គណបក្សយុត្តិធម៌ជាតិខ្មែរសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន។
លិខិតរបស់គណបក្សយុត្តិធម៌ជាតិខ្មែរ ដែលផ្ញើថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី២១ ខែកញ្ញា បានទូលថ្វាយព្រះមហាក្សត្រថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងមានវិវាទជាមួយគ្នាកាន់តែធ្ងន់ធ្ងរឡើងៗដែលមិនអាចដោះស្រាយបាន ពិសេសនៅពេលគណបក្សសង្គ្រោះជាតិ កំពុងរៀបចំផែនការប្រមូលអ្នកគាំទ្រខ្លួនដើម្បីធ្វើមហាបាតុកម្មឲ្យគណបក្សប្រជាជនកម្ពុជា លើកយកកិច្ចសន្ទនាចាស់ដែលមានពីមុនមកធ្វើការសន្ទនាឡើងវិញ។
គណបក្សយុត្តិធម៌ជាតិខ្មែរ យល់ថា ដើម្បីបញ្ចៀសការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងការរាំងស្ទះនូវសេដ្ឋកិច្ចក្នុងប្រទេស គឺមានតែព្រះមហាក្សត្រទេទើបអាចដោះស្រាយបញ្ហាដ៏ធំនេះបាន។
កាលពីពេលថ្មីៗនេះ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ក៏បានថ្វាយលិខិតសុំព្រះមហាក្សត្រចេញព្រះភក្ត្រអន្តរាគមន៍ចំពោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលលោក លឺ ឡាយស្រេង យល់ថា អាចក្លាយជាព្រឹត្តិការណ៍មួយដ៏អាក្រក់បំផុតសម្រាប់សង្គមខ្មែរ។
គេនៅចាំបានថា កាលពីអតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ នៅមានព្រះជន្ម ព្រះអង្គតែងចេញព្រះភក្ត្រដោះស្រាយនៅពេលនយោបាយខ្មែរជាប់គាំងដោយសារបក្សនយោបាយធំៗមិនអាចរកច្រកចេញបាន។ ព្រះអង្គតែងអញ្ជើញមេបក្សធំៗចូលក្នុងវាំងដើម្បីពិភាក្សាទម្លុះភាពទាល់ច្រក។
រដ្ឋធម្មនុញ្ញកម្ពុជា បានថ្វាយអំណាចដល់ព្រះមហាក្សត្រ ក្នុងនាមព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
