ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ គ្រោងចុះទៅត្រួតពិនិត្យនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដើម្បីមើលផ្ទាល់ភ្នែក ថាតើសំណង់ដែលក្រុមហ៊ុនណាហ្គាវើល (Naga World) បានសង់រំលោភលើដីវិទ្យាស្ថានមួយនេះ ត្រូវបានរុះរើហើយឬនៅ?
លោក យ៉ែម បុញ្ញឫទ្ធិ៖ «យើងទៅពិនិត្យមើលថាតើរុះរើមែនឬអត់? បន្ទាប់មកទៀត យើងនឹងពិនិត្យមើលអំពីទំហំដីនៅពុទ្ធសាសនបណ្ឌិត្យ និងតាមដានឃ្លាំមើលនៅពេលណាគេកសាងរបង និងខ្លោងទ្វារឲ្យដូចរចនាបថដើម»។
តាមគម្រោង ក្រុមការងារនៃគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍ ឬគណៈកម្មការទី៧ នឹងចុះទៅពិនិត្យនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅថ្ងៃទី៩ មករា។
លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ធ្លាប់សន្យាកាលពីដើមខែតុលា ឆ្នាំ២០១៤ថា លោកនឹងស្នើឲ្យម្ចាស់ក្រុមហ៊ុនណាហ្គាវើល ផ្អាកសកម្មភាពគ្រប់យ៉ាង និងស្នើឲ្យសាងសង់ឡើងវិញប៉ះប៉ូវការខូចខាត ដូចជារបងនៅបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជាដើម។ យ៉ាងណាពេលនោះលោកនៅមិនទាន់បានប្រាប់ពីពេលវេលាសមស្របណាមួយដែលថា ក្រុមហ៊ុនណាហ្គាវើល នឹងរុះរើពេលណាឲ្យបានជាក់លាក់។
កន្លងមកប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ ធ្លាប់ធ្វើបាតុកម្មជាហូរហែ ទាមទារឲ្យឲ្យមានការបំភ្លឺ និងរុះរើសំណង់របស់ក្រុមហ៊ុនណាហ្គាវើល ចេញ។ ខណៈគណៈកម្មការទី៧នៃរដ្ឋសភា ក៏ធ្លាប់បានកោះហៅលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងកិច្ចការសាសនា សួរនាំពីរឿងនេះរួចហើយ កាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក។
ភ្លាមៗនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើលិខិតមួយថ្វាយព្រះមហាក្សត្រ ដើម្បីរាយការណ៍អំពីករណីពាក់ព័ន្ធនឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ នៅក្នុងលិខិតរបស់លោក ហ៊ុន សែន បញ្ជាក់ថា ពុំមានការលក់ ឬដោះដូរវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទេ។ ចំពោះការរុះរើរបងនិងខ្លោងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកន្លងមក គឺដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដីដែលជាគម្រោងណាហ្គា ស៊ីធី វ៉ក (Naga City Walk) នៅពីមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
