សាលា​រាជធានី​គ្រោង​ប្រជុំ​ទាក់ទង​ការ​សុំ​ធ្វើ​បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ

សាលា​រាជធានី​ភ្នំពេញ នឹង​ប្រជុំ​ពិនិត្យ​លើ​សំណើ​ដែល​ជា​លិខិត​ជូន​ដំណឹង​ធ្វើ​បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ។ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ឲ្យ​ដឹង​ថា លោក​បាន​ឃើញ​លិខិត​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​បាន​ថា តើ​សាលា​រាជធានី​នឹង​ឆ្លើយ​តប​នឹង​សំណើ​នេះ​យ៉ាង​ណា​ទេ។

ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ នឹង​កំណត់​ថ្ងៃ​ប្រជុំ​ជាមួយ​លោក ម៉ម សូណង់ដូ ដើម្បី​ជជែក​លម្អិត​ពី​ខ្លឹមសារ​លិខិត​របស់​លោក ម៉ម សូណង់ដូ។ លោក​អភិបាល​រង​ឲ្យ​ដឹង​ទៀត​ថា ខ្លឹមសារ​ទាមទារ​របស់​លោក ម៉ម សូណង់ដូ ជា​ការ​លូកដៃ​ចូល​ការងារ​របស់​តុលាការ និង​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​នៅ​កម្ពុជា៖ «ចាំ​មើល​យើង​ប្រជុំ​ពិភាក្សា​សិន ព្រោះ​វា​មាន​បញ្ហា​មួយ​ដែល​នៅ​ក្នុង​លិខិត​ហ្នឹង​គាត់​សុំ​សម្ដែង​មតិ សុំ​ដោះលែង​ពិរុទ្ធជន​ដែល​កំពុង​ជាប់​ទោស​នៅ​តុលាការ រឿង​ហ្នឹង​វា​ទាក់ទង​ទៅ​និទណ្ឌភាព ដែល​កន្លង​មក​អង្គារ​សង្គម​ស៊ីវិល​ទាំង​អស់​អំពាវនាវ​សុំ​កុំ​អោយ​មាន​និទណ្ឌភាព»

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ អះអាង​ថា លោក​នឹង​ប្រមូល​អ្នក​គាំទ្រ​ប្រមាណ ២០០​នាក់​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា ដើម្បី​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស ៤​នាក់ និង​អគ្គលេខាធិការ​រង​នៃ គ.ជ.ប ម្នាក់ ដែល​រង​ការ​ចោទ​ប្រកាន់ និង​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ទាក់ទង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។