មន្ត្រី​បក្ស​ប្រឆាំង​ថា​ជំនួប​ពួកគេ​ជាមួយ​លោក សម រង្ស៊ី នៅ​ហុងកុង​ជា​ជំនួប​ចុង​ក្រោយ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ជំនួប​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ជាមួយ​លោក សម រង្ស៊ី ជា​ជំនួប​ចុង​ក្រោយ​ហើយ។ ការ​លើក​ឡើង​ដូច្នេះ ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជិត ៤០​នាក់ នាំ​គ្នា​ស្កាត់​ទៅ​ជួប​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ហុងកុង ដែល​នៅ​ពេល​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ និង​អ្នក​ផ្សេង​ទៀត​កំពុង​ជួប​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី នៅ​ឡើយ។

​​បើ​ទោះ​ជា​ច្បាប់​គណបក្ស​នយោបាយ​កែប្រែ​ថ្មី​មិន​ទាន់​ចូល​ជា​ធរមាន ដែល​ច្បាប់​នេះ​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ ដក​រូប សំឡេង និង​សកម្មភាព​របស់​ទណ្ឌិត​ចេញ​ពី​គណបក្ស​ក្តី។ ប៉ុន្តែ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ យល់​ថា ការ​ជួប​គ្នា​របស់​អ្នកស្រី​ជាមួយ​លោក សម រង្ស៊ី ដែល​សព្វថ្ងៃ​លោក​កំពុង​មាន​ទោស​នោះ គឺ​ជា​ជំនួប​ចុង​ក្រោយ។

ទោះ​បែប​នេះ​ក្តី អ្នកស្រី មូរ សុខហួរ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​អ្នកស្រី​ថា ជំនួប​នេះ​ក៏​មិន​មែន​ជា​ជំនួប​ផ្លូវការ​អ្វី​ដែរ។ យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​វិភាគ​នយោបាយ​យល់​ថា កិច្ច​ប្រជុំ​ដ៏​កម្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​រូប ទៅ​ជួប​លោក សម រង្ស៊ី ដូច្នេះ​អាច​នឹង​និយាយ​ទាក់ទង​នឹង​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដែល​ហាម​ទណ្ឌិត​កុំ​ឲ្យ​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ និង​ផែនការ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។

អ្នកស្រី មូរ សុខហួរ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា គឺ​ក្រោយ​ពេល​អ្នកស្រី​បាន​ជួប​លោក សម រង្ស៊ី ថា ទោះ​គណបក្ស​សង្គ្រោះ​ជាតិ មើល​ឃើញ​ថា ការ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​គោរព​តាម។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ មិន​ទាន់​ប្រាប់​ពី​គម្រោង​ដក​រូប សំឡេង និង​សកម្មភាព​របស់​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ណា និង​ថា​តើ​កាត់​ផ្ដាច់​ទំនាក់ទំនង​លោក សម រង្ស៊ី ដោយ​របៀប​ណា​នៅ​ឡើយ​ទេ៖ «ជា​ចុង​ក្រោយ​ហើយ​ចំពោះ​ខ្ញុំ ដូច្នេះ​ទើប​យើង​ប្រញាប់ប្រញាល់​ទៅ (ហុងកុង)។ យើង​ត្រឡប់​មក​វិញ​ធ្វើ​ការងារ​នៅ​មូលដ្ឋាន»

ដូច​គ្នា​នេះ​ដែរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​លោក សម រង្ស៊ី តាម​ហ្វេសប៊ុក (Facebook) របស់​លោក កាល​ពី​យប់​ទី​១៤ ខែ​កក្កដា ថា៖ «មនុស្ស​ដែល​ពួក​យើង និង​ប្រជាពលរដ្ឋ​គោរព ស្រលាញ់ មិន​អាច​បំភ្លេច​បាន​ឡើយ ទោះ​បី​បន្តិច​ទៀត​នេះ​ច្បាប់​តម្រូវ​ឲ្យ​យើង​ដក​រូប សំឡេង និង​សកម្មភាព​របស់​គាត់​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ»

ក្នុង​រូបភាព​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជិត ៤០​នាក់ បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ទីក្រុង​ហុងកុង ហើយ​ត្រូវ​បាន​បង្ហោះ​ដោយ​មន្ត្រី​គណបក្ស​នេះ មិន​ឃើញ​មាន​រូប​លោក កឹម សុខា នៅ​ទី​នោះ​ទេ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ជំនួប​រវាង​លោក សម រង្ស៊ី ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​ជំនួប​ចុង​ក្រោយ ដូច្នេះ​លោក​ថា ជំនួប​នេះ​អាច​ជា​សារ​នយោបាយ​បង្ហាញ​ទៅ​គណបក្ស​នយោបាយ​ជា​គូប្រកួត​ប្រជែង​ថា លោក សម រង្ស៊ី នៅ​តែ​ជា​មេ​ដឹក​នាំ​នយោបាយ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក្តី។ ទោះ​មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ជំនួប​ពួកគេ​ជា​ការ​ជួប​គ្នា​ធម្មតា ប៉ុន្តែ​លោក សូ ចន្ថា លើក​ឡើង​ថា គណបក្ស​នេះ​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្រើន​ទៀត ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​បាន៖ « គណបក្ស​មួយ​នេះ​គួរ​មាន​យុទ្ធសាស្ត្រ​បែប​ណា​ត្រៀម​ខ្លួន​ដើម្បី​បញ្ចៀស​បាន​ទណ្ឌកម្ម ឬ​ការ​សម្រេច​មួយ​ចំនួន​ដែល​អាច​ជា​ការ​រំលាយ​គណបក្ស​ដែល​ផ្អែក​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី»

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ យ៉ាង​ប្រញាប់​តាម​ការ​ចង់​បាន​របស់​ប្រធាន​របស់​ខ្លួន គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយ​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ពេល​នេះ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ដល់​ដៃ​ព្រឹទ្ធ​សភា​ហើយ។

ខ្លឹមសារ​ដែល​កែប្រែ​ថ្មី ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។

ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​ធ្វើ​ច្បាប់​នេះ​មិន​សំដៅ​ទៅ​លើ​បុគ្គល​ណា​មួយ​ឡើយ ប៉ុន្តែ​លោក​ថា នៅ​ពេល​នេះ ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន កុំ​ថា​ឡើយ​ដក​រូប សំឡេង លោក សម រង្ស៊ី សូម្បី​ស្រមោល​លោក សម រង្ស៊ី ក៏​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កាត់​ផ្ដាច់​ចេញ​ដែរ ត្បិត​អី​លោក សម រង្ស៊ី ជា​ទណ្ឌិត៖ « មិន​ឲ្យ​មក​រូបភាព សំឡេង ស្រមោល ឬ​មួយ​ក៏​វីដេអូ​ឃ្លីប​មក​ដាក់​ដូច​មុន​បាន​ទេ»

ចំណែក​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការ​អនុម័ត​វិសោធនកម្ម​លើក​ទី​ពី​រលើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថា កំពុង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​លោក​រំពឹង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ឈរ​ឱប​ដៃ​មើល​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​បាន​នោះ​ទេ។

លោក សម រង្ស៊ី សព្វថ្ងៃ​កំពុង​ជាប់​ទោស​យ៉ាង​ច្រើន​ពី​តុលាការ​ក្រុង​ភ្នំពេញ ដែល​តុលាការ​រង​ការ​ចោទ​ប្រកាន់​ថា ទទួល​សម្ពាធ​ពី​អ្នក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។