
ប៉ុន្តែ អ្នកទាំងពីរយល់ថា នេះគឺជាចេតនារារាំង លោក ញ៉ែម សំណាង ជាជំទប់ទី២មកពីគណបក្សសិទ្ធិមនុស្ស លោក គង់ សុន ជាជំទប់ទី១មកពីគណបក្ស សម រង្ស៊ី និងលោក សោម សារ៉ាន់ ជាក្រុមប្រឹក្សាឃុំគណបក្ស សម រង្ស៊ី ដែលជាអង្គបោះឆ្នោត មិនឲ្យទៅបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ធូ សារិន មានប្រសាសន៍ថា នៅអំឡុងពេលនៃការជួបណែនាំក្នុងសាលាឃុំនោះ មេឃុំបានលើកយកសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្ដីពីការអនុវត្ដគោលការណ៍ និងនីតិវិធីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកអានឲ្យស្ដាប់ រួចប្រាប់ថា ជំទប់ និងក្រុមប្រឹក្សាឃុំគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី នឹងត្រូវអស់សុពលភាពពីគណបក្ស បើទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ ដូច្នេះ ទាមទារឲ្យមានអ្នកជំនួសតំណែង៖ «មេឃុំឈ្មោះ ទា កុំ ហ្នឹងគាត់បានអះអាងថា ខ្ញុំអញ្ជើញមកក្នុងនាមរដ្ឋាភិបាល គាត់ថាម្នាក់ៗធ្វើអ្វីដើម្បីលាភសក្ការៈផ្ទាល់ខ្លួន។ បើយល់ព្រមតាម គាត់ឲ្យខ្ញុំហ្នឹងធ្វើប្រវត្តិរូបដើម្បីដោះដូរ។ គាត់និយាយថា មនុស្សម្នាក់មិនអាចឈរឈ្មោះក្នុងគណបក្សពីរបានទេ»។
ឆ្លើយតបបញ្ហានេះ មេឃុំខ្នារឆ្មារ លោក ទា កុំ បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ជុំវិញបញ្ហានេះ ដោយគ្រាន់ប្រាប់ថា លោកគ្មានសិទ្ធិអ្វីទៅផ្លាស់ប្ដូរតំណែងអ្នកណានោះទេ រួចក៏បិទទូរស័ព្ទតែម្ដង៖ «ខ្ញុំមានទៅផ្លាស់ប្ដូរតំណែងអីគេ ខ្ញុំមានសិទ្ធិអីទៅប្ដូរតំណែងនោះអត់មានទេ»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (Comfrel) លោក គល់ បញ្ញា ថ្លែងថា តាមច្បាប់បោះឆ្នោតពុំមានក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោត មិនត្រូវបានគេដកតំណែងដោយសារតែបោះឆ្នោតឲ្យគណបក្សផ្សេងនោះទេ។ លោកបន្តថា ការព្រមានដកតំណែងដោយសំអាងលើសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នោះ គឺជារឿងមិនត្រឹមត្រូវឡើយ៖ «ជាក់ស្ដែងក៏អត់អាចទៅដកតួនាទីគាត់អីបានដែរ គាត់ធ្វើហ្នឹងគ្រាន់តែជាការគំរាមកំហែងខាងស្មារតីទេ។ គាត់និយាយតែបេក្ខជនទេ តែគាត់អត់មាននិយាយទាក់ទិននឹងអ្នកបោះឆ្នោតទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការចេញការណែនាំរបស់ក្រសួងមហាផ្ទៃ ហ្នឹងក៏មានការជ្រៀតជ្រែកទៅលើដំណើរការបោះឆ្នោតនេះដែរ»។
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ឬអង្គបោះឆ្នោតនៅទូទាំងខេត្តកំពង់ឆ្នាំង សរុបចំនួន ៤១៩រូប ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា ចំនួន ៣០០រូប គណបក្ស សម រង្ស៊ី ចំនួន ៨៧រូប គណបក្សសិទ្ធិមនុស្ស ចំនួន ២១រូប គណបក្សជាតិនិយម ចំនួន ៧រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៤រូប។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌខេត្តក្រុងអាណត្តិទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ហើយគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងមានពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
