ការផ្តល់យោបល់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបិទទ្វារមិនឲ្យអ្នកកាសែតចូលនាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅស្នាក់ការគណបក្សសង្គ្រោះជាតិ រវាងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីស្វែងរកដំណោះស្រាយនយោបាយ បន្ទាប់ពីការចរចារវាងបក្សជាប់ឆ្នោតទាំងពីរ មិនទាន់បានសម្រេចលទ្ធផលជាផ្លែផ្កានៅឡើយនោះ។
សង្គមស៊ីវិលផ្តល់យោបល់ថា គណបក្សសង្គ្រោះជាតិ មិនគួរចូលរួមប្រជុំសភាជាដំបូង នៅថ្ងៃទី២៣ ខែកញ្ញា ឡើយ ហើយបក្សប្រឆាំងគួរណាស់តែបន្តការចរចាជាមួយបក្សកាន់អំណាច ដើម្បីបើកផ្លូវឲ្យមានការស្វែងរកការពិតជូនម្ចាស់ឆ្នោត។
សមាជិកបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលបានចូលរួមផ្តល់អនុសាសន៍ឲ្យបក្សប្រឆាំង លោក គល់ បញ្ញា មានប្រសាសន៍ថា សង្គមស៊ីវិលស្នើជាដំបូងឲ្យបក្សប្រឆាំងជំរុញបក្សកាន់អំណាច ស្វែងរកការពិតស្ដីពីភាពមិនប្រក្រតី ជុំវិញដំណើរការបោះឆ្នោត។
លោកបន្តថា បើសិនជារកការពិតឃើញ បក្សជាប់ឆ្នោតទាំងពីរទទួលបានផលប្រយោជន៍ដូចគ្នា ដោយបក្សប្រឆាំងអាចជម្រះមន្ទិលអ្នកគាំទ្រថា ខ្លួនជាប់ឆ្នោតមែន ឬអត់? ហើយបក្សកាន់អំណាចនឹងមានកិត្តិយសក្នុងនាមជាអ្នកឈ្នះដោយយុត្តិធម៌។ លោកបញ្ជាក់ថា ដើម្បីតម្កល់ផលប្រយោជន៍ជាតិ គណបក្សទាំងពីរត្រូវតែស្រុះស្រួលគ្នាធ្វើការកែទម្រង់ឲ្យស៊ីជម្រៅបំផុតតាមដែលអាចធ្វើទៅបាន។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា សង្គមស៊ីវិលបានផ្តល់អនុសាសន៍ឲ្យបក្សសង្គ្រោះជាតិ លើបីចំណុចសំខាន់ៗរួមមាន ការស្វែងរកការពិតជូនម្ចាស់ឆ្នោត ធ្វើការកែទម្រង់លើស្ថាប័នជាតិអាទិភាពមួយចំនួន និងមិនត្រូវចូលរួមប្រជុំសភាជាលើកដំបូងទេ នៅថ្ងៃទី២៣ ខែកញ្ញា។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទទួលយកអនុសាសន៍ទាំងស្រុងពីសង្គមស៊ីវិល ហើយក៏នឹងប្រមូលយោបល់ពីម្ចាស់ឆ្នោតទៀតដែរ តែលោកជឿថា ម្ចាស់ឆ្នោតលក់មាន់ លក់ឆ្កែ មកធ្វើបាតុកម្ម គឺដើម្បីតែយុត្តិធម៌។
លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនទាន់ឃើញមានសញ្ញាភ្លើងខៀវដើម្បីបើកការចរចាជាមួយបក្សប្រជាជន ជាថ្មីទេ ហើយគម្រោងបាតុកម្មជាលើកទី៣ ក៏នឹងអាចកើតមាននាពេលខាងមុខដែរ។
ទន្ទឹមនឹងការជួបជាមួយសង្គមស៊ីវិល នៅថ្ងៃទី១៨ ខែកញ្ញា នេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងក៏បានចូលជួបតំណាងសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដើម្បីសុំយោបល់ពីភាគីអន្តរជាតិដែរ។
មន្ត្រីបក្សប្រឆាំងបានប្រាប់ថា នឹងបន្តជួបបណ្ដាទូតប្រទេសដទៃទៀតដែលកាន់លទ្ធិប្រជាធិបតេយ្យ ដើម្បីស្នើសុំយោបល់ជុំវិញបញ្ហាទាំងនេះ ប៉ុន្តែមតិយោបល់ក្នុងជំនួបនោះ មិនអាចបង្ហាញជាសាធារណៈទេ។ សង្គមស៊ីវិលមួយចំនួនផ្តល់យោបល់ថា គណបក្សសង្គ្រោះជាតិ ក៏អាចស្វែងរកតុល្យភាពអំណាច តាមរយៈការស្នើកាន់កាប់ស្ថាប័ននីតិប្បញ្ញត្តិ ឬរដ្ឋសភាដែរ ហើយកិច្ចការស្វែងរកដំណោះស្រាយ ត្រូវធ្វើដោយប្រយ័ត្នប្រយែងបំផុត។
ទន្ទឹមនឹងនេះ អ្នកជំនាញស្រាវជ្រាវអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា គណបក្សប្រឆាំងនឹងអាចមានឱកាសតទល់ដោយស្មើមុខជាមួយបក្សកាន់អំណាច បើសិនជាបានគ្រប់គ្រងរដ្ឋសភា។ ប៉ុន្តែ បក្សប្រឆាំងត្រូវមើលគំរូរបស់សម្ដេចក្រុមព្រះ ដែលរលាយបក្សដោយធ្វើប្រធានសភានេះដែរ។ លោកបន្តថា បើមិនមានការព្រមព្រៀងគ្នាលើចំណុចលម្អិតតូចៗជាមុនទេ នោះក៏នឹងមិនមានការកែទម្រង់ធំដុំដែរ។ លោកបញ្ជាក់ថា គណបក្សប្រឆាំងត្រូវរៀបចំគ្រោងការឲ្យបានរួចរាល់ ពេលដែលចរចាជាមួយបក្សកាន់អំណាច បើចរចាបានសម្រេច គឺត្រូវចុះហត្ថលេខាទទួលខុសត្រូវទាំងសងខាងតែម្តង។
ថ្នាក់ដឹកនាំកំពូលរបស់គណបក្សជាប់ឆ្នោតទាំងពីរ បានបើកកិច្ចចរចាគ្នាចំនួន ២ដងរួចមកហើយ តែលទ្ធផលមិនបានធំដុំទេ។ ការចរចាលើកទី១ នៅថ្ងៃទី១៦ ខែកញ្ញា គណបក្សប្រជាជនយល់ព្រមបញ្ឈប់អំពើហិង្សា យល់ព្រមកែទម្រង់ប្រព័ន្ធបោះឆ្នោត និងយល់ព្រមបន្តចរចាជាថ្មី។ ការចរចាលើកទី២ គណបក្សទាំងពីរអះអាងថា មានជំហរខិតជិតគ្នា។ ប្រភពក្រៅផ្លូវការខ្លះបានបញ្ជាក់ថា គណបក្សប្រឆាំងចង់បានរដ្ឋសភាមកគ្រប់គ្រង និងចង់កាន់កាប់ក្រសួងអាទិភាពមួយចំនួន ប៉ុន្តែទាំង លោក សម រង្ស៉ី និង លោក កឹម សុខា បានបដិសេធចំពោះបញ្ហានេះ ដោយបញ្ជាក់ថា យុត្តិធម៌របស់ម្ចាស់ឆ្នោត គឺសំខាន់ជាងអ្វីៗទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
