សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​និង​ស្ថាប័ន​សាធារណៈ​បើក​ចំហ​ព័ត៌មាន​បន្ថែម

0:00 / 0:00

ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​សាធារណៈ បើក​ចំហ​ព័ត៌មាន​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជុំវិញ​ការ​បង្កើត និង​ការ​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន។ ការ​ទាមទារ​នេះ ដោយសារ​ក្រុម​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​វប្បធម៌​បើក​ចំហ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។

ក្រុម​ការងារ​ដើម្បី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០ នៅ​ថ្ងៃ​ទី​២៥ កញ្ញា ចេញ​សេចក្តី​ថ្លែងការណ៍​រួម ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋសភា​នីតិកាល​ទី​៥ បង្កើន​សមត្ថភាព​ស្ថាប័ន​សាធារណៈ​ក្នុង​ការ​បើក​ចំហ​ព័ត៌មាន។ ការ​ទទូច​នេះ ធ្វើ​ឡើង​៣​ថ្ងៃ​មុន​ខួប​លើក​ទី​១១ នៃ​ទិវា​សិទ្ធិ​ដឹង​ជា​សកល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ខាង​មុខ។ ទិវា​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​ពី​ស្ថាប័ន​រដ្ឋ។

សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​លើក​ឡើង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា នៅ​មិន​ទាន់​មាន​វប្បធម៌​បើក​ចំហ​ព័ត៌មាន​នៅ​ឡើយ។ សេចក្តី​ថ្លែងការណ៍​ដដែល​លើក​ឡើង​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា នៅ​មាន​ភាព​ខ្វះខាត ឬ​ស្ទាក់ស្ទើរ​ក្នុង​ការ​បើក​ចំហ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ ដោយសារ​មូលហេតុ​មួយ​ចំនួន​មាន​ដូចជា កង្វះ​ខាត​ធនធាន សមត្ថភាព​មាន​កម្រិត និង​ភាព​មិន​ច្បាស់​លាស់ អំពី​អ្វី​ដែល​ចាត់​ទុក​ថា​ជា​ព័ត៌មាន​សម្ងាត់ ជាដើម។

យ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​យល់​ថា ដោយសារ​ការ​មិន​បើក​ចំហ ឬ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ ពិសេស​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​រសើបៗ តួយ៉ាង​ដូចជា ករណី​ដី​សម្បទាន​សេដ្ឋកិច្ច គម្រោង​រុករក​រ៉ែ ឬ​បញ្ហា​តាម​រោងចក្រ​កាត់ដេរ ជាដើម ទើប​ជា​រឿយៗ​គេ​ឃើញ​មាន​រឿង​វិវាទ​ជាច្រើន ដែល​កើត​ចេញ​មក​ពី​ទំនាស់​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​វិសមភាព​នៃ​អំណាច​រវាង​ពលរដ្ឋ​ក្រីក្រ កម្មករ​រោងចក្រ ជាមួយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​អ្នក​មាន​អំណាច ជាដើម។

ទីប្រឹក្សា​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ និង​ជា​អ្នក​សម្រប​សម្រួល​ក្រុម​ការងារ​សិទ្ធិ​ទទួល​ព័ត៌មាន លោក សេក បរិសុទ្ធ ឲ្យ​ដឹង​បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍​រួម​ថា សិទ្ធិ​ទទួល​ព័ត៌មាន គឺ​ជា​សិទ្ធិ​មូលដ្ឋាន​សម្រាប់​សិទ្ធិ​មនុស្ស​ដទៃ​ទៀត ព្រោះ​ថា បើ​ពលរដ្ឋ​មិន​ទទួល​បាន​ព័ត៌មាន​នោះ​ទេ នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ និង​ជីវភាព​សព្វ​បែប​យ៉ាង​ទាំងអស់​របស់​ពួក​គេ រាប់​ទាំង​ការ​ចូលរួម​បោះ​ឆ្នោត ទាំង​បញ្ហា​សេវា​សាធារណៈ ឬ​បញ្ហា​ដីធ្លី ជាដើម។

លោក សេក បរិសុទ្ធ៖ «គាត់​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់ គាត់​មិន​បាន​ដឹង​ថា ដីធ្លី​របស់​គាត់ ដីធ្លី​នៅ​តំបន់​របស់​គាត់ ត្រូវ​បាន​គេ​វិនិយោគ ឬ​មួយ​ក៏​ត្រូវ​បាន​ធ្វើ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​ក្រុមហ៊ុន​ណី ហើយ​ថា​តើ​វា​ប៉ះពាល់​ឈរ​លើ​មូលដ្ឋាន​អី ប៉ះពាល់​យ៉ាង​ម៉េច​ទៅ​លើ​ដី​គាត់ ដើម្បី​ឲ្យ​គាត់ ប៉ះ ឬ​មិន​ប៉ះ ដើម្បី​ឲ្យ​គាត់​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​រក​អ្នក​ជួយ​ការពារ ជួយ​តស៊ូ​មតិ​ជួយ​អី​អ៊ីចឹង។ អ៊ីចឹង​បើ​សិន​គាត់​អត់​មាន​ព័ត៌មាន ដល់​ពេល​ហ្នឹង​ស្រាប់​តែ​រឿងរ៉ាវ​កើត​ប្រឹប​តែ​ម្តង គាត់​នឹង​ជួប​ការ​លំបាក ហើយ​គាត់​អាច​នឹង​ចាញ់ ប៉ុន្តែ​ជួន​កាល គាត់​អាច​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់ ប៉ុន្តែ​ដោយ​គាត់​អត់​ដឹង គាត់​អាច​ចាញ់​ក្តី​គេ​បាន​ដែរ គាត់​ខ្វះ​ព័ត៌មាន»

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​ធានា​បាន​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន ឬ​ពី​មន្ត្រី​សាធារណៈ លុះ​ណា​តែ​មាន​ឯកសារ​គតិយុត្តិ​ក្នុង​នោះ គឺ​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ហើយ​ក្រសួង មន្ទីរ និង​អង្គភាព​នានា​របស់​រដ្ឋ ត្រូវ​បើក​ចំហ​ព័ត៌មាន​សាធារណៈ ជាពិសេស គឺ​តម្លៃ​សេវាកម្ម នីតិវិធី​ក្នុង​ការ​ទទួល​បាន​សេវា និង​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន ជាដើម។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នៅ​កម្ពុជា មាន​ព័ត៌មាន​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត ដោយ​ហេតុ​ថា កម្ពុជា មិន​មាន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឡើយ។ មួយ​វិញ​ទៀត លោក​ថា ក្រសួង​នីមួយៗ​គេ​មាន​គេហទំព័រ​របស់​គេ ហើយ​នៅ​រៀង​រាល់​ចុង​ឆ្នាំ ក្រសួង​នីមួយៗ​ក៏​បាន​វាយ​តម្លៃ​ការងារ និង​ថែម​ទាំង​បាន​បោះពុម្ព​ព្រឹត្តិបត្រ​ផ្សព្វផ្សាយ​ទៀត​ផង។

លោក ផៃ ស៊ីផាន៖ «ដូច្នេះ ការ​លើក​ឡើង​នេះ គ្រាន់​តែ​ជា​ការ​ចង្អុល​បង្ហាញ​មួយ​ចំហៀង​នោះ​ទេ ហើយ​អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ​ព័ត៌មាន​ថ្នាក់​ធ្លាក់​ទៅ​ដល់​តាម​ឃុំ ទៅ​តាម​ស្រុក​តាម​ខេត្ត គេ​មាន​មាន​ទាំង​ទំព័រ​សារព័ត៌មាន ហើយ​ជាពិសេស ក្រសួង​ព័ត៌មាន នឹង​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​ចេញ ពីព្រោះ​ឥឡូវ យើង​មិន​ទាន់​មាន​ច្បាប់​ទេ ម្ល៉ោះ​ហើយ​ថា​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ អត់​កើត​ទេ ដូច្នេះ​យើង​ជឿ​ថា យើង​ទាំងអស់​គ្នា​រួម​គ្នា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ព័ត៌មាន​ហ្នឹង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ»

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​ការ​បរទេស​រដ្ឋសភា លោក ឈាង វុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ កញ្ញា ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់ ស្ដីពី​ការ​ទទួល​បាន​ព័ត៌មាន​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ។

យ៉ាង​ណា​ក៏ដោយ ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា ច្បាប់​ស្ដីពី​ការ​ទទួល​ព័ត៌មាន ត្រូវ​ធ្វើ​ឡើង​ឲ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ និង​ដោយ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់ និង​ទទួល​យក​នូវ​អនុសាសន៍​ពី​ស្ថាប័ន​សង្គម​ស៊ីវិល​ពាក់ព័ន្ធ។ សង្គម​ស៊ីវិល​លើក​ឡើង​ថា ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ផ្តល់​ការ​គាំទ្រ និង​កិច្ច​សហការ ដើម្បី​បុព្វហេតុ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ការ​បើក​ចំហ​ព័ត៌មាន​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។