បណ្ដាញអង្គការសិទ្ធិមនុស្ស ដែលមានសមាគម និងអង្គការជាសមាជិកចំនួន២១ ឬហៅថា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស កំពុងព្រួយបារម្ភអំពីកិច្ចព្រមព្រៀង ដែលកម្ពុជា ព្រមទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស ដែលធ្វើការដើម្បីលើកស្ទួយសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន បន្ទាប់ពីឮដំណឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី កំពុងស្វែងរកទីតាំងដាក់ជនភៀសខ្លួន ដែលត្រូវរើចេញពីប្រទេសណាវរូ (Nauru)។
ប្រធានអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្ម គឺលោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍នៅល្ងាចថ្ងៃទី២៣ សីហា ថា កង្វល់ខ្លាំងរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម គឺការសុខុមាលភាព និងគោរពសិទ្ធិរបស់ពួកគេ ព្រោះប្រទេសកម្ពុជា ជាប្រទេសមានបញ្ហាសិទ្ធិខ្លួនឯងដែរ៖ «យើងចង់ឱ្យប្រទេសទាំងពីរ គឺកម្ពុជា និងអូស្ត្រាលី គួរគិតពិចារណាឱ្យបានច្បាស់លាស់ក្នុងការបញ្ជូនជនភៀសខ្លួននេះ ពីព្រោះថា ជនភៀសខ្លួនគេមានបញ្ហានៅប្រទេសដើមរបស់គេ។ ហេតុដូច្នេះហើយ បានជាគេប្រឹងប្រែងធ្វើដំណើរទៅកាន់កន្លែងមួយ ដែលមានសុខសន្តិភាព ដែលគេមានជំនឿថា សុខសន្តិភាព។ ដូច្នេះ ប្រទេសដែលទទួលបានជនភៀសខ្លួន ដែលគេបានទៅដល់ហ្នឹង គួរតែគិតគូរពិចារណាក្នុងការផ្ដល់ការស្នាក់អាស្រ័យ ផ្ដល់ការការពារនៅប្រទេស ជាទិសដៅដែលគេចង់ទៅហ្នឹង។ គួរតែអ៊ីចឹង។ មិនគួរបញ្ជូនបន្តមកប្រទេសកម្ពុជា ជាប្រទេសដែលកំពុងមានបញ្ហាសិទ្ធិមនុស្ស ហើយក៏ជាប្រទេសក្រីក្រមួយដែរ ក្នុងតំបន់នេះ។ យើងអត់ចង់ឱ្យបញ្ជូនមកទេ»។
ការព្រួយបារម្ភនេះ គឺស្របពេលដែលមានព័ត៌មានថា រដ្ឋាភិបាលកំពុងសម្លឹងរកទីតាំងមួយនៅលើកោះ ឬលើដីគោកក្នុងខេត្តព្រះសីហនុ សម្រាប់ដាក់ជនភៀសខ្លួនទាំងនោះ។
សេចក្ដីថ្លែងការណ៍គណៈកម្មាធិការប្រព្រឹត្តិកម្ម ស្រង់សម្ដីសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលថ្លែងថា ការបញ្ជូនជនភៀសខ្លួនមកកម្ពុជា នេះ គ្រាន់តែជាការបញ្ជូនពីកន្លែងឃុំខ្លួនមួយនៅកោះណាវរូ មកដាក់នៅកោះមួយទៀតនៅកម្ពុជា។
លោក សួន ប៊ុនស័ក្ដិ ថ្លែងថា ព័ត៌មានទាក់ទងនឹងដំណើរការរៀបចំកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនរវាងកម្ពុជា និងអូស្ត្រាលី មិនបានបើកទូលាយជាសាធារណៈទេ រហូតមកដល់ពេលនេះ៖ «ខាងអង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណជនកម្ពុជា មិនបានដឹងឮឱ្យបានទូលំទូលាយពីរឿងដំណើរការរៀបចំកិច្ចព្រមព្រៀងនេះទេ ថាតើកម្ពុជា យើងរៀបចំទទួលយ៉ាងម៉េចខ្លះ ហើយរដ្ឋាភិបាលអូស្ត្រាលី បំពេញកាតព្វកិច្ចអ្វីខ្លះក្នុងការចរចាគ្នា ដើម្បីបញ្ជូនជនភៀសខ្លួនមកកម្ពុជា។ យើងអត់បានដឹងតែម្ដង។ សរុបសេចក្ដីទៅ យើងចង់ឱ្យប្រទេសទាំងពីរដែលកំពុងតែចរចាធ្វើកិច្ចព្រមព្រៀង ក្នុងការបញ្ជូនជនភៀសខ្លួនមកកម្ពុជា គួរតែបើកទូលាយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការបញ្ជូនជនភៀសខ្លួននេះ ដើម្បីឱ្យខាងអង្គការសង្គមស៊ីវិលយើង ផ្ដល់ជាយោបល់ផ្សេងៗ ទាក់ទងទៅនឹងស្ថានភាពនៃជនភៀសខ្លួនថា បើសិនជាគេមកកម្ពុជា គួរតែត្រូវបានគិតគូរពីរឿងសិទ្ធិរបស់គេយ៉ាងម៉េចអីអ៊ីចឹងទៅ។ នេះជារឿងដែលយើងចង់បានឱ្យបញ្ចេញព័ត៌មានជាសាធារណៈអំពីរឿងហ្នឹង»។
គណៈកម្មាធិការប្រព្រឹត្តិកម្ម បង្ហាញថា ការព្រមព្រៀងគ្នាដោយគ្មានការពិនិត្យពិច័យពីសាធារណៈ គឺជាការផ្ទុយនឹងគោលការណ៍មូលដ្ឋាន នៃរដ្ឋាភិបាលបើកចំហ និងការគោរពនីតិវិធី និងនីតិរដ្ឋ។
សេចក្ដីថ្លែងការណ៍ចេញផ្សាយនៅល្ងាចថ្ងៃទី២២ សីហា បង្ហាញពីការព្រួយបារម្ភផ្នែកសិទ្ធិមនុស្សថា រហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជា ខ្លួនឯងចំនួនជាង ៧៧ម៉ឺននាក់ហើយដែលរងក្រោះដោយសារបញ្ហាដីធ្លី។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក៏យកចិត្តទុកដាក់បញ្ហានេះដែរ ហើយលោកសោកស្ដាយដែលលោកមិនបានទទួលការពន្យល់ពីរដ្ឋាភិបាលកម្ពុជា កាលពីដំណើរទស្សនកិច្ចរបស់លោកកាលពីខែមករា។
រហូតមកដល់ល្ងាចថ្ងៃទី២៣ សីហា យើងមិនបានទទួលការបញ្ជាក់ណាមួយពីក្រសួងការបរទេសកម្ពុជា នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
