បក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​៣០​ថ្ងៃ​ដូច​លើក​មុនៗ

ដោយ យាង សុជាមេត្តា
2015.01.11
ឃោសនា​បោះឆ្នោត បក្ស​សង្គ្រោះ​ជាតិ ៦១០ ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ភាគ​ច្រើន​ជា​យុវជន ហែ​ឡើង​លើ​ស្ពាន​ក្បាល​ថ្នល់ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​មាន​ឱកាស​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត ៣០​ថ្ងៃ ដូច​ដែល​មាន​កំណត់​ក្នុង​ច្បាប់​បោះ​ឆ្នោត​ចាស់។ ការ​បញ្ជាក់​បែប​នេះ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​មាន​ការ​ហែ​ក្បួន​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត គឺ​នៅ​ថ្ងៃ​ដំបូង​និង​ថ្ងៃ​បញ្ចប់​នៃ​ការ​ឃោសនា​បោះ​ឆ្នោត។

ស្រប​ពេល​ដែល​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បន្ត​ការ​ចរចា​លើ​សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ត្រង់​ជំពូក​ទី​៧ ស្ដីពី​ការ​ឃោសនា​បោះ​ឆ្នោត​ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ មករា ថា គណបក្ស​នយោបាយ​ទាំង​អស់​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ឱកាស និង​ជម្រើស​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ឃោសនា​បោះ​ឆ្នោត ជាពិសេស​គឺ​មាន​ជម្រើស​ក្នុង​ការ​ដង្ហែ​ក្បួន​ឲ្យ​គ្រប់​ចំនួន​ថ្ងៃ​ដែល​កំណត់​ក្នុង​ច្បាប់​សម្រាប់​រយៈពេល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត។

​ការ​លើក​ឡើង​របស់​លោក គួយ ប៊ុនរឿន បែប​នេះ គឺ​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ធ្វើ​ការ​ហែ​ក្បួន​ព្យុហយាត្រា ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ តែ​នៅ​ក្នុង​ពេល​បើក និង​បិទ​នៃ​យុទ្ធនាការ​ឃោស​បោះឆ្នោត​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ លោក គួយ ប៊ុនរឿន បញ្ជាក់​ថា ច្បាប់​បោះ​ឆ្នោត​ចាស់​របស់​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ឃោសនា និង​ធ្វើ​ការ​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​ខ្លួន​រយៈពេល​ពេញ​១​ខែ​ឯ​ណោះ។ លោក​ថា ប្រសិនបើ​ច្បាប់​ថ្មី​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​បាន​តែ ២​ថ្ងៃ​មែន​នោះ វា​ប្រៀប​ដូច​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​មិន​ផ្ដល់​ឱកាស ឬ​ជម្រើស​ឲ្យ​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។

លោក គួយ ប៊ុនរឿន ថ្លែង​ថា បើ​ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​លើស ៣០​ថ្ងៃ​ដូច​ក្នុង​ប្រទេស​មួយ​ចំនួន​ផ្សេង​នោះ​ទេ វា​យ៉ាង​ហោចណាស់​ក៏​ឲ្យ​បាន ៣០​ថ្ងៃ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ចាស់​ដដែល។

​លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​បន្ថែម​ថា ក្រៅ​តែ​ពី​បញ្ហា​កំណត់​ចំនួន​ថ្ងៃ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត ក៏​នៅ​មាន​ចំណុច​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ពិនិត្យ​នៅ​ក្នុង​សេចក្ដី​ព្រាង​ជំពូក​ទី​៧ នៃ​ច្បាប់​បោះ​ឆ្នោត។ ក្នុង​នោះ​មាន​ដូចជា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ឃោសនា​បោះ​ឆ្នោត ការ​ប្រើប្រាស់​អគារ និង​ទីធ្លា​សាធារណៈ​ក្នុង​ពេល​ឃោសនា ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​អប់រំ​ពលរដ្ឋ​អំពី​ការ​បោះ​ឆ្នោត ការ​ថែរក្សា​សណ្ដាប់ធ្នាប់​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ការ​ប្រើប្រាស់​ថវិកា​ក្នុង​ពេល​បោះឆ្នោត ព្រម​ទាំង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត។

​ទាក់ទង​នឹង​ការ​កំណត់​ចំនួន​ថ្ងៃ​ហែ​ក្បួន​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​តែ​២​ថ្ងៃ​នេះ ត្រូវ​បាន​ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បញ្ជាក់​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​៩ មករា នៅ​រដ្ឋ​សភា​ថា គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​កក​ស្ទះ​ចរាចរណ៍ និង​រក្សា​របៀប​រៀប​រយ​នៅ​ក្នុង​សង្គម។

យ៉ាង​ណា​ក៏ដោយ លោក គួយ ប៊ុនរឿន អះអាង​ថា ការ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ឃោសនា​រយៈពេល ១​ខែ ត្រូវ​បាន​អនុវត្ត​អស់​រយៈពេល ៥​អាណត្តិ​កន្លង​មក​ហើយ ហើយ​ក៏​ពុំ​សូវ​មាន​ការ​ប៉ះពាល់​អ្វី​ធំដុំ​នោះ​ដែរ​នៅ​ពេល​កន្លង​មក។ លោក គួយ ប៊ុនរឿន កត់​សម្គាល់​ថា ផ្ទុយ​ទៅ​វិញ ប្រសិនបើ​គេ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​ការ​ហែ​ក្បួន​ឃោសនា​តែ ២​ថ្ងៃ នៅ​ថ្ងៃ​បើក​និង​បិទ​នោះ វា​នឹង​រឹត​តែ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ និង​ប៉ះទង្គិច​គ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត ព្រោះ​ថា គណបក្ស​ទាំង​អស់​នឹង​ចេញ​ហែ​ក្បួន​ក្នុង​ថ្ងៃ​តែមួយ​ជាមួយ​គ្នា ដោយសារ​តែ​ពួកគេ​ពុំ​មាន​ជម្រើស។ ដូច្នេះ​លោក​ថា អ្វី​ដែល​អនុវត្ត​បាន​ល្អ​កន្លង​មក​ហើយ គេ​គួរ​អនុវត្ត​វា​បន្ត​ទៅ​ទៀត។

តាម​គម្រោង​គណបក្ស​ទាំង​២ នឹង​ជួប​គ្នា​ពិភាក្សា​អំពី​សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​នៅ​ថ្ងៃ​ច័ន្ទ ទី​១២ មករា បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។