រដ្ឋាភិបាលចិន បានរៀបចំពិព័រណ៍សៀវភៅភាសាចិន ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ ពិព័រណ៍នេះបានបើកទ្វារកាលពីថ្ងៃទី១០ ខែតុលា។
ព្រឹត្តិការណ៍របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជានេះ កើតឡើងប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅកម្ពុជា។
ពិព័រណ៍នេះ ដាក់បង្ហាញសៀវភៅចិន រាប់ពាន់ក្បាល រួមមានសៀវភៅទាក់ទងនឹងនយោបាយអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ សុខភាព កសិកម្ម និងបច្ចេកវិទ្យារបស់ស្រុកចិន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ (Xinhua) ផ្សាយថា ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា លោក ស៊ីយ៉ុង ប៉ (Xiong Bo) បញ្ជាក់ថា ពិព័រណ៍នេះមានគោលបំណងពង្រីងទំនាក់ទំនងវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា-ចិន។
រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ឃឹម សារិទ្ធិ មានប្រសាសន៍ថា ពិព័រណ៍សៀវភៅចិន នៅភ្នំពេញនេះ ជួយឲ្យអ្នកអានកម្ពុជា យល់កាន់តែច្បាស់ពីវប្បធម៌ និងអរិយធម៌ចិន។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស ឲ្យដឹងថា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
