ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កៀរគរឲ្យគណបក្សដែលបែកបាក់ចូលរួមជីវភាពបក្សរបស់ខ្លួន។ ជាងនេះទៅទៀត លោក កឹម សុខា ប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួននៅមូលដ្ឋានបើកផ្លូវទទួលស្វាគមន៍សមាជិកដែលកំពុងបែកបាក់។
លោក កឹម សុខា យល់ថា គណបក្សដែលបែកបាក់ទាំងនោះ នឹងចូលរួមជាមួយគណបក្សនយោបាយផ្សេង ឬគណបក្សសង្គ្រោះជាតិ។ លោកថា ចំពោះគណបក្សសង្គ្រោះជាតិ នៅតែស្វាគមន៍រង់ចាំទទួលអ្នកទាំងនោះ ដើម្បីរួមគ្នាដណ្ដើមយកជ័យជំនះនៅពេលខាងមុខ។
លោក កឹម សុខា ថ្លែងបែបនេះ ក្នុងពេលចុះជួបអ្នកគាំទ្ររបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកុម្ភៈ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់បន្ថែមលើប្រសាសន៍របស់លោក កឹម សុខា ថា កន្លងមក មានមន្ត្រីគណបក្សមួយចំនួនមកទាក់ទងដើម្បីចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកមិនទាន់បង្ហើបឲ្យដឹងថា គណបក្សណាខ្លះនៅឡើយទេ៖ « មានអ្នកនយោបាយដែលមកពីបក្សចង់ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែគាត់ស្នើសុំកុំអាលទាន់ប្រាប់អ្នកកាសែត »។
ការលើកឡើងនេះ ខណៈនៅក្រសួងមហាផ្ទៃ មានគណបក្សជាង ៦០ ចុះឈ្មោះចូលរួមប្រកួតប្រជែងនៅរយៈពេលចុងក្រោយនេះមានគណបក្សមួយចំនួន ក៏ចាប់បែកបាក់ពីគណបក្សមួយទៅជាគណបក្សពីរ ឬមួយទៅបីក៏មាន និងកំពុងប្ដឹងគ្នាឡើងតុលាការ។ ជាឧទាហរណ៍ រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាដើម។
ស្រដៀងនឹងលោក កឹម សុខា លើកឡើងនេះដែរ កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន ប្រកាសហៅឲ្យអ្នកគាំទ្រគណបក្សផ្សេងបែរមកគាំទ្រគណបក្សសង្គ្រោះជាតិវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
