តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា មាត្រា៨០ នៃរដ្ឋធម្មនុញ្ញដែលនិយាយពីអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ នៅតែជាចំណុចដ៏ចម្រូងចម្រាស និងខ្វែងគំនិតនៅឡើយ។
ការបញ្ជាក់ជាថ្មីទៀតរបស់លោក សុន ឆ័យ នៅពេលនេះ ស្របពេលសមាជិកសភារបស់បក្សប្រឆាំងត្រូវជាប់បណ្ដឹងនៅតុលាការ និងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ទាំងនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។ ដោយពុំមានជម្រើសអ្វីល្អជាងនេះ គណបក្សប្រឆាំងនឹងងាកទៅប្រារព្ធពិធីតាមបែបសាសនា នៅខេត្តសៀមរាប ជាទឹកដីដ៏ស័ក្ដិសិទ្ធិ។
មន្ត្រីបក្សប្រឆាំងអះអាងថា មូលហេតុដែលនាំឲ្យគណបក្សក្រៅរដ្ឋាភិបាលរៀបចំពិធីនៅខេត្តសៀមរាប តាមបែបសាសនាវិញម្ដង នៅថ្ងៃទី១៩ ខែមិថុនា ថ្ងៃខាងមុខទៀតនេះ ដោយមើលឃើញថា ការដោះស្រាយតាមយន្តការប្រព័ន្ធរដ្ឋមួយចំនួនហាក់មានផលវិជ្ជមានដ៏តិចតួច។
ការថ្លែងដូចនេះរបស់លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងធ្វើឡើងក្នុងទីស្នាក់ការកណ្ដាលបក្សចាក់អង្រែលើ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា។ លោកបន្តថា មកដល់ពេលនេះទៅហើយ ការបកស្រាយច្បាប់រឿងអភ័យឯកសិទ្ធិសភា គឺបានដើរបញ្ច្រាសគ្នាដដែល។
លោក សុន ឆ័យ ចោទប្រកាន់ថា ស្ថាប័នរបស់ជាតិសំខាន់ៗមួយចំនួន រួមមានតុលាការ និងក្រុមប្រឹក្សាធម្មនុញ្ញជាដើម បានបាត់បង់ទំនុកចិត្ត និងគោលជំហរក្នុងការធានានូវអព្យាក្រឹតភាពរបស់ខ្លួនទៅហើយ។ លោកបន្តថា ដោយគ្មានជម្រើសហេតុនេះទើបគណបក្សប្រឆាំងនឹងរៀបចំពិធីដ៏ធំមួយនៅអង្គរវត្ត តាមបែបសាសនា ក្នុងន័យជាសារនយោបាយ បើទោះជាដឹងថា មធ្យោបាយនេះមានផលតិចតួចយ៉ាងណាក្ដី។ លោកបន្តថា «មិនមែនតែគណបក្សសង្គ្រោះជាតិ ពលរដ្ឋជាទូទៅហាក់ដូចជាបាត់បង់ជំនឿទៅលើការកាត់សេចក្ដីរបស់តុលាការ។ ដូចគ្នានេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏មិនទាន់បានបំពេញលក្ខណៈជាស្ថាប័នឯករាជ្យ ដោយធ្វើការកាត់សេចក្ដីយោងលើមូលដ្ឋានច្បាប់នៅឡើយទេ»។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញកំណត់ថា តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវចាប់ខ្លួន ចោទប្រកាន់ ឃាត់ខ្លួន និងឃុំខ្លួនបានឡើយ លើកលែងតែអ្នកតំណាងរាស្ត្រនោះប្រព្រឹត្តបទល្មើសជាក់ស្ដែង។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានទេ នៅថ្ងៃទី១៦ ខែមិថុនា។
ជុំវិញរឿងការចរចានយោបាយវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់កាសែតក្នុងស្រុកថា លោកនឹងមិនចាប់អារម្មណ៍អ្វីដែលទណ្ឌិត គឺលោក សម រង្ស៊ី និយាយឡើយ។
ឆ្លើយតបបញ្ហានេះ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងអះអាងថា ថ្វីបើស្ថានភាពនយោបាយដើរដល់ដំណាក់កាលនេះទៅហើយក៏ដោយចុះ ក៏គណបក្សសង្គ្រោះជាតិ នៅតែមានសង្ឃឹមថា ជំនួបអាចនឹងកើតឡើងបាន។ ជាងនេះទៀត គណបក្សប្រឆាំងនឹងព្យាយាមសម្របសម្រួល និងរកគ្រប់មធ្យោបាយធ្វើយ៉ាងណាដោះស្រាយវិបត្តិនេះ។
រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ នៅបន្តទទួលស្នាមមេដៃពីពលរដ្ឋនៅឡើយ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ។ ក៏ប៉ុន្តែមន្ត្រីគណបក្សនេះអះអាងថា គម្រោងហែស្នាមមេដៃនេះគឺពុំមានទេ។ លោក សុន ឆ័យ បញ្ជាក់ថា ការនៅទ្រឹងនេះគឺដោយសារនៅរង់ចាំការឆ្លើយពីព្រះបរមរាជវាំងចំពោះសំណើសុំចូលគាល់ព្រះមហាក្សត្រ និងទូលថ្វាយស្នាមមេដៃដោយផ្ទាល់វិញ។
មាត្រា៨ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ អស់ពេលជាច្រើនអាណត្តិណាស់មកហើយ នៅពេលប្រទេសមានវិបត្តិនយោបាយ ព្រះមហាក្សត្រគឺជាតួអង្គដ៏សំខាន់ក្នុងផ្សះផ្សាជម្លោះ។
ជុំវិញបញ្ហានេះ លោក សុន ឆ័យ មានមន្ទិលសង្ស័យថា ប្រការដែលព្រះមហាក្សត្រព្រះអង្គមានភាពស្ងប់ស្ងាត់នៅពេលនេះ ប្រហែលជាព្រះអង្គមានឧបសគ្គអ្វីមួយ ឬអាចថា ព្រះអង្គពិបាកព្រះទ័យ។ លោកបន្តថា អតីតព្រះមហាក្សត្រមុនព្រះអង្គក៏ធ្លាប់រងសម្ពាធផ្លូវនយោបាយដែរ ដែលជាហេតុធ្វើឲ្យព្រះអង្គពុំមានសិទ្ធិអ្វីក្នុងការចាត់ចែងចំពោះព្រះរាជកិច្ចរបស់ព្រះអង្គដោយផ្ទាល់នៅពេលនោះ។ លោកបន្តថា «យើងមិនដឹងថា តើព្រះអង្គមានការលំបាកអ្វីខ្លះ? ដូច្នេះបានយើងចង់ជួបផ្ទាល់ ដើម្បីបានទូលថ្វាយលោក ដើម្បីកុំឲ្យមានការចោទប្រកាន់ដោយអយុត្តិធម៌ណាមួយចំពោះព្រះមហាក្សត្រយើង។ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំធ្លាប់បានថ្វាយបង្គំព្រះមហាក្សត្រព្រះករុណាឪកន្លងទៅ លោកធ្លាប់ត្អូញត្អែរអំពីក្រុមប្រឹក្សាអង្គចៅក្រម ដែលព្រះអង្គមិនមានអំណាចអ្វីដើម្បីឲ្យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បំពេញតួនាទីដើម្បីធានានូវឯករាជភាពនៃតុលាការហ្នឹងជាដើម»។
ទាក់ទិនបញ្ហានេះ ជាញឹកញាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រតិកម្ម និងរិះគន់សែស្រឡាយរាជវង្សមួយចំនួនដែលលូកដៃ និងចូលប្រឡូកក្នុងវិស័យនយោបាយ។ ទោះជាបែបណា ក្នុងអំឡុងខែតុលា ឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់ព្រមានដូររបបរាជនិយមទៅជារបបសាធារណៈម្ដងរួចមកហើយ។ កាលណោះលោក ហ៊ុន សែន ខឹងសម្បានឹងព្រះមហាក្សត្រព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលទ្រង់មិនយល់ព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបន្ថែមព្រំដែនកម្ពុជា-វៀតណាម។
អ្នកវិភាគនយោបាយ យល់ឃើញថា ការបន្តបកស្រាយច្បាប់ពីមួយទៅមួយ ខុសទិសដៅគ្នាបែបនេះ បញ្ជាក់ថា ខ្លឹមសារនៃច្បាប់កាន់តែមានភាពទន់ជ្រាយ។ មិនតែប៉ុណ្ណោះ ការអនុវត្តច្បាប់ដែលមានភាពស្រពេចស្រពិលដូច្នេះ នឹងធ្វើឲ្យប្រទេសជួបនូវវិបត្តិ និងគ្រោះថ្នាក់បំផុត។
លោក កែម ឡី ចាត់ទុកថា នេះជាប្រផ្នូលមិនល្អឡើយ ដែលច្បាប់ក្លាយជាចំណាប់ខ្មាំងរបស់អ្នកនយោបាយទៅហើយនោះ។ ម្យ៉ាងវិញទៀត នៅពេលច្បាប់ក្លាយជាឧបករណ៍របស់អ្នកនយោបាយ នឹងរុញស្ថានការណ៍ឲ្យក្លាយទៅជាវិបត្តិសង្គម។ វិបត្តិសង្គមកើតឡើង អ្នកដែលរងគ្រោះគឺពលរដ្ឋជាម្ចាស់ឆ្នោតតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
