មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសហជីព ចាត់ទុកការកែទម្រង់គណៈកម្មាធិការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញារបស់រដ្ឋាភិបាល ដោយការបញ្ចូលសមាសភាពមន្ត្រីយោធាជាន់ខ្ពស់ក្នុងគណៈកម្មាធិការមួយនេះថា គឺជាឧបសគ្គយ៉ាងធ្ងន់ធ្ងរសម្រាប់ការកែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែ មន្ត្រីកងរាជអាវុធហត្ថអះអាងថា ការបញ្ចូលសមាសភាពថ្មីនេះ នឹងជួយសម្រួលកិច្ចការជាច្រើនដល់ក្រុមអ្នកតវ៉ាទៅវិញទេ។
ប្រតិកម្មតបរបស់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងសហជីព គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ ទី១៩ កុម្ភៈ បានដាក់បញ្ចូលមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនទៀត ក្នុងគណៈកម្មាធិការសម្រាប់ដោះស្រាយរាល់បញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈ ថា ការដាក់បញ្ចូលមន្ត្រីក្រាក់ៗ និងដ៏មានឥទ្ធិពលមកពីកងរាជអាវុធហត្ថ នគរបាលជាតិ និងយោធាបន្ថែមលើសមាសភាពដែលមានស្រាប់ ជាសញ្ញាបញ្ជាក់ថា ការប្រឈមក្នុងដំណើរការប្រជាធិបតេយ្យ និងកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធីរបស់អ្នកតវ៉ា នឹងរឹតតែជួបឧបសគ្គជាងមុន។ លោក អាត់ ធន់ បន្តថា វត្តមានរបស់មន្ត្រីយោធាជាន់ខ្ពស់នៅពេលនេះ គឺជាសម្ពាធដ៏គ្រោះថ្នាក់ចំពោះក្រុមអ្នកតស៊ូមតិ ក្នុងដំណើរការប្រជាធិបតេយ្យ។
«សំឡេង»
កាលពីថ្ងៃពុធ ទី១៩ កុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្ម នៅតាមគ្រប់សញ្ញា ដោយបង្កើនសមាជិកគណៈកម្មការនេះរហូតដល់ ៤៩នាក់។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) រិះគន់ការកែទម្រង់នេះថា គេកម្រឃើញលទ្ធផលកើតចេញពីការដោះស្រាយផ្ទុយទៅវិញ បន្ទុកនៃបញ្ហាបានបន្តចាក់ស្រេះ។
យ៉ាងណា លោក អំ សំអាត យល់ថា ប្រសិនបើការបង្កើតគណៈកម្មការក្រោយនេះអាចកាត់បន្ថយបញ្ហាបាន នោះជាវិធីដ៏ប្រសើរ ក៏ប៉ុន្តែ បើយុទ្ធសាស្ត្រថ្មីនេះជារនាំងសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីវិញ នោះជាការតឹងតែងណាស់ចំពោះក្រុមអ្នកតវ៉ា។
«សំឡេង»
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា កំណែទម្រង់ថ្មីនៅពេលនេះ ដែលមានមន្ត្រីជាន់ខ្ពស់ចូលរួម នឹងពុំមែនជាឧបសគ្គសម្រាប់សម្រាប់ដំណើរការនៃប្រជាធិបតេយ្យ ដូចអ្វីដែលសង្គមស៊ីវិលលើកឡើងឡើយ។ លោកអះអាងថា សមាសភាពថ្មីនេះនឹងជួយសម្រួលកិច្ចការ និងនីតិវិធីសម្រាប់ក្រុមអ្នកតវ៉ាទៅវិញ។
«សំឡេង»
អនុក្រឹត្យរបស់ លោក ហ៊ុន សែន កាលពីថ្ងៃពុធ នោះដាក់បញ្ចូល លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថបន្ថែមទៀត។ លើសពីនេះ អនុក្រឹត្យស្ដីពីការកែទម្រង់នេះ បានដាក់បទបញ្ជាចំពោះមន្ត្រីគ្រប់មន្ទីរក្រសួង និងគ្រប់រាជធានីខេត្ត ក្រុង ត្រូវអនុវត្តគោលការណ៍នេះប្រកបដោយប្រសិទ្ធភាព។
ការសម្រេចនេះ ធ្វើឡើងក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី១៩ កុម្ភៈ ដំណាលគ្នានឹងក្រុមអ្នកបញ្ជាទិញចំនួន ២៧ និងសហជីពអន្តរជាតិចំនួន ៣ស្ថាប័ន ជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាល លោក គាត ឈន់ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
