ការសម្រេចចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង របស់គណបក្សសង្គ្រោះជាតិ ត្រូវបានប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិលសំដែងទស្សនៈខុសគ្នាៗ អំពីការសម្រេចចូលប្រជុំសភានេះ។ ការគ្រោងចូលសច្ចាប្រណិធាននៅមុខព្រះភក្គ្ររបស់ព្រះមហាក្សត្ររបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនេះ នៅខណៈដែលតុលាការចាប់សកម្មជនគណបក្សនេះចំនួន ៣រួបយកទៅឃុំខ្លួននៅឡើយ។
ក្រុមប្រជាពលរដ្ឋ និងអ្នកវិភាគលើកឡើងស្រដៀងគ្នាថា គណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើសមាជប្រជាពលរដ្ឋម្ដងទៀត មុននឹងសម្រេចចិត្តចូលស្បថចូលកាន់តំណែងក្នុងសភានេះ។
ប្រជាពលរដ្ឋមួយចំនួនបញ្ចេញប្រតិកម្មចំពោះការសម្រេចចិត្តចូលសច្ចាប្រណិធានរបស់គណបក្សសង្គ្រោះជាតិ នៅខណៈដែលមិនទាន់លទ្ធផលច្បាស់លាស់អំពីការកែទម្រង់ គ.ជ.ប ថ្មីនេះ។
ប្រជាពលរដ្ឋនិងមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ចង់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសមាជមហាជនជាមុនសិនមុននឹងចូលប្រជុំសភានេះ។
ការលើកឡើងដូច្នេះ ធ្វើឡើងភ្លាមៗ ក្រោយពេលលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំងចេញលិខិតជូនទៅរដ្ឋសភាស្ដីពីការរៀបចំពិធីសច្ចាប្រណិធានជូនអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប នៅថ្ងៃទី៥ សីហា វេលាម៉ោង ៤រសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។ ការរៀបចំពិធីសច្ចាប្រណិធាននេះ ធ្វើឡើងទៅតាមការស្នើសុំរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈប្រធានរដ្ឋសភា។
ប្រជាពលរដ្ឋនៅខែត្រសៀមរាប លើកឡើងថា ការសម្រេចចិត្តចូលប្រជុំសភា ឬចូលសច្ចាប្រណិធាននេះ លុះត្រាណាគណបក្សសង្គ្រោះជាតិ មានកិច្ចព្រមព្រៀងអំពីការកែទម្រង់ គ.ជ.ប ថ្មីឲ្យបានច្បាស់លាស់ជាមុនសិន ដែលជាទីទុកចិត្តពីប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា បើសិនជាគណបក្សសង្គ្រោះជាតិ គ្មានជំហរច្បាស់លាស់ទេ គណបក្សនេះនឹងបាត់ប្រជាប្រិយភាពរបស់ខ្លួន៖ «បើសិនជាចូលទៅដើម្បីតែតំណែង ដើម្បីជាផលប្រយោជន៍ អត់គាំទ្រទេ ខ្ញុំជាប្រជាពលរដ្ឋ។ បើចូលទៅដើម្បីកែ គ.ជ.ប ៤ និង ៤ និង ១ អាហ្នឹងខ្ញុំទទួលយកមិនបានទេ»។
ប្រជាពលរដ្ឋមួយចំនួនទៀតឲ្យដឹងថា ពួកគាត់គោរពតាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំពោះការចូលប្រជុំសភា ឬមិនចូលនេះ។
ប្រជាពលរដ្ឋឈ្មោះ ចាន់ សុខអ៊ីន នៅស្រុកកងមាស ខែត្រកំពង់ចាម និយាយថា លោកចាំមើលការអនុវត្តរបស់គណបក្សប្រឆាំងក្រោយពេលចូលសភា ថាតើពួកគាត់អាចធ្វើអ្វីៗបានដូចការសន្យាដែរទេ?
លោកបញ្ជាក់ថា បញ្ហាសំខាន់នៅត្រង់ថា តើគណបក្សសង្គ្រោះជាតិ មានលទ្ធភាពកែទម្រង់ គ.ជ.ប ថ្មី ដូចដែលខ្លួនចង់បានដែរឬអត់៖ «ចំពោះគណបក្សសង្គ្រោះជាតិ មើលឃើញថា បើនៅក្រៅទៀត គណបក្សប្រជាជន ចេះតែអុកឡុកអ៊ីចឹងហើយណាគាត់មិនអាចចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋបានទេ កន្លងមកយើងឃើញតែអ៊ីចឹងហើយ»។
ក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាលើចំណុចមួយចំនួននៃការជួបពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅព្រឹកថ្ងៃទី៤ សីហា នេះ រួមមាននឹងរៀបចំការប្រជុំរដ្ឋសភា បន្ទាប់ពីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចូលសច្ចាប្រណិធាននៅព្រះបរមរាជវាំង ដើម្បីបោះឆ្នោតអនុម័តសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ បោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំរដ្ឋសភាតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។
អនុម័តសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មករដ្ឋធម្មនុញ្ញមាត្រា ៧៦ និងបង្កើតជំពូកទី១៥ថ្មី ទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោត។ ធ្វើការបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដើម្បីឲ្យគណៈកម្មាធិការនេះចូលរួមជួយរៀបចំសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងសេចក្ដីស្នើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងករណីផ្សេងៗ មួយចំនួនទៀត។
ប្រធានគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការសម្រេចចិត្តចូលសភារបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះអាចមានហេតុផលពីរទី១ បំពេញតួនាទីក្នុងនាមជាតំណាងរាស្ត្រ និងទី២ រកយុទ្ធសាស្ត្រ ដើម្បីរកវិធីដោះស្រាយនូវបញ្ហាអយុត្តិធម៌៖ «ការសម្រេចចិត្តចូលស្បថនេះទី១ ទាក់ទងនឹងការសម្រេចចិត្តរបស់គណបក្សទាំងមូល និងដើម្បីការដោះស្រាយបញ្ហាជាប់គាំងតែយ៉ាងណាក៏ដោយ ក៏ទទួលរងការរិះគន់ទាំងមូលដែរ»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការសម្រេចចិត្តចូលសភារបស់គណបក្សសង្គ្រោះជាតិនេះ ហាក់បីដូចជាបត់លឿនពេក ដោយផ្អែកលើបរិយាកាសនយោបាយនៅពេលមានការចាប់ខ្លួនសកម្មជនរបស់ខ្លួន។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវតែរក្សាជំហរតស៊ូបន្ថែមទៀតក្នុងការទាមទារយុត្តិធម៌ជូនសមាជិករបស់ខ្លួននិងប្រជាពលរដ្ឋ៖ «ត្រូវរក្សាជំហរអាហ្នឹងសំខាន់ណាស់នយោបាយបើបត់បែនតាមកាលៈទេសៈជារួមគណបក្សប្រជាជនធ្វើអីស្រេចតែចិត្តហើយម្យ៉ាងទៀតគាត់ចូលនៅពេលនេះការចរចារបស់ក្រុមការងារទាំងបីក៏មិនទទួលបានជោគជ័យដែរ»។
អ្នកវិភាគលើកឡើង មូលហេតុសំខាន់ដែលបង្ខំឲ្យគណបក្សសង្គ្រោះជាតិ ចូលសភានេះ ដោយសាររដ្ឋាភិបាលបន្តចាប់ខ្លួនសកម្មជនរបស់ខ្លួន ៣នាក់ ដាក់ពន្ធនាគារ និងសើរើឡើងវិញចំពោះបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការដឹកនាំធ្វើបាតុកម្មកាលពីថ្ងៃទី១៥ កក្កដា ក្នុងនោះ រួមទាំងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
យ៉ាងនេះក្ដី អ្នកវិភាគសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ ហាក់មានជំហរមិនរឹងមាំចំពោះករណីនេះ បើសិនជាគណបក្សសង្គ្រោះជាតិ មានជំហររឹងមាំសុខចិត្តឲ្យតុលាការចាប់ខ្លួនសមាជិករបស់ខ្លួនមិនចូលសភានោះ គណបក្សនេះនឹងមានអ្នកគាំទ្រកាន់តែច្រើនថែមទៀត ហើយឆ្លុះបញ្ចាំងថា គណបក្សសង្គ្រោះជាតិ ធ្វើនយោបាយមិនដើម្បីចាញ់បោកនយោបាយរបស់គួរប្រកួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
