បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រចេះ​និង​ភ្នំពេញ

0:00 / 0:00

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ទៅ​ជួប​អ្នកគាំទ្រ​បក្ស​របស់​ខ្លួន និង​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ស្រុក ខណ្ឌ នៅ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​៥ ឧសភា។ ចំណែក​នៅ​ឯ​រាជធានី​ភ្នំពេញ មន្ត្រី​ថ្នាក់ដឹកនាំ​បក្ស​ជា​ច្រើន​ទៀត ក៏​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នេះ​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ជួប​ជាមួយ​សមាជិក​និង​អ្នក​គាំទ្រ​បក្ស​ខ្លួន​នៅ​ខេត្ត​ក្រចេះ ដែល​មាន​ប្រមាណ​ជា ២​ពាន់​នាក់ ដើម្បី​ឃោសនាការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃ​៥ ឧសភា។ ការ​ជួបជុំ​និង​ហែ​ក្បួន​នោះ គឺ​មិន​មាន​ការ​រារាំង និង​ការ​បង្ក​ការ​រំខាន​ណា​មួយ​កើត​ឡើង​នោះ​ទេ។

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ លេខ​រៀង​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ លោក ទឹម សុធន់ មាន​ប្រសាសន៍​ថា ក្នុង​ការ​ជួបជុំ​ជាមួយ​សមាជិក និង​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស និង​ដង្ហែ​ក្បួន​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ មក​ទីលាន​បាល់ទាត់​នៅ​ទី​រួម​ខេត្ត គឺ​មិន​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ក្រចេះ នោះ​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​បាន​សហការ​យ៉ាង​ល្អ​ក្នុង​ការ​ថែរក្សា​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ទៀត​ផង។

លោក ទឹម សុធន់៖ «បាន​ជា​ខ្ញុំ​រៀប​រោង​រៀប​អី​ល្ងាចមិញ​ហ្នឹង វា​មាន​ឧបសគ្គ​តិចតួច ក៏ប៉ុន្តែ​ទីបំផុត​មាន​ដំណោះស្រាយ ដោយសារ​តែ​ខ្ញុំ​បាន​ទៅ​ជួប​តំណាង​បោះឆ្នោត​ខេត្ត​ជួប​ជាមួយ​អភិបាល​ខេត្ត ហើយ​និយាយ​មែនទែន​ទៅ​មាន​ការ​សហការ​ល្អ ហើយ​ក៏​ខ្ញុំ​អរគុណ​ដែរ​ដោយសារ​តែ​គេ​និយាយ​មក​វា​មាន​ហេតុផល​ក្នុង​ការ​សហការ អា​ហ្នឹង​ជា​រឿង​មួយ​ល្អ ដែល​ខ្មែរ​ចេះ​និយាយ​គ្នា»

​លោក​បន្ត​ថា ក្រៅពី​ការ​ហែ​ក្បួន​នៅ​ខេត្ត​ក្រចេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​និង​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ និង​ដើម្បី​ពិនិត្យ​ទៅ​លើ​បញ្ហា​ផ្សេងៗ​ដែល​កើត​ចេញពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នោះ ហើយ​ក្នុង​នាម​អាជ្ញាធរ​គប្បី​ត្រូវ​មាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នោះ។

អភិបាលរង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​សន្តិសុខ​អចិន្ត្រៃយ៍ លោក ហឿ ស៊ីយ៉ែម មាន​ប្រសាសន៍​ថា ដោយ​មាន​ការ​សហការ​ពី​ខាង​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​ឃោសនា​ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​អាច​ថែរក្សា​សណ្ដាប់ធ្នាប់​បាន​យ៉ាង​ប្រសើរ។

​ចំណែក​ឯ​អភិបាល​រង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក ខ័ណ្ឌ ចំណាន មាន​ប្រសាសន៍​ដែរ​ថា ចំពោះ​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​នោះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​នៅ​ពេល​នេះ គឺ​វា​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​កន្លង​ទៅ ដែល​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ចំពោះ​នរណា​ដែល​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​នោះ។

លោក​បន្ថែម​ទៀត​ថា វា​នឹង​មិន​ប៉ះពាល់​ដល់​សកម្មភាព​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នោះ​ទេ ប្រសិនបើ​ការ​ចុះ​ជួប​នោះ​គឺ​មាន​គោលបំណង​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ពិតប្រាកដ៖ «បាទ! នេះ​គឺជា​សិទ្ធិ​របស់​តំណាងរាស្ត្រ ឬ​ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ក្នុង​ការ​ប្រាស្រ័យ​ជាមួយ​ប្រជាពលរដ្ឋ​ទូទៅ ពលរដ្ឋ​ដទៃ​ដែល​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ក៏​ការ​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​នៅ​ខាង​ក្រៅ​ស្រុក។ជា​សិទ្ធិ​ក្នុង​ការ​ជួប ក៏ប៉ុន្តែ​យើងខ្ញុំ​លើក​ឡើង ក៏​ដូច​ជា​សុំ​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​មួលបង្កាច់​ទៅ​ដល់​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ដែល​ជា​អ្នក​ប្រតិបត្តិ​នូវ​ច្បាប់ នូវ​បទបញ្ជា ជា​អ្នក​មាន​ភារកិច្ច​នៅ​ក្នុង​នាម​ជា​មន្ត្រី​រាជការ ក្នុង​នាម​ជា​អ្នក​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម»

មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​ក្រចេះ លោក ហេង ភារៈ បាន​លើក​ឡើង​ថា ការ​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ក្រចេះ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ មិន​មាន​ការ​រារាំង ឬ​ការ​រំខាន​ណា​មួយ​កើត​ឡើង​ដូច​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៤ ឧសភា នោះ​ទេ។ ចំណែក​ឯ​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​នោះ លោក​យល់​ថា គឺ​ជា​រឿង​ត្រឹមត្រូវ​របស់​សមាជិក​តំណាងរាស្ត្រ​ទាំង​អស់ ដើម្បី​ពាំនាំ​ទុក្ខសោក​សង្រេង​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​ដាក់​ក្នុង​របៀបវារៈ​នៅ​សភា​ជាតិ សម្រាប់​រក​វិធី​ដោះស្រាយ​រួម និង​កាន់តែ​ធ្វើ​ឱ្យ​សភា​មាន​ដំណើរ​ការ​ល្អ​ប្រសើរ។

ស្រប​ពេល​ដែល​លោក សម រង្ស៊ី ទៅ​ឃោសនា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ នៅ​ខេត្ត​ក្រចេះ​នេះ នៅ​ឯ​ភ្នំពេញ​វិញ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត ក៏​បាន​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​ធំ ឈាន​ចូល​ថ្ងៃ​ទី​២ ដែរ។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​​លោក វណ្ណ វិចារ អំពី​ព្រឹត្តិការណ៍​នៅ​រាជធានី​ភ្នំពេញ​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។