ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធការបោះឆ្នោត រិះគន់ចំពោះការតែងតាំងមន្ត្រីជាន់ខ្ពស់ គ.ជ.ប.ថ្មីបន្ថែមទៀតនៅពេលនេះ ថាហាក់ដូចជាប្រញាប់ពេកណាស់។ ការតែងតាំងនេះ វាជាសញ្ញាបង្ហាញថា គ.ជ.ប បច្ចុប្បន្ន ហាក់នៅរឹងមាំ និងអាចជាឧបសគ្គសម្រាប់កំណែទម្រង់លើច្បាប់បោះឆ្នោតថ្មីនេះ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ចាត់ទុកថា ការដំឡើងតួនាទីមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ថែមទៀតនេះ ទំនងជាប្រធាន គ.ជ.ប ចង់ពង្រឹងសាច់ដុំឲ្យឃើញថា គ.ជ.ប នៅតែមានសមត្ថភាពក្នុងកាតព្វកិច្ច និងការទទួលខុសត្រូវលើកិច្ចការរបស់ខ្លួន។
លោក ហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច (Nicfec) យល់ឃើញថា ការតែងតាំងមន្ត្រី គ.ជ.ប បន្ថែមនៅពេលនេះ វាហាក់ស្ថិតក្នុងមន្ទិលសង្ស័យច្រើនណាស់។ លោកបន្តថា គ.ជ.ប មិនគួរណាផ្ដើមការផ្ដល់តួនាទីបន្ថែមទៀតនោះទេ ព្រោះកាលៈទេសៈនេះ គណៈកម្មការចម្រុះនៃគណបក្សនយោបាយទាំងពីរ កំពុងដំណើរការលើនីតិវិធីមួយចំនួន ដូចសេចក្ដីសម្រេចកាលពីខែកក្កដា កន្លងទៅ៖ «វាមានអាថ៌កំបាំងបន្តិចថាមន្ត្រីហ្នឹងតែងតាំងថ្មី ឬថាមន្ត្រីហ្នឹងមកពីណានោះទេ។ ប៉ុន្តែថាការបកស្រាយជាការបកស្រាយ។ ប៉ុន្តែសំខាន់បំផុត គឺ គ.ជ.ប ខ្លួនឯងជាអ្នកដឹងខ្លួនឯងថាតើធ្វើនេះត្រឹមត្រូវកម្រិតណា? ការតែងតាំងពង្រឹងបន្ថែមនៅ គ.ជ.ប ដែលមានស្រាប់សព្វថ្ងៃ ហាក់ដូចបង្ហាញនូវស្ថានភាពមួយថា គ.ជ.ប នេះនៅតែមានភាពរឹងមាំ បានន័យថាឥតដូរទៅណាទេបាទ»។
ការតែងតាំងមន្ត្រី គ.ជ.ប បន្ថែមពីររូបទៀតនៅពេលនេះ ធ្វើឡើងនៅចំពេលដែលសេចក្តីព្រាងច្បាប់នៃ គ.ជ.ប.ថ្មី កំពុងស្ថិតក្នុងការពិគ្រោះយោបល់ ឬអាចនឹងមានការរុះរើ ប្រសិនដូចអ្វីដែលគណបក្សនយោបាយទាំងពីរកំពុងបន្តកិច្ចការរបស់ខ្លួន ដូចដែលបានព្រមព្រៀងរួចមកហើយ កាលពីថ្ងៃទី២២ ខែកក្កដា ដែលចង់ឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌នៅអាណត្តិបន្តបន្ទាប់ទៀត។ ជាពិសេសនោះ គឺចង់លុបបំបាត់វប្បធម៌តវ៉ាក្រោយការបោះឆ្នោត។
ចំណែកមន្ត្រីផ្នែកច្បាប់ និងព័ត៌មាននៃអង្គការខុមហ្វ្រែល (Comfrel) លោក សួន យុធ្យា ចាត់ទុកថា ប្រសិនបើការតែងតាំងមន្ត្រី គ.ជ.ប.ថ្មីនេះ ធ្វើឡើងដោយពុំមានការពិគ្រោះយោបល់ ឬអារកាត់ដោយចិត្តឯងនោះ វាគឺជារឿងផ្ទុយនឹងច្បាប់។ លោកឲ្យដឹងទៀតថា ផ្អែកលើគោលការណ៍ច្បាប់បោះឆ្នោត ឬបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ស្ថាប័ននេះចង់ធ្វើអ្វីមួយត្រូវឆ្លងសេចក្ដីសម្រេចពេញអង្គពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមុន៖ «យ៉ាងហោចណាស់ប្រធានក៏ត្រូវពិគ្រោះយោបល់ជាមួយសមាជិករបស់ខ្លួនដែរ។ បើទោះជាសំឡេងរបស់ប្រធានហ្នឹងជាឧត្ដមានុភាពមែន ក៏ប៉ុន្តែជាគោលការណ៍ គឺត្រូវតែឆ្លងកាត់ការប្រជុំពិគ្រោះយោបល់ជាមួយនឹងសមាជិករបស់ខ្លួន»។
ឆ្លើយតបរឿងនេះ អគ្គលេខាធិការនៃ គ.ជ.ប លោក ទេព នីថា ឲ្យដឹងថា ការពិត នេះពុំមែនជាការតែងតាំងអ្វីឡើយ ប៉ុន្តែមន្ត្រីទាំងពីររូបនេះ គឺមន្ត្រីដែលមានសមត្ថភាព និងជំនាញបច្ចេកទេសក្នុងរឿងបោះឆ្នោត។ លោកថ្លែងថា អ្វីដែលប្រធាន គ.ជ.ប គឺលោក អ៊ឹម សួស្តី រុះរើតួនាទីនេះ គឺជាកន្លែងចាស់របស់មន្ត្រីទាំងពីររូបនេះប៉ុណ្ណោះ៖ «នេះជាការយល់ឃើញរបស់គាត់ទេ។ យើងឥតមានតែងតាំងអីទេបាទ។ មន្ត្រី២នាក់នោះពីមុនមកគាត់ជាមន្ត្រីនៅអគ្គលេខាធិការដ្ឋាន គ.ជ.ប តាំងពីឆ្នាំ១៩៩៨ មក។ បន្ទាប់មកនៅពេលឯកឧត្ដមប្រធានឡើងធ្វើជាប្រធាន គ.ជ.ប ក៏បានយកមន្ត្រី ២នាក់នេះទៅធ្វើនៅខុទ្ទកាល័យខាងលើ។ ដោយយល់ថានៅពេលខាងមុខនេះ ខុទ្ទកាល័យអាចនឹងមានការផ្លាស់ប្ដូរ គ.ជ.ប អីក៏ធ្វើការតែងតាំងបន្ថែមឲ្យមន្ត្រីនេះមកធ្វើការងារវិញទេបាទ»។
ប្រតិកម្មរបស់សមាជិក គ.ជ.ប ម្នាក់នៅពេលនេះ ធ្វើឡើងប្រមាណ ៣សប្ដាហ៍ ក្រោយលេចធ្លាយព័ត៌មាននៃការតែងតាំងកាលពីថ្ងៃទី១២ ខែកញ្ញា របស់ លោក អ៊ឹម សួស្តី។
លិខិតចុះថ្ងៃទី៦ ខែតុលា របស់ លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប ឲ្យដឹងថា ការចេញលិខិតសម្រេចតែងតាំងមន្ត្រីជាន់ខ្ពស់ពីររូបរបស់ គ.ជ.ប បន្ថែមទៀត គឺផ្ទុយពីច្បាប់បោះឆ្នោត។
លិខិតឲ្យដឹងទៀតថា ក្រៅពី លោក សំ សាវុធ ដែលត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបន្ទុកស្រាវជ្រាវ និងដោះស្រាយបណ្ដឹង តួនាទីនេះមានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្នជានាយកដ្ឋានខុទ្ទកាល័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំណែក លោក ថំ បណ្ដូល ត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារប្រតិបត្តិការ ដែលមានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន បន្ថែមលើតួនាទីបច្ចុប្បន្នជាជំនួយការផ្ទាល់របស់ប្រធាន គ.ជ.ប គឺលោក អ៊ឹម សួស្តី។
បន្ថែមលើលិខិតនេះ សមាជិក គ.ជ.ប លោក ម៉ៅ សុភារិទ្ធ អះអាងថា នេះពុំមែនជាការផ្លាស់ប្ដូរកន្លែងធ្វើការទេ ប៉ុន្តែជាការតែងតាំង។ លោកចាត់ទុកថា ក្នុងក្របខ័ណ្ឌនៃ គ.ជ.ប ការជ្រើសរើសបុគ្គលថ្មី ត្រូវឆ្លងយោបល់ពីសមាជិក និងក្នុងករណីចាំបាច់៖ «យល់ឃើញថាការតែងតាំងនេះវាជាការតែងតាំងមួយ ដែលមានភាពមិនប្រក្រតី ព្រោះថាដំណាក់កាលនេះ គឺជាដំណាក់កាលឥតចំពេលបោះឆ្នោត។ ចាំបាច់ត្រូវរៀបចំការតែងតាំងស្អីទេ»។
លិខិតបន្តថា លើសពីនេះនៅមានគម្រោងនៃការតែងតាំងមន្ត្រីថ្នាក់នាយកដ្ឋាន និងថ្នាក់ការិយាល័យ ដើម្បីបំពេញកន្លែងដែលទំនេរបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
