សេចក្ដីប្រកាសរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ថា អាជ្ញាធរនគរបាលស្រុកពញាឮ ខេត្តកណ្ដាល បានទៅឡោមព័ទ្ធផ្ទះ និងចាប់ខ្លួនលោក ប៊ុត សុខន ជាសកម្មជនគណបក្សសង្គ្រោះជាតិ ដោយគ្មានដីកាតុលាការ។
ការចាប់ខ្លួនលោក ប៊ុត សុខន នាំឲ្យមានអ្នកគាំទ្ររូបលោករាប់រយនាក់រស់នៅមូលដ្ឋានជាមួយគ្នានៅឃុំព្រែកតាទែន ស្រុកពញាឮ លើកគ្នាមកតវ៉ាដល់មុខអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកក្កដា ដើម្បីទាមទារដោះលែងលោក ប៊ុត សុខន ឲ្យមានសេរីភាពវិញ។
បេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្ដាល គណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ មានប្រសាសន៍ថា លោក ប៊ុត សុខន ជាសកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំព្រែកតាទែន ហើយបានចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី២៦ ខែមិថុនា មក។
លោកច្រានចោលចំពោះការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាចដែលចោទថា លោក ប៊ុត សុខន បានប្រើអំពើហិង្សាទៅលើសកម្មជនបក្សប្រជាជនកម្ពុជា ជារឿងប្រឌិតខុសការពិត ដោយបានប្រៀបប្រដូចពាក្យចាស់លោកថា ស្វាស៊ីបាយលាបមាត់ពពែ៖ «វាដឹងខ្ញុំគិតថា វាចាប់ហ្នឹងយកទៅធ្វើជាព្រឹត្តិការណ៍នយោបាយទេ។ ព្រោះថា អធិការស្រុកពញាឮហ្នឹង គាត់បានសរសេរលិខិតមួយឲ្យយុវជនឈ្មោះ ប៊ុត សុខន ហ្នឹងទៅជួបគេនៅថ្ងៃទី១៨ ខែកក្កដា វេលាម៉ោង ៨ព្រឹក។ ប៉ុន្តែមិនទាន់ដល់ថ្ងៃទី១៨ ផង ទើបតែថ្ងៃទី១៧ ត្រូវគេចាប់ខ្លួនតែម្ដង»។
គណបក្សសង្គ្រោះជាតិ បានចាត់ទុកការចាប់ខ្លួនលោក ប៊ុត សុខន ថាជាការគំរាមកំហែងផ្នែកនយោបាយថ្មីមួយទៀត នៅក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សកាន់អំណាច បន្ទាប់ពីបានចាប់ខ្លួនសកម្មជនរបស់ខ្លួនចំនួន ៦នាក់ នៅខេត្តកំពត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ឌួង សេង អធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល ដើម្បីបំភ្លឺបានទេ ជុំវិញការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី១៧ ខែកក្កដា។
អ្នកស្រី មុត ពិសិត្ថ មេធាវីសមាគមអាដហុក (Adhoc) ការពារក្តី លោក ប៊ុត សុខន មានប្រសាសន៍ថា រហូតមកដល់ពេលនេះ កូនក្តីអ្នកស្រីត្រូវបានគេបញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល បាត់ទៅហើយ ហើយថា រហូតមកដល់ពេលនេះ អ្នកស្រីមិនទាន់បានជួបលោក ប៊ុត សុខន នៅឡើយទេ៖ «ប៉ុន្តែឥឡូវនេះមិនទាន់បានជួបជាមួយកូនក្តីនៅឡើយទេ។ តែគេថា រូបគាត់ត្រូវគេបញ្ចូលទៅកាន់ពន្ធនាគារខេត្តកណ្ដាល បាត់ទៅហើយ។ ខ្ញុំអត់ទាន់បានជួបមុខគាត់ផង។ ចេញជាដីកាជាអី គឺយើងអត់ទាន់បានទទួល។ ខ្ញុំទើបបានមកដល់មិនទាន់បានទៅជួបគាត់ទេ គឺកំពុងធ្វើការងារហ្នឹង»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក ដែលបានតាមឃ្លាំមើលការចាប់ខ្លួនសកម្មជនបក្សសង្គ្រោះជាតិ លោក ប៊ុត សុខន ថាជាសញ្ញាគួរឲ្យព្រួយបារម្ភ និងមានភាពតក់ក្រហល់។
លោកបញ្ចេញទស្សនៈថា ករណីលោក ប៊ុត សុខន គួរតែស្ថាប័នរៀបចំការបោះឆ្នោតជាអ្នកចេញមុខសម្របសម្រួល និងរកដំណោះស្រាយ៖ «ជំពូក៧ បើខ្ញុំចាំបាន នៅមាត្រា ៧១ គឺគេនិយាយអំពី ប្រសិនបើមានកើតមានភាពប្រទាំងប្រទើសគ្នានៅក្នុងដំណាក់កាលបោះឆ្នោតហ្នឹង គឺវាជាកាតព្វកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬក៏យើងអាចអនុវត្តតាមដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។ ប៉ុន្តែបើសិនជាអំពើហិង្សាដែលវាកើតចេញមកមិនមែនជាអ្នកបោះឆ្នោត ឬសកម្មជនទេ អាហ្នឹងវាត្រូវតែអនុវត្តទៅតាមនីតិវិធីព្រហ្មទណ្ឌហើយ។ ជាទស្សនៈរបស់ខ្ញុំ បើសិនជាការស៊ើបអង្កេតលឿន ហើយធ្វើការងារដោយមិនសព្វជ្រុងជ្រោយតាមនីតិវិធី វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល វាអាចជះឥទ្ធិពលមួយទៀត គឺដោយសារតែរឿងនិន្នាការនយោបាយនេះឯង ដែលអាចនាំឲ្យកើតមានអំពើនេះឡើង»។
យ៉ាងណាក៏ដោយ ការចាប់ខ្លួននេះ គណបក្សសង្គ្រោះជាតិ បានថ្កោលទោសចំពោះទង្វើរំលោភបំពានយ៉ាងអយុត្តិធម៌មកលើលោក ប៊ុត សុខន ជាសកម្មជនបក្សសង្គ្រោះជាតិ និងអំពាវនាវឲ្យសមត្ថកិច្ចដោះលែងលោក ប៊ុត សុខន ជាបន្ទាន់។ ជាងនេះ បក្សសង្គ្រោះជាតិ ក៏បានស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ត្រូវពង្រឹងតួនាទី និងសមត្ថកិច្ចរបស់ខ្លួនដើម្បីទប់ស្កាត់កុំឲ្យគណបក្សកាន់អំណាចនៅស្រុកពញាឮ ខេត្តកណ្ដាល រំលោភបំពានមកលើគណបក្សសង្គ្រោះជាតិតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
