មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់គណបក្សនយោបាយចំនួន៥ ដែលបានដាក់ពាក្យសុំចុះបញ្ជីឈ្មោះ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ សម្រាប់អាណត្តិទី២ជាស្ថាពរហើយ។ មន្ត្រីអង្គការធ្វើការងារពាក់ព័ន្ធការងារបោះឆ្នោត ថ្លែងចាត់ទុកការបោះឆ្នោតនេះគ្មានន័យទេ ព្រោះតួអង្គបោះឆ្នោតមិនមែនជាប្រជាពលរដ្ឋ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍នៅថ្ងៃអង្គារ ទី១១ ខែមីនា ថា គណបក្សនយោបាយទាំង៥ ដែលបានចុះបញ្ជីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី២ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៖ «យើងឃើញថា គណបក្សនយោបាយហ្នឹងគាត់ឈរនៅតាមមណ្ឌលផ្សេងៗគ្នា។ គណបក្សប្រជាជនកម្ពុជា ឈរនៅគ្រប់រាជធានីខេត្ត និងក្រុងស្រុកខណ្ឌ ដែលមាន ២២២មណ្ឌល។ គណបក្សសង្គ្រោះជាតិ ឈរនៅ ២៤រាជធានីខេត្ត ព្រមទាំងក្រុងស្រុកខណ្ឌ ដែលមាន ២១៩មណ្ឌល។ គណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅ ៣ខេត្ត និងស្រុកចំនួន២៧ សរុបចំនួន ៣០មណ្ឌល។ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរនៅខេត្ត២ និងស្រុកខណ្ឌចំនួន៤ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅស្រុកចំនួន១»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី២ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។
មន្ត្រី គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតនេះត្រូវធ្វើជាលក្ខណៈអសកល គឺអង្គបោះឆ្នោត ឬអ្នកដែលមានសិទ្ធិបោះឆ្នោត មានតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងតំណែងសរុបជាង ១១.៤០០នាក់ទេ ទើបមានសិទ្ធិបោះឆ្នោត។
ត្រង់ចំណុចនេះ លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) បានរិះគន់ចំពោះនីតិវិធីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ និងចង់ឲ្យការបោះឆ្នោតនេះ ប្រជាពលរដ្ឋទូទៅអាចមានសិទ្ធិបោះឆ្នោតឲ្យដូចគ្នាទៅនឹងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ដែរ៖ «ត្រូវតែកែទម្រង់ឲ្យទៅជាការបោះឆ្នោតផ្ទាល់។ ត្រូវយកការបោះឆ្នោតនេះទៅដាក់ជាមួយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយឲ្យប្រជាពលរដ្ឋបោះឆ្នោតផ្ទាល់។ ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យប្រើសន្លឹកឆ្នោតព័ណ៌ផ្សេង។ ហើយការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ យើងដាក់សន្លឹកឆ្នោតមានពណ៌ផ្សេង។ ហើយយើងបានការបោះឆ្នោតនេះផ្ទាល់ពីប្រជាពលរដ្ឋ។ ព្រោះការបោះឆ្នោតនេះ វាអត់ន័យ យើងឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ទៅបោះឆ្នោតជ្រើសរើស គឺក្រុមប្រឹក្សានេះនឹងបោះឆ្នោតជូនគណបក្សគាត់ហើយ គាត់មិនទៅបោះឆ្នោតឲ្យទៅគណបក្សណាផ្សេង លើកលែងតែយកលុយទៅទិញគាត់។ ដូច្នេះ អត់មានជម្រើស ហើយការបោះឆ្នោតនេះវាអត់ន័យ»។
ទោះយ៉ាងណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងទៅអង្គបោះឆ្នោតឲ្យត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ និងត្រូវទៅពិនិត្យមើលបញ្ជីឈ្មោះដំបូង ដែលនឹងបិទផ្សាយនៅតាមសាលាឃុំសង្កាត់ នៅថ្ងៃទី២៥ ខែមីនា ខាងមុខឲ្យបានគ្រប់គ្នា៖ «សមាជិកដែលជាអ្នកបោះឆ្នោត សូមមេត្តាពិនិត្យមើលបញ្ជីឈ្មោះរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ហើយក៏ត្រៀមឯកសារ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត គឺឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។ ហើយក្នុងករណីដែលឃើញឈ្មោះនៅក្នុងបញ្ជីហ្នឹង មិនត្រូវ សូមប្ដឹងតវ៉ាឲ្យបានទាន់ពេលវេលា»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី១ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាត្រង់មាត្រា២ បានចែងថា ក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ មានអាណត្តិ ៥ឆ្នាំ។ ហើយថា ក្រុមប្រឹក្សានេះនឹងត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលមកកាន់តំណែងបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
