ក្រសួងមហាផ្ទៃ ប្រកាសមិនអនុញ្ញាតឱ្យតំណាងរាស្ត្រគណបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជន ឬមន្ត្រីគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសទៀតទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកមួយកាលពីថ្ងៃទី១៩ ខែមេសា ដោយចោទតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ថា មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ច ហ៊ាននាំបុគ្គលិកអាស៊ីសេរី ចូលពន្ធនាគារ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ ទាំងអាស៊ីសេរី និងមន្ត្រីគណបក្សសង្គ្រោះជាតិ បដិសេធការលើកឡើងនេះ។
លោក ជុន ច័ន្ទបុត្រ នាយករងអាស៊ីសេរី ភាសាខ្មែរបញ្ជាក់ថា លោកមិនបានបន្លំខ្លួនចូលពន្ធនាគារដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ នោះទេ៖ «ការពិតពិតខ្ញុំទៅបន្លំគេឯណាបាន? នរណាក៏គេស្គាល់ខ្ញុំដែរ មន្ត្រីប៉ូលិសស្គាល់ ហៅឈ្មោះខ្ញុំ (ជុន ច័ន្ទបុត្រ) ហើយគេក៏អោយអ្នកចូលទាំងប៉ុន្មានហ្នឹងចុះឈ្មោះ ខ្ញុំក៏ចុះឈ្មោះដាក់ឈ្មោះពិតទៅ។ ចូលហ្នឹងគឺតាមរបៀបហ្នឹង សុំគេចូលដោយត្រឹមត្រូវ ហើយដើរតាមក្រោយគេទៅ ដូច្នេះខ្ញុំមិនបានបន្លំខ្លួនចូលអីដូចដែលព័ត៌មានខ្លះផ្សាយទេ»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សុំការបំភ្លឺចំពោះរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១៩ ខែមេសា។
កាលពីថ្ងៃពុធ ទី១៩ ខែមេសា តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំគ្នាចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន ១៦នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
