បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​ក្នុង​ការ​តវ៉ា

បន្ទាប់​ពី​កង​កម្លាំង​អាជ្ញាធរ​របស់​រដ្ឋាភិបាល​បង្ក្រាប​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៤ ខែ​មករា និង​ហាម​មិន​ឱ្យ​មាន​បាតុកម្ម​ទៀត​នោះ គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា នៅ​តាម​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ។

0:00 / 0:00

មាន​មនុស្ស​ជិត ១​ពាន់​នាក់ ជួប​ជុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ដើម្បី​ធ្វើ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ខណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។

នៅ​ក្នុង​ពិធី​បង្សុកូល​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​កោត​សរសើរ​ដល់​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រយៈ​កន្លង​មក​នេះ ដោយ​ហៅ​ថា ជា​វីរបាតុករ ជា​ពិសេស គឺ​រំឭក​ដល់​អ្នក​ដែល​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង នោះ។

នៅ​ក្នុង​ពិធី​នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី បាន​បញ្ជាក់​ដល់​អ្នក​គាំទ្រ​លោក​ថា អ្នក​ដឹកនាំ​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ផ្លាស់​ប្ដូរ​ជំហរ​តស៊ូ​របស់​ខ្លួន​ទេ ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​យុទ្ធវិធី​ខ្លះ​ក៏​ដោយ។

ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​ថា ការ​ដែល​លោក​បញ្ជា​ឱ្យ​ក្រុម​បាតុករ​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​ចូល​បង្ក្រាប​នោះ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​យុទ្ធវិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​តប​ត ដែល​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​អំពើ​ហិង្សា នាំ​ឱ្យ​ការ​បង្ហូរ​ឈាម​និង​បាត់បង់​ជីវិត។

កម្មការិនី​មួយ​រូប​ដែល​ចូលរួម​ក្នុង​ពិធី​បង្សុកូល​នោះ គឺ​ឈ្មោះ សម្ផស្ស មាន​ប្រសាសន៍​ថា កម្លាំង​រដ្ឋាភិបាល​ប្រើ​អាវុធ​បាញ់​អ្នក​តវ៉ា​ទាំង ៥​នាក់ នៅ​ផ្លូវ​វ៉េងស្រេង​នោះ។

លោក កឹម សុខា ថ្លែង​បញ្ជាក់​ថា ពួក​លោក​មិន​មាន​ផែនការ​ចាកចេញ​ពី​ប្រទេស​នៅ​ឡើយ​ទេ ហើយ​ថា ការ​បន្ត​ការ​តស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​នាំ​ប្រទេស​កម្ពុជា ឱ្យ​បាន​ទៅ​ដល់​ទិសដៅ​លទ្ធិប្រជាធិបតេយ្យ ដោយ​យុទ្ធវិធី​អហិង្សា គ្មាន​ការ​បង្ហូរ​ឈាម ហើយ​លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងៀម និង​ចៀសវាង​អំពើ​ញុះញង់​ទាំង​ឡាយ ដែល​លោក​ហៅ​ថា ជា​អន្ទាក់​ហិង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។