សង្គម​ស៊ីវិល​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ពន្យារ​ពេល​​​ប្រជុំ​សភា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ បាន​ជួប​ជុំ​គ្នា​ថ្វាយ​ញត្តិ​ជូន​ព្រះមហាក្សត្រ​​ ស្នើ​សុំ​ឲ្យ​ព្រះអង្គ​ពន្យារ​​ពេល​កោះ​ប្រជុំ​សភា​នីតិកាល​ទី​៥ លើក​ដំបូង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា។

0:00 / 0:00

តំណាង​សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ថ្វាយ​ញត្តិ​ជូន​ព្រះមហាក្សត្រ ធ្វើ​ឡើង​នា​សួន​ច្បារ​មាត់​ទន្លេ មុខ​វត្ត​ឧណ្ណាលោម នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កញ្ញា គឺ​មួយ​ថ្ងៃ​មុន​សម័យ​ប្រជុំ​ដំបូង​របស់​សមាជិក​សភា​អាណត្តិ​ទី​៥។

លោក វន់ ពៅ ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជា​អ្នក​ដឹក​នាំ​ពិធី​យក​ញត្តិ​ថ្វាយ​​​ព្រះមហាក្សត្រ។ លោក​បាន​ប្រាប់​ពី​​គោលបំណង​ដែល​សង្គម​ស៊ីវិល​ថ្វាយ​ញត្តិ​ជូន​ព្រះមហាក្សត្រ​ពេល​នេះ គឺ​ស្នើ​ឲ្យ​ព្រះអង្គ​ប្រកាស​​លើក​ពេល​កោះ​ប្រជុំ​សភា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ព្រោះ​វិវាទ​បោះ​ឆ្នោត​មិន​ទាន់​រក​ដំណោះ​ស្រាយ​នៅ​ឡើយ​​​ទេ។ ក្រៅ​ពី​ថ្វាយ​ញត្តិ​ជូន​ព្រះមហាក្សត្រ លោក វន់ ពៅ ក៏​បាន​រិះគន់​សកម្មភាព​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ និង​ការ​បិទ​របាំង​បន្លា​លួស ឬ​របាំង​ដែក​បិទ​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង​របស់​រដ្ឋាភិបាល។

លោក វន់ ពៅ៖ «យក​កម្លាំង​ប្រដាប់​អាវុធ​មក​ព័ទ្ធ​វាំង មិន​ខុស​អ្វី​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ទៅ​ប្រជុំ​រដ្ឋ​សភា​ទាំង​បង្ខំ​ព្រះអង្គ។ ដូច្នេះ​យើង​ជា​ម្ចាស់​ឆ្នោត គឺ​យើង​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើ​របៀប​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ជា​ថ្ងៃ​នេះ​យើង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​ប្រជុំ​រដ្ឋ​សភា ពីព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ព្រះអង្គ​គឺ​ជា​អ្នក​ការពារ​អធិបតេយ្យភាព ជា​អ្នក​ការពារ និង​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ។ ប៉ុន្តែ​ឥឡូវ​មិន​ទាន់​មាន​ឯកភាព​ជាតិ​ទេ រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ អ៊ីចឹង​ព្រះអង្គ​មិន​អាច​ចូល​រួម​ប្រជុំ​សភា​នេះ​បាន​ទេ។ នេះ​ជា​គោលបំណង​របស់​យើង​ ដើម្បី​ឲ្យ​ព្រះអង្គ​យល់​អំពី​តម្រូវ​ការ​របស់​យើង​ជា​កូន​ចៅ ចៅទួត​របស់​ព្រះអង្គ»

ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​បាន​កោះ​អញ្ជើញ​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​អាណត្តិ​ទី​៥ ចំនួន ១២៣​រូប​ឲ្យ​ចូល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។ ប៉ុន្តែ​ប្រកាស​នេះ ត្រូវ​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​​​សង្គ្រោះ​ជាតិ ​ស្នើ​សុំ​ព្រះអង្គ​ពន្យារ​ពេល​កោះ​ប្រជុំ​ដោយ​រង់ចាំ​មាន​ដំណោះស្រាយ​លើ​វិវាទ​បោះ​ឆ្នោត​ជា​មុន។

សមត្ថកិច្ច​ដាក់​រនាំង​បិទ​ផ្លូវ​ក្បែរ​ព្រះបរមរាជវាំង។ រូបថត​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៣
សមត្ថកិច្ច​ដាក់​រនាំង​បិទ​ផ្លូវ​ក្បែរ​ព្រះបរមរាជវាំង។ រូបថត​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៣ (RFA/Leng Maly)

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ក្នុង​ពិធី​ជួប​ជុំ​ថ្វាយ​ញត្តិ​ជូន​ព្រះមហាក្សត្រ ដោយ​បាន​ទទូច​ដល់​រដ្ឋាភិបាល ត្រូវ​ដក​របាំង​បន្លា​លួស ឬ​របាំង​ដែក ដែល​សមត្ថកិច្ច​បាន​យក​ទៅ​ឡោមព័ទ្ធ​ព្រះ​បរម​រាជ​វាំង​ជា​បន្ទាន់។

លោក រ៉ុង ឈុន រិះគន់​ថា របាំង​បន្លា​លួស​ដែល​សមត្ថកិច្ច​បាន​ដាក់ និង​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​យាម​កាម​ទាំង​យប់​ថ្ងៃ គឺ​មិន​​ខុស​​គ្នា​ពី​ការ​ឃុំឃាំង​ព្រះអង្គ​ទុក​ក្នុង​វាំង​នោះ​ទេ៖ «សព្វថ្ងៃ​នេះ​យើង​មើល​ឃើញ​សកម្មភាព​ខាង​អ្នក​កាន់​អំណាច​កំពុង​តែ​ចាប់​ព្រះមហាក្សត្រ​ធ្វើ​ជា​ចំណាប់ខ្មាំង ហើយ​វា​ជា​រូបភាព​អាក្រក់​ណាស់​ដែល​ពង្រាយ​កម្លាំង និង​ដាក់​ពង្រាយ​រនាំង​បន្លា​លួស​ព័ទ្ធ​ជុំវិញ​វាំង ទាំង​អស់​នេះ​វា​ជា​រឿង​មួយ​អាក្រក់ ហើយ​បង្ហាញ​ថា ព្រះមហាក្សត្រ​កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​អ្នក​មាន​អំណាច»

​​មន្ត្រី​សង្គម​ស៊ីវិល​និង​ព្រះសង្ឃ​មាន​ថេរដីកា និង​បាន​ទទូច​ស្នើ​ដល់​ព្រះមហាក្សត្រ ត្រូវ​មាន​ព្រះរាជ​តម្រិះ​លើ​សំណើ​ពន្យារ​ពេល​កោះ​ប្រជុំ​សភា​នីតិកាល​ទី​៥ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដើម្បី​រង់ចាំ​ដោះ​ស្រាយ​លើ​វិវាទ​បោះ​ឆ្នោត​ជា​មុន​សិន។

​បន្ទាប់​ពី​បាន​រង់ចាំ​នៅ​ក្រៅ​របង​ព្រះបរមរាជវាំង​ជិត ១​ព្រឹក នៅ​ម៉ោង ១១ និង​៥​នាទី ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កញ្ញា ​​មន្ត្រី​តំណាង​ក្រសួង​​ព្រះ​បរម​រាជវាំង គឺ​លោក ប៉ុល ប៊ុនលី បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ។

ទាក់ទិន​បញ្ហា​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះរាជ​លេខា​ផ្ទាល់​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​បាន​ធ្វើ​ពិធី​​បួងសួង និង​មិន​សោយ​អាហារ​ដើម្បី​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​កោះ​ប្រជុំ​សភា ប៉ុន្តែ​ត្រូវ​រំខាន​ដោយ​អាជ្ញាធរ​មាន​បន្ទូល​​រិះគន់​ធ្ងន់ៗ ​ចំពោះ​ទង្វើ​ផ្ដាច់ការ​របស់​​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា អត់​មាន​គោលបំណង​ផ្តល់​យុត្តិធម៌​ទេ។ ពេល​ណា​ដែល​យើង​ទាមទារ​យុត្តិធម៌ គឺ​ពេល​ហ្នឹង​គេ​បង្ក្រាប សកម្មភាព​អហិង្សា​បែប​នោះ ដោយ​យក​កងកម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​មក​បង្ក្រាប។ អ៊ីចឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា អត់​មាន​គោលបំណង​ផ្តល់​យុត្តិធម៌​ទេ»

​បញ្ហា​នេះ​ដែរ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា តំណាង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ក៏​បាន​នាំ​យក​ញត្តិ​​ជាង ២០​ម៉ឺន​ស្នាម​មេដៃ និង​ហត្ថលេខា ដាក់​ថ្វាយ​ព្រះមហាក្សត្រ ស្នើ​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​វេលា​កោះ​ប្រជុំ​សភា​អាណត្តិ​ទី​៥ នេះ​ដែរ។ ប៉ុន្តែ​រហូត​មក​ទល់​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​មន្ត្រី​ព្រះបរមរាជវាំង​ជុំវិញ​ការ​ដាក់​ញត្តិ​ទាំង​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។