សង្គម​ស៊ីវិល​រិះគន់​ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​នគរបាល

0:00 / 0:00

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ថ្លែង​រិះគន់​ចំពោះ​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ទៅ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​រក្សា​សន្តិសុខ​សង្គម បង្ក្រាប​ក្រុម​បាតុករ និង​ការ​ទាមទារ​ផ្សេងៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក។

ពួក​គេ​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​កង​កម្លាំង ឲ្យ​ប្រើប្រាស់​អំពើ​ហិង្សា​បំបែក​បង្ក្រាប​ការ​តវ៉ា​ដោយ​អហិង្សា​របស់​ពលរដ្ឋ។ ការ​រិះគន់​នេះ កើត​ឡើង​បន្ទាប់​ពី​កង​កម្លាំង​នគរបាល​ប្រហែល ២.០០០​នាក់ បាន​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​ម្នាក់ ១០​ម៉ឺន​រៀល​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ។

អ្នក​ការពារ​សិទ្ធិ​មនុស្ស ហៅ​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ក្រុម​នគរបាល ដែល​បាន​បង្ក្រាប​ការ​តវ៉ា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ថា​កំពុង​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ជា​សាធារណៈ ដែល​ជា​តម្រូវ​ការ​ចាំបាច់​ក្នុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) មិន​គាំទ្រ​ការ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​បែប​នេះ​ទេ ដោយ​យោង​តាម​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ខ្ញុំ​គិត​ថា ការ​ផ្ដល់​រង្វាន់​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​នៅ​ក្នុង​កាលៈទេសៈ​នេះ វា​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ដែល​មតិ​សាធារណៈ​ក៏​ដូច​ជា​ជាតិ និង​អន្តរជាតិ គេ​នឹង​រិះគន់​ថា ការ​លើក​ទឹក​ចិត្ត​នេះ ហាក់​បី​ដូច​ជា​ការ​គាំទ្រ​ឲ្យ​មាន​វប្បធម៌​អំពើ​ហិង្សា​ជា​បន្ត​ទៀត ព្រោះ​បើ​យើង​មើល​ទៅ​លើ​ស្ថានភាព វា​ជា​ស្ថានភាព​មួយ​ដែល​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​ហូរហែ ហើយ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ហូរហែ»

លោក អំ សំអាត ក៏​បាន​បញ្ជាក់​អំពី​សិទ្ធិ​នយោបាយ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែរ ដែល​រដ្ឋ​ជា​ភាគី​ដៃគូ ត្រូវ​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​បើ​ការ​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​នានា ត្រូវ​ចាត់​ទុក​ជា​ការ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ៖ «ក្នុង​កតិកា​ក្ដី ក្នុង​អនុសញ្ញា​ក្ដី នៅ​ក្នុង​បទដ្ឋាន​ផ្សេងៗ​ក្ដី គេ​ចែង​ពី​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ជួប​ជុំ ការ​ប្រមូល​ផ្ដុំ ការ​តវ៉ា និង​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី។ ដាច់​ខាត រដ្ឋ​ជា​ភាគី​ត្រូវ​តែ​ធានា​នូវ​សិទ្ធិ​ជា​មូលដ្ឋានគ្រឹះ​របស់​ប្រជាពលរដ្ឋ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ដក​ពិសោធ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយ​មាន​ការ​ចូលរួម​របស់ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ។ កិច្ច​ប្រជុំ​នោះ ត្រូវ​បាន​ប្រារព្ធ​ដើម្បី​ថ្លែង​អំណរគុណ និង​កោត​សរសើរ​ចំពោះ​ការ​ប្រឹងប្រែង​របស់​កង​កម្លាំង​នគរបាល ក្នុង​ការ​រក្សា​សន្តិសុខ​សង្គម បង្ក្រាប​ក្រុម​បាតុករ និង​ការ​ទាមទារ​ផ្សេងៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក ពោល គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។

នៅ​ក្នុង​កម្មវិធី​នោះ ក៏​មាន​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នាំ​មក​ជូន​ដោយ លោក ជួន សុវណ្ណ ដល់​កង​កម្លាំង​នគរបាល​រាជធានី​ចូលរួម​ទាំង ២.០០០​នាក់ ដែល​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ចំនួន ១០​ម៉ឺន​រៀល។

លោក ជួន សុវណ្ណ បាន​រៀបរាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​ពី​ស្នាដៃ​បង្ក្រាប​ក្រុម​បាតុករ​របស់​ក្រុម​សន្តិសុខ ក្នុង​គោល​បំណង​រក្សា​សន្តិសុខ​សង្គម​ជាច្រើន​លើក ហើយ​លោក​ក៏​បាន​រៀបរាប់​ពី​ការ​ខូចខាត​ដែល​បន្សល់​ពី​ការ​ធ្វើ​បាតុកម្ម៖ «ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ចំនួន ៨៦​លើក ក្នុង​នោះ​បាន​បង្ក​អំពើ​ហិង្សា​ចំនួន​បី​លើក​ជាក់ស្ដែង ដែល​មាន​ទឹក​ប្រាក់​ប៉ាន់ស្មាន​ប្រមាណ ៧២.២៣៣.៧០៣​ដុល្លារ​អាមេរិក»

លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ច្បាប់​របស់​សមាគម​អាដហុក (adhoc) គិត​ថា រូបភាព​នៃ​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ មិន​មែន​ជា​ការ​ល្អ​ឡើយ​ក្នុង​សង្គម​ខ្មែរ ដោយ​ហេតុ​ថា ការ​លើក​ទឹក​ចិត្ត​នេះ ពិត​ជា​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​សង្គម​កាន់​តែ​ច្រើន៖ «អ្វី​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ​បង្ក្រាប​ដោយ​ហិង្សា ទៅ​លើ​ក្រុម​បាតុករ​អហិង្សា មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​ត្រឹមត្រូវ​នោះ​ទេ គឺ​ការ​លើក​ទឹក​ចិត្ត ជំរុញ​ឲ្យ​មាន​ប្រព្រឹត្ត​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត»

លោក នី ចរិយា ក៏​បាន​ដាក់​បន្ទុក​លើ​ក្រសួង​មហាផ្ទៃ ចំពោះ​ការ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត និង​ការ​បង្ក្រាប​ក្រុម​បាតុកម្ម​កន្លង​មក៖ «កន្លង​មក​ដែល​ទទួល​បញ្ជា​ពី​ក្រសួង​មហាផ្ទៃ មាន​ន័យ​ថា អ្វី​ដែល​ជា​បង្ក្រាប​កន្លង​មក គឺ​ជា​ការ​បង្ក្រាប​ដោយ​ទទួល​បញ្ជា​ពី​ក្រសួង​មហាផ្ទៃ ហើយ ព្រោះ​ក្រសួង​មហាផ្ទៃ ជា​អ្នក​សរសើរ​ឲ្យ​បង្ក្រាប​កន្លង​មក។ សួរ​ថា តើ​ការ​បង្ក្រាប​កន្លង​មក បាន​អនុលោម​ទៅ​តាម​ច្បាប់​ស្ដី​អំពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឬ​ទេ?»

លោក ជួន សុវណ្ណ ក៏​បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​នគរបាល​ត្រូវ​បាន​ហ្វឹកហាត់ ដើម្បី​រក្សា​ភាព​អត់ធ្មត់​ក្នុង​ការ​រក្សា​សន្តិសុខ​នៃ​ក្រុម​បាតុករ​ដែរ៖ «បាន​ណែនាំ​ឲ្យ​គ្រប់​កម្លាំង​សមត្ថកិច្ច មាន​ការ​អត់ធ្មត់ និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​គោរព​បទបញ្ជា ដោយ​មិន​តបត ឬ​ប្រើ​អំពើ​ហិង្សា​អ្វី​មួយ​ប៉ះពាល់​ដល់​ក្រុម​បាតុករ»

ទោះ​ជា​យ៉ាង​ណា ការ​ប៉ះ​ទង្គិច​នៅ​តែ​កើត​មាន​ឡើង ហើយ​គេ​បាន​ដាក់​កំហុស​លើ​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ដោយ​មិន​បាន​សុំ​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មិន​យល់​ថា ការ​ដែល​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ឲ្យ​ក្រុម​នគរបាល​នេះ ជា​ការ​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ទេ ព្រោះ​ការ​ឧបត្ថម្ភ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​រូបភាព​លើក​ទឹក​ចិត្ត​កាតព្វកិច្ច​ការងារ​ប៉ុណ្ណោះ៖ «បើ​សិន​ជា​ឧបមា​ថា បើ​អ្នក​ហ្នឹង​វាយ​គេ​បាន​ប្រាំ​នាក់ ហើយ​ឲ្យ​លើក​ទឹក​ចិត្ត​ថា​អ្នក​ហ្នឹង​ពូកែ​វាយ​គេ បាន​វា​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា។ បើ​សិន​ជា​គេ​ឲ្យ​ជា​ទូទៅ ដែល​គ្នា​ខិតខំ​ធ្វើ​តាម​បញ្ជា​អាជ្ញាធរ​អ៊ីចឹង ម៉េច​នឹង​ហៅ​អ៊ីចឹង​កើត?»

លោក សុក សំអឿន បាន​ឲ្យ​ដឹង​ដែរ​ថា បើ​តាម​ច្បាប់​បាតុកម្ម​គ្មាន​មាត្រា​ណា​ដែល​ចែង​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ទី​សាធារណៈ តម្រូវ​ឲ្យ​មាន​ការ​សុំ​ច្បាប់​អ្វី​នោះ​ទេ ដរាប​ណា​វា​ជា​បាតុកម្ម​អហិង្សា៖ «នៅ​ក្នុង​ច្បាប់ គេ​មិន​ចែង​ថា​មាន​សុំ​ច្បាប់​ទេ គេ​គ្រាន់​តែ​ជូន​ដំណឹង ដើម្បី​ជួយ​សម្រួល​អ៊ីចឹង។ ការ​អនុវត្ត​ជាក់ស្ដែង​សព្វថ្ងៃ​ទៅ​ជា​មិន​សុំ​ច្បាប់​ទេ គេ​មិន​ឲ្យ។ ចំណុច​ហ្នឹង​ប្រហែល​ជា​សភា​ថ្មី គួរ​បកស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ទៅ។ ការ​ធ្វើ​បាតុកម្ម​ទាំងអស់ កុំ​ឲ្យ​តែ​បាតុកម្ម​ហិង្សា​សុទ្ធ​តែ​ជា​ការ​ធ្វើ​ដោយ​ស្រប​ច្បាប់»

បាតុករ​ជិត ១០​នាក់​ស្លាប់ និង​ប្រមាណ ៤០​នាក់​រង​របួស ក្នុង​ហេតុការណ៍​ប្រើ​ហិង្សា​បង្ក្រាប​របស់​កម្លាំង​ប្រដាប់​អាវុធ​ក្រុង​ភ្នំពេញ ក្នុង​នោះ​មាន​ទាំង​កម្លាំង​នគរបាល​ផង នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ហៅ​ការ​បង្ក្រាប​ដោយ​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ កាល​ពី​ដើម​ឆ្នាំ​២០១៣ នោះ​ថា ជា​ការ​បង្ក្រាប​ដោយ​ខុស​ច្បាប់ ប្រើ​កម្លាំង​ច្រើន​ហួស​ជ្រុល និង​មិន​សមាមាត្រ​ជាមួយ​កម្លាំង​បាតុករ​ជា​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ ដែល​ការ​តវ៉ា​នា​ពេល​នោះ គឺ​ចាប់​ផ្ដើម​ឡើង​ដោយ​សន្តិវិធី។ ហិង្សា​បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​កម្លាំង​អាជ្ញាធរ​ចុះ​បង្ក្រាប​ដោយ​ហិង្សា។ ក្រុម​សិទ្ធិ​មនុស្ស បាន​ទាមទារ​អោយ​រដ្ឋាភិបាល​ស៊ើប​អង្កេត និង​នាំ​ជន​ដៃ​ដល់​ដែល​បាន​បាញ់​សម្លាប់​បាតុករ មក​ផ្ដន្ទាទោស​តាម​ច្បាប់។

មន្ត្រី​សិទ្ធិ​មនុស្ស អោយ​ដឹង​ថា ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត និង​ការ​កោត​សរសើរ​ដល់​ស្នាដៃ​បំពេញ​ការងារ​របស់​នគរបាល​នេះ គឺ​ជា​កាយ​វិការ​បញ្ជាក់​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​រក​ការ​ពិត នៃ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​បាតុករ​កាល​ពី​ដើម​ឆ្នាំ​២០១៣ ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។