អ្នក​វិភាគ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ងាក​មក​តុ​ចរចា

0:00 / 0:00

ការ​ជាប់​គាំង​នយោបាយ​ជា​ដើមចម​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់ ការ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​រង​របួស​ធ្ងន់​ស្រាល ដោយ​ការ​ប្រើ​អំពើ​ហិង្សា​របស់​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ឬ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

បញ្ហា​នេះ ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​និង​អ្នក​វិភាគ​នយោបាយ​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទម្លាក់​ចោល​នូវ​ការ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន ហើយ​ងាក​មក​រក​តុ​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​នយោបាយ​វិញ ប្រសើរ​ជាង​ម្ខាង​ធ្វើ​បាតុកម្ម ម្ខាង​ចាំ​បង្ក្រាប ហើយ​អ្នក​ដែល​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ប្រកាស​ជំហរ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ការ​ចរចា​ដើម្បី​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​នោះ បាន​អូស​បន្លាយ​ពេល​ប្រមាណ ៧​ខែ​មក​ហើយ នៅ​តែ​មិន​ទាន់​ដោះស្រាយ​បាន។

ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ត្រូវតែ​យក​ជំហរ​រឹងទទឹង​រៀងៗ​ខ្លួន​ដាក់​មួយ​ឡែក​សិន ហើយ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ទើប​ការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នេះ​រក​ទី​បញ្ចប់​ឃើញ។

មេធាវី​ប្រធាន​ការិយាល័យ​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​បណ្ឌិត សុក សំអឿន មាន​ប្រសាសន៍​ថា បញ្ហា​ជាប់​គាំង​នយោបាយ​នេះ ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​គិត​ពី​ផលប្រយោជន៍​គណបក្ស​ធំ​ពេក ពិសេស​ទៅ​ទៀត​នោះ គណបក្ស​ទាំង​ពីរ​មិន​បន្ទន់​ឥរិយាបថ ហើយ​ប្រកាន់​នូវ​ជំហរ​របស់​ខ្លួន​រៀងៗ​ខ្លួន។ លោក​បញ្ជាក់​ថា ការ​ចរចា​នេះ​ទៀតសោត គ្មាន​នៅ​កណ្ដាល ឬ​អ្នក​ផ្សះផ្សា​ជាដើម។

នៅ​ក្នុង​រយៈពេល​ជាប់​គាំង​នយោបាយ​កន្លង​មក​នេះ តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ប្រកាស​អំពី​ជំហរ​ចរចា​ជានិច្ច រហូត​ឈាន​ដល់​ការ​ចរចា​ផ្នែក​បច្ចេកទេស និង​ជួប​ថ្នាក់​ដឹក​នាំ​កំពូល។ ចុង​ក្រោយ​ថ្មីៗ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុ​ប្រធាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចរចា​គ្នា​តាម​ទូរស័ព្ទ។ ភាគី​ទាំង​ពីរ​បាន​ប្រកាស​ថា ការ​ជួប​ចរចា​តាម​ទូរស័ព្ទ​នោះ បាន​ជោគជ័យ ៨០% ឬ ៩០% ហើយ។ តែ​ទីបំផុត​មក​ទល់​ពេល​នេះ ពន្លឺ​នៃ​លទ្ធផល​នៃ​ការ​ចរចា​នោះ​បាន​រលត់​បាត់​ទៅ​វិញ។

អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ការ​ជាប់​គាំង​នយោបាយ​នេះ កម្ពុជា​នឹង​ប្រឈម​ហានិភ័យ​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត និង​សង្គម​ជាតិ​ទាំង​មូល។ ផលវិបាក​ទាំង​នោះ រួម​មាន​ប្រទេស​ជា​ម្ចាស់​ជំនួយ​មិន​ផ្ដល់​ជំនួយ ឬ​ផ្ដល់​ប្រាក់កម្ចី​ផ្សេងៗ​ដល់​រដ្ឋាភិបាល​ឯក​បក្ស អ្នក​វិនិយោគ​ក្នុង​ស្រុក​មិន​បណ្ដាក់​ទុន​វិនិយោគ​បន្ត រីឯ​អ្នក​វិនិយោគ​បរទេស​វិញ បញ្ឈប់​ការ​វិនិយោគ​តែម្ដង។ ប្រជាពលរដ្ឋ​គាំទ្រ​បក្ស​ទាំង​ពីរ​មិន​ចុះសម្រុង​នឹង​គ្នា​នៅ​ក្នុង​សង្គម និង​ដើរ​ធ្វើ​បាតុកម្ម​ប្រឆាំង​បាត់បង់​ការ​ឯកភាព​ជាតិ។ លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​និង​កងកម្លាំង​ប្រដាក់​អាវុធ បាន​យក​គ្នា​ធ្វើ​ជា​សត្រូវ ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​គ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត។

​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​ចរចា​មិន​ត្រូវ​រ៉ូវ​គ្នា​កន្លង​មក​នេះ ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​អាង​លើ​ការ​ពឹង​បរទេស​រៀងៗ​ខ្លួន។ ក៏​ប៉ុន្តែ​ការ​ពឹង​បរទេស​នេះ លោក​បញ្ជាក់​ថា វា​នឹង​មិន​មាន​លទ្ធផល​ល្អ​ទេ ចំពោះ​ការ​ពឹង​ពាក់​បរទេស​នោះ ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍​ប្រទេស​មួយ​ចំនួន​បច្ចុប្បន្ន​ដែល​កំពុង​តែ​មាន​បញ្ហា ដែល​មាន​ប្រទេស​មហា​អំណាច​នៅ​ពី​ក្រោយខ្នង​រៀងៗ​ខ្លួន​នោះ។

លោក​បណ្ឌិត សុខ ទូច៖ «ឥឡូវ​នេះ​យើង​ឃើញ​ទាំង​អស់​គ្នា​ហើយ​នូវ​ទិដ្ឋភាព​ការ​ប្រើប្រាស់​បរទេស ទាំង​នៅ​អ៊ុយក្រែន ទាំង​នៅ​ស៊េរី ទាំង​នៅ​កូរ៉េ​ខាង​ជើង ហ្នឹង​យើង​បាន​ឃើញ​គ្រប់​គ្នា​អស់​ហើយ អ៊ីចឹង​អ្នក​នយោបាយ​គួរ​សម​ល្មម​ហើយ។ កាល​ពី​មុន​យើង​ចេះ​តែ​ថា​វា​មិន​អី​ទេៗ ហើយ​កម្ពុជា​ពឹង​ផ្អែក​លើ​សេដ្ឋកិច្ច​បរទេស​ទាំង​អស់ ហើយ​កម្ពុជា ត្រូវ​ការ​ទាំង​នាំ​ចេញ ទាំង​នាំ​ចូល គឺ​ត្រូវ​ការ​សេដ្ឋកិច្ច​បរទេស ក៏​ដូច​ជា​ការ​វិនិយោគ​របស់​បរទេស...»

​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៤​នេះ បាន​កើត​មាន​ជា​ហូរហែ​ដែល​កើត​ចេញ​ពី​ការ​ជាប់​គាំង​នយោបាយ។ ប្រជាពលរដ្ឋ​និង​ក្រុម​សមត្ថកិច្ច​ប្រឈម​ដាក់​គ្នា​ដ៏​តឹងតែង​មួយ​នៅ​ក្នុង​ដំណាក់កាល​នេះ។ របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មាន​មនុស្ស​របួស​ប្រមាណ ១០០​នាក់ ស្លាប់ ៦​នាក់ បាត់​ខ្លួន​ម្នាក់ និង​ជាប់​ពន្ធនាគារ​ជាង ២០​នាក់ ដែល​តុលាការ​កំពុងតែ​ដំណើរការ​នីតិវិធី​កាត់​ក្ដី​នៅ​ឡើយ។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​ពន្យល់​ថា ការ​ចាប់​ខ្លួន​ក្នុង​ពេល​រដ្ឋាភិបាល​បង្ក្រាប​បាតុកម្ម​នេះ ជា​ចំណាប់​ខ្មាំង​នយោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដាក់​សម្ពាធ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ នៅត្រង់​ចំណុច​នេះ លោក​បណ្ឌិត សុក សំអឿន បន្ថែម​ថា ជន​ដៃដល់​បាញ់​សម្លាប់​ប្រជាពលរដ្ឋ កម្មករ ឬ​ក្រុម​សន្តិសុខ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​នោះ មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ នៅ​ពេល​ណា​កម្ពុជា មាន​តុលាការ​ឯករាជ្យ។

លោក​បណ្ឌិត សុក សំអឿន៖ «ពិសេស​រដ្ឋាភិបាល​លើក​ក្រោយៗ​ហ្នឹង​គឺ​មិន​អាច​បំភ្លេច​បាន​ទេ ហើយ​ជា​ពិសេស​យើង​អត់​ចង់​ឲ្យ​ដូច​ថា ជាប់​គាំង​នយោបាយ​ទៅ​យក​រឿង​អី​ផ្សេងៗ ចាប់​កម្មករ​អី អា​ហ្នឹង​ដូច​ជា​ចំណាប់​នយោបាយ​មួយ​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា យើង​ជា​ប្រជាពលរដ្ឋ យើង​ចង់​ឃើញ​ការ​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ ហើយ​ចង់​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​គិតគូរ​រឿង​ស្រុក​ទេស​យើង សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​យើង»

ម្យ៉ាងវិញទៀត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ស្ថានភាព​ជាប់​គាំង​នយោបាយ​នៅ​តែ​អូស​បន្លាយ​នេះ នឹង​ធ្វើ​ឲ្យ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅ​ពេល​ដែល​រដ្ឋាភិបាល​ឯកបក្ស​ប្រើ​យុទ្ធវិធី​ឈ្នះ​ឈ្នះ​នោះ។ លោក​ឡើង​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​ត្រូវ​តែ​ងាក​មក​រក​តុ​ចរចា​វិញ​ប្រសើរ​ជាង៖ «យើង​ឃើញ​គណបក្ស​កាន់​អំណាច ដូច​ជា​គិត​ពី​អំណាច និង​បក្ស​ពួក​ធំ​ជាង​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ប្រជាពលរដ្ឋ។ គណបក្ស​ទាំង​២ ត្រូវ​តម្កល់​អ៊ីចឹង អា​ហ្នឹង​បាន​យើង​អាច​ចរចា​គ្នា​បាន»

គណបក្ស​នយោបាយ​ទាំង​ពីរ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​គណបក្ស​ណា​មួយ​ប្រកាស​ជំហរ​បញ្ឈប់​ការ​ចរចា​នៅ​ឡើយ។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ចង់​ចរចា តែ​គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​បញ្ចេញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ចរចា​នោះ​ទេ។

អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ខែត្រ​កណ្ដាល លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ តំណាង​គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​ទាក់ទង​គ្នា​ដើម្បី​ជួប​ចរចា​ជា​ថ្មី​នៅ​ឡើយ​ទេ តែ​លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ចង់​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ដើម្បី​កុំ​ឲ្យ​គណបក្ស​ទាំង​ពីរ​បែរ​ខ្នង​ដាក់​គ្នា​វិញ​ក្រោយ​ពេល​ចរចា​នោះ ការ​ចរចា​លើក​ក្រោយ​ត្រូវ​តែ​មាន​អ្នក​ទី​បី​ដែល​ជា​មនុស្ស​ចាស់ទុំ​ខាង​នយោបាយ​ធ្វើ​ជា​សាក្សី ជៀសវាង​ក្រោយ​ពី​ការ​ចរចា​ហើយ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បណ្ឌិត សុខ ទូច បាន​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បញ្ចប់​នូវ​វប្បធម៌​ពឹង​ពាក់​បរទេស ហើយ​ត្រូវ​ឈរ​លើ​គោលការណ៍​ខ្មែរ​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​វិញ​ប្រសើរ​ជាង។

​អ្នក​ជំនាញ​ខាង​នយោបាយ​បាន​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ឆាប់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​ទេ កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ពិសេស​ប្រទេស​ជា​ម្ចាស់​ជំនួយ​ដែល​តែងតែ​ផ្ដល់​ជូន​រដ្ឋាភិបាល​នោះ មិន​ទាន់​ប្រកាស​ផ្ដល់​ជូន​រដ្ឋាភិបាល​នៅ​ឡើយ​មកទល់​ពេល​នេះ។ ម្យ៉ាង​ទៀត វិស័យ​ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​រង​ផល​ប៉ះពាល់​ពី​ស្ថានការណ៍​ជាប់​គាំង​នយោបាយ​នេះ ក្នុង​នោះ​រួម​មាន​វិស័យ​កាត់ដេរ និង​ការ​ហូរ​ចូល​អ្នក​វិនិយោគ​ទុន​បរទេស។ ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​អំពើ​ហិង្សា​នឹង​កាន់តែ​ផ្ទុះ​ឡើង​ថែម​ទៀត ខណៈ​ស្ថានភាព​នយោបាយ​ជាប់​គាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។