សកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម លោក ម៉ៅ វ៉ុន បានឱ្យដឹងថា នៅយប់ថ្ងៃទី២ ធ្នូ មានជនមិនស្គាល់មុខបានយកដុំថ្មមកគប់លើផ្ទះរបស់គាត់ជាច្រើនដុំ មិនតែប៉ុណ្ណោះ ស្លាកសញ្ញាបក្សសង្គ្រោះជាតិ ដែលដាក់នៅក្បែរនោះ ក៏ត្រូវជនមិនស្គាល់មុខយកដុំដីគប់ទៅលើដែរ។
លោកចាត់ទុកករណីនេះ ថាគឺជាការគំរាមកំហែងផ្នែកនយោបាយ គឺដោយសារមិនចង់ឱ្យលោកនិងអ្នកផ្សេងទៀតបន្តគាំទ្របក្សប្រឆាំង៖ «អត់ដែលមានផង ទើបតែខ្ញុំចូលទៅសង្គ្រោះជាតិហ្នឹង ហើយការបោះឆ្នោតហ្នឹង ខ្ញុំសង្កេតការណ៍ ខ្ញុំហែគណបក្សហ្នឹង ដូចថា ខ្ញុំហ្នឹងឈានមុខជាងគេនៅក្នុងភូមិណា! បើតាមមើលបែបជាការគំរាមកំហែងតែម្ដង ពីព្រោះខ្ញុំមិនដែលមានបញ្ហានៅក្នុងភូមិផង។ អ៊ីចឹងករណីនេះ ទើបតែកើតមានយប់មិញហ្នឹង មុនៗមិនដែលមានបញ្ហាអីទេ»។
ទាក់ទងបញ្ហានេះ ជំទប់ទី១ ឃុំតាអុង លោក ស៊ុំ ម៉ាច បានមានប្រសាសន៍ថា ខាងលោកបានរៀបចំសរសេរពាក្យបណ្តឹងដាក់ជូនទៅប៉ុស្តិ៍រដ្ឋបាលនៅឃុំតាអុង នៅថ្ងៃទី៤ ធ្នូ និងដាក់សំណុំរឿងទៅសាលាឃុំទៅតាមការស្នើរបស់ម្ចាស់ផ្ទះ ដើម្បីជាការពារខ្លួនទុកជាមុន ពីព្រោះគាត់ខ្លាចថា នឹងអាចមានករណីបែបនេះកើតឡើងតទៅទៀត។
ចំពោះបញ្ហានេះ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ចាម លោក សេង ស៊ាងលី បានឱ្យដឹងដែរថា នៅក្រោយពេលបោះឆ្នោត គឺមានករណីបែបនេះនៅតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្តកំពង់ចាម។ លោកបន្ថែមទៀតថា រឿងគប់ផ្ទះនិងស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ គឺជាការបំភិតបំភ័យផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
